ខណៈតម្លៃដំឡុងមីនៅកម្ពុជានៅតែបន្តធ្លាក់ថ្លៃ និងគ្មានទីផ្សារ ក្រសួងពាណិជ្ជកម្មកម្ម និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានពិភាក្សាគ្នា ដើម្បីរៀបចំបង្កើតគោលនយោបាយជាតិដំឡូងមីកម្ពុជា។ គោលនយោបាយនេះ នឹងជួយជំរុញការអភិវឌ្ឍដំឡូងមីប្រកបដោយនិរន្តភាព និងបង្កើនតម្លៃសេដ្ឋកិច្ចសម្រាប់កម្ពុជា ជាពិសេសសគ្រាសខ្នាតតូច និងធម្យម, អ្នកវិនិយោគ, និងប្រជាកសិករដាំដុះដំឡូងមី។
លោកប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជកម្ម បានថ្លែងនៅក្នុងកិច្ចប្រជុំនៅព្រឹកនេះថាដំណាំដំឡូងមីគឺជាផលិតផលដ៏មានសក្ដានុពលរបស់ប្រទេសកម្ពុជាទីពីរ បន្ទាប់ពីស្រូវ ប៉ុន្តែដំណាំនេះហាក់ស្ថិតក្នុងដំណាក់កាលអស់សង្ឃឹម ដែលទាមទារឱ្យរួបរួមគ្នារៀបចំ គោលនយោបាយមួយឲ្យបានច្បាស់លាស់ ដើម្បីជាប្រយោជន៍ក្នុងការផលិតសម្រាប់បម្រើ ទីផ្សារទាំងក្នុងនឹងក្រៅប្រទេស។
លោកបញ្ជាក់ថា បញ្ហាប្រឈមដែលធ្វើឲ្យដំឡូងមីនៅកម្ពុជាធ្លាក់ថ្លៃនាពេលកន្លងមក ដោយសារតម្រូវការទីផ្សារ ការមិនមានលទ្ធភាពឈានចូលទីផ្សារ ភាពទន់ខ្សោយពីលក្ខខណ្ឌចង្វាក់តម្លៃ កង្វះពត៌មានទីផ្សារ ការផ្គត់ផ្គង់មិនទៀងទាត់ និងគុណភាពដំឡូងមានការប្រែប្រួល។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរូបនេះបន្ថែមថា ទីផ្សារដំឡូងមីក្នុងតំបន់ នឹងពិភពលោកបានបង្ហាញពីតម្រូវការខ្ពស់តាម ប្រភេទមុខទំនិញ ដែលជាឱកាសនិងជាច្រកទីផ្សារថ្មីសម្រាប់ប្រទេសកម្ពុជា ក្នុងការចាប់ ផ្ដើមពង្រឹងផលិតកម្ម ពង្រីកការកែច្នៃផលិតផល និងពង្រឹងសមត្ថភាពនាំចេញ ក្នុងឆន្ទៈ ឆ្ពោះទៅរកទីផ្សារដែលមានតម្លៃខ្ពស់ដូចផលិតផលម្ស៉ៅមីជាដើម។
ចំណែកលោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានលើកឡើងថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយដែលដាំដំឡុងមី មិនចាញ់ខេត្តដ៏ទៃនោះទេ។ លោកបានឱ្យដឹងថា បច្ចុប្បន្នតម្លៃ ដំឡូងសើមក្នុងមួយគីឡូក្រាមគឺ១៨០រៀល និងតម្លៃដំឡូងក្រៀម ៤៧០រៀលក្នុងមួយគីឡូក្រាម។
លោកបន្តថាកន្លងមកដោយសារតែគ្មានយន្តការរៀបចំឱ្យបានច្បាស់លាស់ ក្នុងការដោះស្រាយឱ្យប្រជាពលរដ្ឋ បានធ្វើឱ្យកសិករដែលដាំដំឡូងមីជួបវិបត្តិសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។
លោកយល់ថា យន្តការនេះនឹងអាចជួយមួយផ្នែកធំដល់កសិករដាំដំឡូង ឱ្យមានភាពរឹងមាំ និងមានស្ថិរភាព ដែលធ្វើឱ្យដំណាំដំឡូងមានទិន្នផលខ្ពស់ និងតម្លៃសមរម្យ ធ្វើឱ្យកសិករទទួលបានផលចំណេញ។
លោកបន្តថា បន្ទាប់ពីមានយន្តការនេះហើយ លោកចង់ឱ្យរៀបចំឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យមានសមតុល្យរវាងប្រទេសជិតខាង ជាពិសេសធ្វើឱ្យមានគុណធម៌ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ ។
ចំណែក លោកឡុង ហ៊ាងប្រធានសមាគមស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានប្រសាសន៍ថា បញ្ហាតម្លៃដំឡូងមីនៅខេត្តបាត់ដំបងនៅតែមានបញ្ហាប្រឈម ដែលធ្វើឲ្យកសិករមួយចំនួន ចំណាកស្រុកនិងជំពាក់បំណុល ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល។ លោកបន្តថា ដោយសារតែបញ្ហានេះ បានធ្វើឲ្យកសិករមួយចំនួនបោះបង់ការដាំដំឡូង។
លោក នីក បឺរីសហ្វតតំណាងអង្គការ UNDP បានគូសបញ្ជាក់ថា ដំឡួងមីបានរួមចំណែកក្នុងកំណើនGDP ។ លោក បន្តថាដើម្បីកាត់បន្ថយហានិភ័យក្នុងការធ្លាក់ថ្លៃដំឡូងគឺ កសិករត្រូវបង្កើតជាសហករឬសហគមន៍ ដើម្បីធ្វើឲ្យមានភាពរឹងមាំ កាត់បន្ថយការ ចំណាយ និងទទួលបានតម្លៃរឹតតែប្រសើរជាងមុន។ ជាមួយគ្នានេះដែរ ទាមទារឲ្យមានការពង្រីកទីផ្សារនាំចេញ និងស្រាវជ្រាវទីផ្សារពីប្រទេសជិតខាង។
លោកបញ្ជាក់ថា UNDP តាំងចិត្តក្នុងការជួយក្រសួងពាណិជ្ជកម្ម លើការពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីដឹកនាំរៀបចំ និងអនុវត្តន៍គោលនយោបាយដំឡូងមី រួមទាំងការអភិវឌ្ឍចង្វាក់តម្លៃ និងការពង្រីកទីផ្សារសម្រាប់ដំណាំដ៏មានសក្តានុពលនេះ។
ដំឡូងមីត្រូវបានគេទទួលស្គាល់ជាកសិកផលប្រចាំសតវត្សទី២១ ដោយវាត្រូវបានដាំដុះរាប់តាំងពីលក្ខណៈគ្រួសារ រហូតដល់ការនាំចេញទ្រង់ទ្រាយធំ ដើម្បីបម្រើឧស្សាហកម្មម្ហូបអាហារ និងការផលិតប្រេងឥន្ធនៈអេតាណុល។ សម្រាប់ប្រទេសកម្ពុជា ការដាំដុះដំឡូងមី មានការរីកចម្រើនយ៉ាងគំហុកចាប់ពី ១៦ពាន់ហិតា នៅក្នុងឆ្នាំ២០០០ ដល់ទៅជាង ៦០០ពាន់ហិតា ហើយបានផ្តល់ទិន្នផលសរុប ១៣លានតោន កាលពីឆ្នាំ២០១៦៕