en     km
en     km

មន្ត្រីក្រសួងមហាផ្ទៃ ៖ភាពមានៈនិងមហ្ឆិចតាធ្វើអោយស្រ្ដីខ្លួនឯងបន្តរងគ្រោះករណីជួញដូរ(មានសំឡេង)

Share

ភ្នំពេញ៖ ខណៈមានការកើនឡើងនៃចំនួនស្រ្ដីរងគ្រោះដែលត្រូវបានជួយសង្រ្គោះ  អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ ថា ការកើនឡើងនេះបណ្ដាល​មកពីមហិច្ឆតា និងភាពមានៈរបស់ស្រ្ដីដែលរងគ្រោះទាំងនោះ ។ កញ្ញា ជុំ ជោគជាតា ជូនសេចក្ដីរាយការណ៍ពីព័ត៌មាននេះ!

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃលោកស្រី ជូ ប៊ុនអេង បានឱ្យដឹងថា កន្លងមករដ្ឋាភិបាលកម្ពុជាបានចុះអប់រំផ្សព្វផ្សាយដល់បពលរដ្ឋទាក់ទងនិងការជួញដូរមនុស្ស រួមនឹងការបង្ការទប់ស្កាត់ការចាញ់បោកគេដោយធ្វើឡើងតាមវេទិកាសារធារណៈនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ដោយឡែកបច្ចុប្បន្ននេះ រដ្ឋាភិបាលក៏បានធ្វើការផ្សព្វផ្សាយជាបន្ដបន្ទាប់ចំពោះបញ្ហានេះនៅលើបណ្ដាញសង្គមផងដែរ។

ទោះបីក្រសួងមហាផ្ទៃបានបញ្ជាក់ដូចនេះក្ដី ប៉ុន្ដែថ្មីៗនេះគេសង្កេតឃើញ ស្រ្ដីខ្មែរជាច្រើននាក់ត្រូវបានមេខ្យល់នាំយកទៅលក់ និងធ្វើការងារដោយខុសច្បាប់នៅក្រៅប្រទេស។

តាមរយៈការចុះផ្សាយរបស់គេហទំព័រខេមបូឌាដេលី បង្ហាញថា ស្ត្រីជំនួយការមេផ្ទះខ្មែរ ម្នាក់ដែលបានរសាត់អណ្ដែតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត អស់រយៈពេល ១១ឆ្នាំ ដោយគ្មានប្រាក់កាស ឬឯកសារផ្លូវច្បាប់បាននិយាយរៀបរាប់ពីទុក្ខលំបាកដែលខ្លួនទទួលរងតែម្នាក់ឯង  និងការជួបជុំដ៏ក្ដុកក្ដួលជាមួយក្រុមគ្រួសារដែលនាងបានឃ្លាតឆ្ងាយតាំងពីនាងមានអាយុ១៦ឆ្នាំ ។

នាង សុះ រទស់ ដែលនិយាយថា មិនដែលទទួលបានប្រាក់ខែរបស់ខ្លួនសូម្បីតែមួយសេន អំឡុងពេលធ្វើការជាច្រើនឆ្នាំ បានត្រឡប់មកប្រទេសកម្ពុជាវិញហើយ កាលពីយប់ថ្ងៃច័ន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧។ ក្រុមគ្រួសាររបស់នាងបានធ្វើដំណើរពីខេត្តកំពង់ធំ និងខេត្តព្រះសីហនុ ដើម្បីមកទទួលនាងនៅរាជធានីភ្នំពេញ។

ប្រទេសអារ៉ាប៊ីសាអូឌីតធ្លាប់មានប្រវត្តិមានបញ្ហាជាមួយស្ត្រីជំនួយការមេផ្ទះដែលរងការរំលោភបំពានពីសំណាក់ថៅកែនៅក្នុងប្រទេសមូស្លីមដ៏តឹងរ៉ឹងក្រោមច្បាប់សារៀ (Sharia Law) នៃសាសនាអ៊ីស្លាម។

តាមមន្ត្រីប្រឆាំងការជួញដូរមនុស្សមួយរូបដែលបានប្រាប់ការសែតខេមបូឌាដេលីថា ស្ត្រីវ័យ២៨ឆ្នាំរូបនេះ គឺជាពលរដ្ឋខ្មែរ ដំបូងដែលគេដឹងថា បានក្លាយជាជនរងគ្រោះនៃការជួញដូរមនុស្សនៅប្រទេសស្ថិតក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ។

ដោយឡែក កាលពីថ្ងៃទី០១ កញ្ញា ២០១៧ មេក្លោងជួញដូរស្រ្តីខ្មែរម្នាក់ត្រូវបានសមត្ថកិច្ចបញ្ចូនខ្លួនទៅតុលាការ ខណៈដែលស្រ្ដីរូបនេះបានឆបោកស្រ្ដីខ្មែរទៅធ្វើការក្រៅប្រទេសដោយខុសច្បាប់។

តាមរយៈរបាយការណ៍ផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃដែលចេញផ្សាយតាមបណ្ដាញផ្សាយព័ត៌មានក្នុងស្រុក គឺឱ្យដឹងថា ស្រ្តីជាមេក្លោងរូបនេះ បានឆបោកស្រ្តីខ្មែរសរុប ២៦នាក់ ដែលមកពីខេត្ត កំពង់ចាម កំពង់ធំ និងខេត្តកំពង់ឆ្នាំង ដោយឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ី ដោយសន្យាថា ពួកគេនឹងទទួលបានប្រាក់ឈ្នួលខ្ពស់។

ជនរងគ្រោះជាស្រ្ដីទាំង ២៦នាក់​នោះ ត្រូវបានស្រ្តីជាមេក្លោងខាងលើបញ្ជូនទៅកាន់ប្រទេសម៉ាឡេស៊ីនៅក្នុងឆ្នាំ ២០១៤ ពួកគេត្រូវបានលក់ក្នុងតម្លៃ ១៥០០ដុល្លារអាមេរិកក្នុងម្នាក់ និងធ្វើការ១៨ ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានថ្ងៃឈប់សម្រាក។ មេក្លោង ជួញដូរមនុស្សនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនក្រសួងមហាផ្ទៃចាប់ខ្លួនបានកាលពីថ្ងៃទី៣០ សីហា ២០១៧។

ជុំវិញរឿងទាំងនេះ លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ចំនួនពលករដែលខុសច្បាប់ និងអ្នកដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅក្រៅប្រទេស ត្រូវបានបញ្ចូនត្រឡប់មកកម្ពុជាវិញមានការកើនឡើង។

លោកស្រី ជូ ប៊ុនអេង ៖«កើនហើយច៎ា ពីព្រោះឆ្នាំមុន មួយឆ្នាំបានតែជាង ១០ម៉ឺន ១១  ,១២ ម៉ឺន ឬ១០ម៉ឺន បើឆ្នាំហ្នឹងពាក់កណ្ដាល ជិត១០ម៉ឺនហើយ ។ ប៉ុន្ដែឆ្នាំហ្នឹងវាមានការប្រែប្រួលមួយ ដោយសារតែប្រទេសថៃគឺចាប់ផ្ដើមរឹតបន្ថឹងច្បាប់​ ហើយនៅប្រទេសម៉ាឡេស៊ីក៏ចឹងដែរ គឺ គេរឹតបន្ថឹងច្បាប់ចំពោះអ្នកទៅដោយខុសច្បាប់»

តាមការឱ្យដឹងរបស់លោកស្រី ជូ ប៊ុនអេង មូលហេតុដែលស្រ្ដីត្រូវបានមេខ្យល់នាំទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេសមានការកើនឡើងគឺដោយសារតែការចង់សាកល្បងរបស់ស្រ្ដីខ្លួនឯងផ្ទាល់។

លោកស្រី ជូ ប៊ុនអេង ៖«ការពិតខ្ញុំចង់និយាយថា ម្នាក់ៗដឹង មិនមែនមិនដឹងទេរឿងហ្នឹង  ប៉ុន្ដែរឿងសំខាន់គឺគាត់នៅតែចាញ់បោកគេដោយសារតែគាត់ចេះតែគិតថា រឿងដែលគេប្រាប់គាត់ហ្នឹង គឺ អត់ពិត ហើយចឹងគាត់ចង់សាកល្បង ចឹងហ្នឹងពេលណាគាត់មានបញ្ហា ទើបគាត់បា្រប់យើងថា គាត់ចាញ់បោកគេហើយ ប៉ុន្ដែរឿងខ្លះមិនមែនរឿងចាញ់បោកទៅទៀត គឺមានន័យថា ជាបំណងប្រាថ្នារបស់គាត់ ហើយដល់ពេលទៅដល់នោះ វា អត់បានដូចបំណង ចឹងវាទៅជារឿងខកចិត្តរបស់គាត់ ហើយគាត់ចង់ត្រឡប់មកវិញ»។

លោកស្រី ជូ ប៊ុនអេង ឱ្យដឹងទៀតថា ៦ ខែដើម ឆ្នាំ២០១៧   ក្រសួងការបរទេសបានសង្រ្គោះពលករដែលខុសច្បាប់ និងពលករដែលចាញ់បោកមេខ្យល់ជិត ១ម៉ឺននាក់៕

 

Share

ព័ត៌មានទាក់ទង

Image