en     km
en     km

រដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ ឯកភាពគ្នាស្នើសុំបារាំងប្ដូរខ្នាតផែនទី

Share

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពេញមួយថ្ងៃ កាលពីម្សិលមិញ ភាគីកម្ពុជា និងឡាវ​ បានសម្រេចឯកភាពគ្នាលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរដាក់ជូនរដ្ឋាភិបាលបារាំង ដើម្បីសុំអ្នកជំនាញមកជួយប្តូរខ្នាតផែនទីកម្ពុជាពីខ្នាត ១ លើ ១០០ពាន់ មកខ្នាត ១ លើ ៥០ពាន់។ នេះបើតាមអង្គភាពសារព័ត៌មានមួយដែលលស្និទ្ធនិងរដ្ឋាភិបាលធ្វើការចុះផ្សាយកាលពីល្ងាចថ្ងៃទី ៥ កញ្ញា ២០១៧ ម្សិលមិញ។

ក្នុងសន្និសីទព័ត៌មានរួមគ្នានេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្ដីការបរទេសកម្ពុជា និង លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្ដីការបរទេសឡាវ បានបញ្ជាក់ថា ក្រៅពីការឯកភាពលើពង្រាងលិខិតសម្រាប់នាយករដ្ឋមន្រ្តីស្នើទៅរដ្ឋាភិបាលបារាំងហើយនោះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាទៅលើចំណុចមួយចំនួនទៀត គឺ ការប្រគល់ភារកិច្ចឲ្យគណៈ កម្មាធិការព្រំដែនចម្រុះនៃប្រទេសទាំងពីរ ចុះទៅដល់កន្លែងខ្វែងគំនិតនៅក្នុងតំបន់អូរតាង៉ាវនៃខេត្តស្ទឹងត្រែង និងខេត្ត ចំប៉ាសាក់ ដើម្បីពិនិត្យ និងដោះស្រាយផងដែរ។

សូមបញ្ជាក់ថា ជំនួបរវាងរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា-ឡាវ បានធ្វើឡើងក្រោយពីមានជំនួបរវាងសម្តេច ហ៊ុន សែន និងនាយករដ្ឋមន្រ្ដីឡាវ លោក ថោងលន់ ស៊ីសូលីត កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ នៅវិមានសន្តិភាព។

ក្នុងជំនួបរវាងនាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរកាលណោះ បានជជែកយ៉ាងច្រើនលើបញ្ហាព្រំដែនប្រទេសទាំងពីរ ហើយក៏បានព្រមព្រៀងគ្នាធ្វើលិខិតស្នើទៅរដ្ឋាភិបាលបារាំងស្នើសុំអ្នកជំនាញជួយប្តូរខ្នាតផែនទីប្រទេសទាំងពីរ ពីខ្នាត ១ លើ ១០០ពាន់ មក ១ លើ ៥០ពាន់ វិញផងដែរ។ ប្រទេសកម្ពុជាមានព្រំដែនជាប់នឹងប្រទេសឡាវប្រវែង ៥៤០គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ១៤៥បង្គោល ហើយបច្ចុប្បន្ននេះ ប្រទេសទាំងពីរក៏បានបោះបង្គោលចំនួន ១២១ ហើយដែរ៕

 

Share

Image
Image
Image