ភ្នំពេញ៖ រយៈពេល ៤ថ្ងៃ នៃដំណើរការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតសភាឆ្នាំ២០១៨ សង្គមស៊ីវិលសម្ដែងក្ដីព្រួយបារម្ភដោយអះអាងថា ចំនួនអ្នកចុះឈ្មោះមានតិចតូចនៅតាមការិយាល័យនីមួយៗ ក៏ប៉ុន្ដែ គ.ជ.ប ថា ការមើលឃើញរបស់សង្គមស៊ីវិលដូចនេះ គឺមិនពិតព្រោះសង្គមស៊ីវិលមិនមានការិយាល័យនៅទូទាំងប្រទេស។
ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោតសភានីតិកាលទី០៦ ឆ្នាំ២០១៨ និងអ្នកដែលគ្រប់អាយុហើយតែមិនបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦ ត្រូវចុះទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យឃុំ សង្កាត់របស់ខ្លួនដែលកំពុងរស់នៅចាប់ពីថ្ងៃទី០១ កញ្ញាតទៅ។
លោក សំ គន្ធាមី នាយកប្រតិបត្ដិគណៈកម្មាធិការអព្យាក្រឹត្យ និងយុត្ដិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិច មានប្រសាសន៍នៅថ្ងៃទី០៥ កញ្ញានេះថា ចំនួនពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតតាមការិយាល័យមួយចំនួនធំ គឺនៅតិចតូច ដែលជាការគួរឲ្យព្រួយបារម្ភ។ លោក សំ គន្ធាមី ៖«ជាទូទៅចំនួនអ្នកចុះឈ្មោះនៅតិចណាស់ នៅតាមការិយាល័យខ្លះមានតែ ៥ ទៅ ៦នាក់ ហើយការិយាល័យខ្លះមានតែ ២ ទៅ ៣នាក់ ។ យើងមានការព្រួយបារម្ភប្រសិនបើប្រជាពលរដ្ឋលោកមិនចាប់អារម្មណ៍ទៅចុះឈ្មោះបោះឆ្នោត»។
នាយកប្រតិបត្ដិ និកហ្វិច យល់ថា ការដែល ពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតមានចំនួនតិចតូចដូច្នេះ អាចបណ្ដាលមកពីបណ្ដាខេត្ដមានភ្លៀងធ្លាក់ច្រើន ពលរដ្ឋមិនបានទទួលដំណឹងពីការចុះឈ្មោះបោះឆ្នោតនេះ និងមួយវិញទៀតពលរដ្ឋដំអក់ដោយសំអាងលើវេលានៃការចុះឈ្មោះនៅរយៈពេលយូ។ តែយ៉ាងណាលោក សំ គន្ធាមី នៅតែបង្ហាញកង្វល់ករណីពលរដ្ឋមួយចំនួននៅមិនទាន់ទទួលព័ត៌មានពីការចុះឈ្មោះនេះ និងនីតិវិធីដើម្បីចុះឈ្មោះច្បាស់លាស់នៅឡើយ។
តែរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលោកបណ្ឌិត ហង្ស ពុទ្ធា មានប្រសាសន៍ថា អ្វីដែលអង្គការសង្គមស៊ីវិលមើលឃើញនាពេលនេះត្រឹមតែជាផ្នែកមួយប៉ុណ្ណោះ ដោយសារពួកគាត់មិនមានការិយាល័យតំណាងនៅទូទាំងប្រទេសនោះទេ។ អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា ពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតមានចំនួនច្រើន ដែលគិតពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ កញ្ញា ពលរដ្ឋទៅចុះឈ្មោះមានចំណួន ២,៥៨៩៩នាក់នៅទូទាំងប្រទេស។ លោកបណ្ឌិត ហង្ស ពុទ្ធា ៖«ខ្ញុំគិតថា គាត់មិនស៊ីជម្រៅទេដោយសារគាត់ចុះតែប៉ុន្មានការិយាល័យអញ្ចឹងណា តែសម្រាប់ គ.ជ.ប យើងធ្វើការនៅទូទាំងប្រទេស ឥឡូវហ្នឹង ២ម៉ីន ៦ពាន់នាក់ បើយកតួលេខចែកជាមួយនឹងបួន អញ្ចឹងក្នុងមួយថ្ងៃប្រមាណជាង ៦ពាន់នាក់បាទ»។
តែបែបនេះក្ដី គ.ជ.ប ទទួលស្គាល់ថា ខ្លួនបានផ្សព្វផ្សាយដំណឹងដល់ពលរដ្ឋហាក់យឺតយ៉ាវបន្ដិត ក៏ប៉ុន្ដែមកដល់ថ្ងៃនេះ អាជ្ញាធរឃុំ សង្កាត់ បានជូនដំណឹងស្ដីពីការចុះឈ្មោះបោះឆ្នោតដល់ពលរដ្ឋតាមមូលដ្ឋានពេញលេញហើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតប៉ាន់ប្រមាណថា ពលរដ្ឋដែលគ្រប់អាយុ ១៨ឆ្នាំឡើងទៅគិតដល់បោះឆ្នោតសភាពនីតិកាលទី០៦ នាខែកក្កដា ឆ្នាំ២០១៨ និងអ្នកដែលមិនទាន់ចុះឈ្មោះកាលពីឆ្នាំ២០១៦ មាន ១លាន ៤សែននាក់។
ការចុះបោះឆ្នោតបោះឆ្នោត ដែលចាប់ផ្ដើមពីថ្ងៃទី០១ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺសម្រាប់អ្នកដែលទើបគ្រប់អាយុ ១៨ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នាខែកក្កដា ឆ្នាំ២០១៨ និងអ្នកដែលគ្រប់អាយុ១៨ ឆ្នាំកាលពីឆ្នាំកន្លងទៅក៏ប៉ុន្ដែមិនបានចុះឈ្មោះបោះឆ្នោតកាលពីឆ្នាំ២០១៦។ ឯកសារតម្រូវសម្រាប់អ្នកទៅចុះឈ្មោះបោះឆ្នោតរួមមាន អត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្ដសញ្ញាណបម្រើឲ្យការចុះឈ្មោះបោះឆ្នោត ដែលចេញដោយអាជ្ញាធរភូមិ ឃុំ របស់ខ្លួន៕