ភ្នំពេញ៖ រំលងមួយថ្ងៃក្រោយពេលដែលសមត្ថកិច្ចចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅថ្ងៃទី០៤ កញ្ញានេះ ស្ថាប័នជាតិកំពូលៗដែលមានទាំងកងទ័ពនៃក្រសួងការពារផង សុទ្ធតែគាំទ្រចំណាត់ការផ្លូវច្បាប់លើមេបក្សប្រឆាំង និងស្នើឲ្យចាត់ការទៅតាមច្បាប់ជាធរមាន។ តែបែបនេះក្ដី អ្នកលេងហ្វេសប៊ុកខ្លះថ្កោលទោសការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ ។
ទំនងជាព្រឹត្ដិការណ៍ដ៏ក្ដៅគគុកមួយដែលប្រជាពលរដ្ឋខ្មែរ ជាម្ចាស់ប្រទេស នឹកមិនដល់នោះទេ ថានឹងមានការចាប់ខ្លួនលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងដ៏ធំជាងគេនៅកម្ពុជាដូចនេះ។ លោក កឹម សុខា ត្រូវបានអាជ្ញាធរសម្រុកចូលទៅចាប់ខ្លួន នៅកណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ។ ការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះក្រោមបទចោទជាជនក្បត់ជាតិ ឃុបឃិត ជាមួយបរទេសចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។
បន្ទាប់ពីការចាប់ខ្លួនលោក កឹម សុខា ភ្លាមៗ មន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងប្រមុខដឹកនាំ បានចេញមុខថ្កោលនិងស្នើឲ្យដាក់ទោសមេបក្សប្រឆាំងរូបនេះឲ្យធ្ងន់ធ្ងរបំផុត។ ក្រៅពីមន្ដ្រីជាន់ខ្ពស់ និងប្រមុខដឹកនាំរាជរដ្ឋាភិបាលបង្ហាញការថ្កោលទោសដូចនេះ នៅថ្ងៃទី០៤ កញ្ញានេះ ស្ថាប័នជាតិកំពូលៗ បានចេញលិខិតថ្កោលទោស មេបក្សប្រឆាំងនេះហើយគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល។
ស្ថាប័នជាតិទាំងនោះមានជាអាទិ៍ ក្រសួងការពារជាតិ ក្រសួងសាធារណការ ក្រសួងទេសចរណ៍ ក្រសួងការងារ ក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌ និងក្រសួងស្ថាប័នជាតិផ្សេងៗ ដូចជាមេបញ្ជាការកងទ័ពជាច្រើនផ្សេងទៀតផងដែរ។ លិខិតរបស់ស្ថាប័នជាតិកំពូលៗទាំងនេះ មានអត្ថន័យប្រហាក់ប្រហែលគ្នា ពោលគឺគាំទ្រចំណាត់ការរាជរដ្ឋាភិបាល ថ្កោលទោស លោក កឹម សុខា និងទាមទារឲ្យដាក់ទោសមេដឹកនាំបក្សប្រឆាំងរូបនេះឲ្យធ្ងន់ធ្ងរបំផុត។
លិខិតទាំងអស់នោះ បានសរសេរថា ៖« គាំទ្រយ៉ាងពេញទំហឹងទៅលើចំណាត់ការរបស់ស្ថាប័នសមត្ថកិច្ច ដែលចាប់ខ្លួលបុគ្គល កឹម សុខា ដែលបានឃុបឃិតជាមួយបក្ខពួក និងបរទេសមួយចំនួន ជាសម្ងាត់ចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេច ហ៊ុន សែន ដែលនេះជាទង្វើក្បត់ជាតិ ធ្វើឲ្យប៉ះពាល់ ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ អធិបតេយ្យ និងឯករាជ្យភាពរបស់កម្ពុជា»។
ការចាប់ខ្លួនលោក កឹម សុខា គឺផ្ដើមចេញពីវិដេអូឃ្លីបដែលលោកបាននិយាយពីបទពិសោធន៍ផ្ទាល់ខ្លួនតាំងពីពេលដែលលោកចូលធ្វើនយោបាយដំបូង។ ហើយនៅឆ្នាំ១៩៩៣ លោកបានអះអាងថា លោកបានទៅដល់ទឹកដីសហរដ្ឋអាមេរិកក្នុងនាមជាអ្នកនយោបាយខ្មែរ។ លើសពីនេះលោកបានបញ្ជាក់ថា ការទៅដល់ទឹកដីប្រទេសប្រជាធិបតេយ្យនេះ លោកបានទទួលការផ្ដល់យោបល់ជាច្រើនស្ដីពីយុទ្ធសាស្ដ្រដើម្បីអនុវត្ដលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលនឹងទទួលបានជោគជ័យ។
វីដេអូឃ្លីបនោះត្រូវបានរាជរដ្ឋាភិបាលយកមកធ្វើជាភស្ដុតាងដើម្បីចាប់ខ្លួនលោក កឹម សុខា ក្រោមហេតុផលបទល្មើសជាក់ស្ដែង តាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ក្រោយការចាប់ខ្លួនមេដឹកនាំបក្សប្រឆាំងរូបនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានគណបក្សសង្គ្រោះជាតិ កុំព្យាយាមការពារលោក កឹម សុខា បើមិនចង់រំលាយបក្ស។ សម្ដេចក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យរក្សាភាពស្ងប់ស្ងាត់ និងទុកឲ្យតុលាការចាត់ការ ទៅតាមផ្លូវច្បាប់ចំពោះទង្វើក្បត់ជាតិរបស់លោក កឹម សុខា ព្រមទាំងអំពាវនាវឲ្យប្រទេសអាមេរិក និងបណ្តាប្រទេសដទៃទៀតកុំឲ្យលូកដៃ ចូលអន្តរាគមន៍ក្នុងករណីរបស់លោក កឹម សុខា នេះ។
តែ នៅលើបណ្ដាញសង្គមវិញ មានការបញ្ចេញមតិ ចម្រុះគ្នា ដោយអ្នកខ្លះ គាំទ្រ រដ្ឋាភិបាល ចាត់ការលើលោក កឹម សុខា តែ អ្នកខ្លះបញ្ចេញមតិ ចំអក ហើយថ្កោលទោស រដ្ឋាភិបាល ដោយ ចាត់ទុកថានេះជាសកម្មភាព បំផ្លាញ អនាគតគណបក្សប្រឆាំង និងកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕