en     km
en     km

ស្ថាប័ន​ជាតិ​ធំៗ​ គាំទ្រ​ចំណាត់ការ​ផ្លូវច្បាប់​លើ​លោក​ កឹ​ម​ សុខា​ តែ​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ថ្កោលទោស​ការ​ចាប់ខ្លួន​

Share

ភ្នំពេញ​៖​ រំលង​មួយ​ថ្ងៃក្រោយ​ពេល​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​០៤​ កញ្ញា​នេះ​ ស្ថាប័ន​ជាតិ​កំពូលៗ​ដែល​មាន​ទាំង​កងទ័ព​នៃ​ក្រសួង​ការពារ​ផង​ សុទ្ធតែ​គាំទ្រ​ចំណាត់ការ​ផ្លូវច្បាប់​លើ​មេ​បក្ស​ប្រឆាំង​ និង​ស្នើ​ឲ្យ​ចាត់ការ​ទៅ​តាម​ច្បាប់​ជា​ធរមាន​។​ តែ​បែប​នេះ​ក្ដី​ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ថ្កោលទោស​ការ​ចាប់ខ្លួន​មេ​បក្ស​ប្រឆាំង​រូប​នេះ​ ។​


ទំនងជា​ព្រឹត្ដិការណ៍​ដ៏​ក្ដៅ​គគុក​មួយ​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ម្ចាស់​ប្រទេស​ នឹក​មិន​ដល់​នោះ​ទេ​ ថា​នឹង​មានការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ មេដឹកនាំ​បក្ស​ប្រឆាំង​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា​ដូចនេះ​។​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​អាជ្ញាធរ​សម្រុកចូល​ទៅ​ចាប់ខ្លួន​ នៅ​កណ្ដាល​អា​ធ្រា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ។​ ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ក្រោម​បទ​ចោទ​ជា​ជន​ក្បត់ជាតិ​ ឃុបឃិត​ ជាមួយ​បរទេស​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។​

​បន្ទាប់​ពី​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ភ្លាមៗ​ មន្ដ្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​ និង​ប្រមុខ​ដឹកនាំ​ បាន​ចេញ​មុខ​ថ្កោល​និង​ស្នើ​ឲ្យ​ដាក់ទោស​មេ​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​។​ ក្រៅពី​មន្ដ្រីជាន់ខ្ពស់​ និង​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​បង្ហាញ​ការ​ថ្កោលទោស​ដូចនេះ​ នៅ​ថ្ងៃ​ទី​០៤​ កញ្ញា​នេះ ​ស្ថាប័ន​ជាតិ​កំពូលៗ​ បាន​ចេញ​លិខិត​ថ្កោលទោស​ មេ​បក្ស​ប្រឆាំង​នេះ​ហើយ​គាំទ្រ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​។​

​ស្ថាប័ន​ជាតិ​ទាំងនោះ​មាន​ជា​អាទិ៍​ ក្រសួងការពារជាតិ​ ក្រសួង​សាធារណការ​ ក្រសួងទេសចរណ៍​ ក្រសួង​ការងារ​ ក្រសួងសុខាភិបាល​ ក្រសួង​សង្គមកិច្ច​ ក្រសួងពាណិជ្ជកម្ម​ ក្រសួង​វប្បធម៌​ និង​ក្រសួង​ស្ថាប័ន​ជាតិ​ផ្សេងៗ​ ដូច​ជា​មេបញ្ជាការ​កងទ័ព​ជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ​។​ លិខិត​របស់​ស្ថាប័ន​ជាតិ​កំពូលៗ​ទាំងនេះ​ មាន​អត្ថន័យ​ប្រហាក់ប្រហែល​គ្នា​ ពោល​គឺ​គាំទ្រ​ចំណាត់ការ​រាជរដ្ឋាភិបាល​ ថ្កោលទោស​ លោក​ កឹ​ម​ សុខា​ និង​ទាមទារ​ឲ្យ​ដាក់ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ធ្ងន់ធ្ងរ​បំផុត​។​

​លិខិត​ទាំង​អស់នោះ​ បាន​សរសេរថា​ ៖«​ គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅ​លើ​ចំណាត់ការ​របស់​ស្ថាប័ន​សមត្ថកិច្ច​ ដែល​ចាប់​ខ្លួ​ល​បុគ្គល​ កឹ​ម​ សុខា​ ដែល​បាន​ឃុបឃិត​ជាមួយ​បក្ខពួក​ និង​បរទេស​មួយ​ចំនួន​ ជា​សម្ងាត់​ចង់​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ ដឹកនាំ​ដោយ​សម្ដេច​ ហ៊ុន​ សែន​ ដែល​នេះ​ជា​ទ​ង្វើ​ក្បត់ជាតិ​ ធ្វើ​ឲ្យ​ប៉ះពាល់​ ដល់​សន្ដិសុខ​ សណ្ដាប់ធ្នាប់​ អធិបតេយ្យ​ និង​ឯករាជ្យ​ភាព​របស់​កម្ពុជា​»​។​

​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ គឺ​ផ្ដើម​ចេញពី​វិ​ដេ​អូ​ឃ្លី​ប​ដែល​លោក​បាន​និយាយ​ពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​តាំងពី​ពេល​ដែល​លោក​ចូល​ធ្វើ​នយោបាយ​ដំបូង​។​ ហើយ​នៅ​ឆ្នាំ​១៩៩៣​ លោក​បាន​អះអាង​ថា​ លោក​បាន​ទៅ​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ក្នុង​នាម​ជា​អ្នកនយោបាយ​ខ្មែរ​។​ លើស​ពី​នេះ​លោក​បាន​បញ្ជាក់​ថា​ ការ​ទៅ​ដល់​ទឹកដី​ប្រទេស​ប្រជាធិបតេយ្យ​នេះ​ លោក​បាន​ទទួល​ការ​ផ្ដល់​យោបល់​ជា​ច្រើន​ស្ដី​ពី​យុទ្ធសាស្ដ្រ​ដើម្បី​អនុវត្ដ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​នឹង​ទទួល​បាន​ជោគជ័យ​។​

​វី​ដេ​អូ​ឃ្លី​ប​នោះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​យក​មក​ធ្វើ​ជា​ភស្ដុ​តាង​ដើម្បី​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ ក្រោម​ហេតុផល​បទល្មើស​ជាក់ស្ដែង​ តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្រោយ​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ បាន​ព្រមាន​គណបក្ស​សង្គ្រោះ​ជាតិ​ កុំ​ព្យាយាម​ការពារ​លោក​ កឹ​ម​ សុខា​ បើ​មិន​ចង់​រំលាយ​បក្ស​។​ សម្ដេច​ក៏​បាន​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ និង​ទុក​ឲ្យ​តុលាការ​ចាត់ការ​ ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ទ​ង្វើ​ក្បត់ជាតិ​របស់​លោក​ កឹ​ម​ សុខា​ ព្រមទាំង​អំពាវនាវ​ឲ្យ​ប្រទេស​អា​មេ​រិ​ក​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​កុំ​ឲ្យ​លូកដៃ​ ចូល​អន្តរាគមន៍​ក្នុង​ករណី​របស់​លោក​ កឹ​ម​ សុខា​ នេះ​។​

​តែ​ នៅ​លើ​បណ្ដាញ​សង្គម​វិញ​ មានការ​បញ្ចេញមតិ​ ចម្រុះ​គ្នា​ ដោយ​អ្នកខ្លះ​ គាំទ្រ​ រដ្ឋាភិបាល​ ចាត់ការ​លើ​លោក​ កឹ​ម​ សុខា​ តែ​ អ្នកខ្លះ​បញ្ចេញមតិ​ ចំអក​ ហើយ​ថ្កោលទោស​ រដ្ឋាភិបាល​ ដោយ​ ចាត់​ទុក​ថា​នេះ​ជា​សកម្មភាព​ បំផ្លាញ​ អនាគត​គណបក្សប្រឆាំង​ និង​កំពុង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​៕​

Share

Image
Image
Image