កំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចូលគ្រូបង្រៀនឥស្លាមប្រមាណជាង ១៥០០ នាក់ក្នុងក្របខណ្ឌរដ្ឋ ដែលជាការជួយបន្ថយបន្ទុកដល់សហគមន៍ឥស្លាមក្នុងប្រទេសកម្ពុជា ដើម្បី ឆ្លើយតបនឹងតម្រូវការនៃការកើនឡើង ចំនួនសិស្សឥស្លាម។ ការសម្រេចបញ្ចូលនេះ តបតាមការស្នើសុំ របស់ថ្នាក់ដឹកនាំនៃសាសនាឥស្លាម។
ថ្លែងទៅកាន់ថ្នាក់ដឹកនាំសាសនា និងសាសនិកឥស្លាមរាប់ពាន់នាក់មកពីគ្រប់ទិសទីនៃប្រទេសកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី០៤ កញ្ញានេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សហគមន៍ឥស្លាម មានតួនាទីយ៉ាងច្រើននៅក្នុងការរួមចំណែកនៅគ្រប់វិស័យ។ សម្តេចបន្តថា ធនធានរបស់សហគមឥស្លាម បានចូលរួមក្នុងវិស័យជាច្រើនដូចជា កងទ័ព នគរបាល មន្រ្តីរាជការ និងអ្នកនយោបាយជាដើម។
ខណៈដែលសិស្សនៃជនជាតិដើមឥស្លាម មានការកើនឡើង តម្រូវការគ្រូបង្រៀនក៏មានការកើនឡើង ដែលសម្ដេចហ៊ុនសែនថាហេតុនេះទើបរដ្ឋាភិបាលសម្រេចបញ្ចូលគ្រូឥស្លាម ប្រមាណជាង១៥០០នាក់ នៅក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយរបស់សហគមន៍ឥស្លាមនៅកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងបន្តថា ស្របពេលដែលកំពុងផ្តល់សាលាបន្ថែមសម្រាប់ការបណ្តុះបណ្តាលនៅក្នុងសាសនាឥស្លាម គឺរដ្ឋាភិបាលកំពុងពិនិត្យមើលលទ្ធភាពបន្ថែមទៀត ក្នុងការដាក់បញ្ចូលគ្រូបង្រៀនឥស្លាមទាំងនោះ នៅក្នុងក្របខ័ណ្ឌរដ្ឋ ដោយ មិនមានតែចំនួន១៥០០នេះទេ។
សាសនាឥស្លាម គឺសាសនាធំទី២នៅប្រទេសកម្ពុជា បន្ទាប់ពីសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ។ ជនជាតិខ្មែរឥស្លាមនៅកម្ពុជាមានប្រមាណជាង ៥សែននាក់ នៅជាង ៥០០ភូមិទូទាំងប្រទេស ក្នុងនោះ ខេត្តត្បូងឃ្មុំច្រើនជាងគេ។
ដោយឡែកនៅក្នុងខេត្តកំពង់ចាមទាំងមូល ជនជាតិខ្មែរឥស្លាមមានជាង៣ម៉ឺននាក់ មានព្រះវិហារឥស្លាមចំនួន៣០កន្លែង ស៊ូរ៉ាវចំនួន៣៧កន្លែង។ ក្នុងពេលកន្លងមក សម្តេចបានដាក់បញ្ចូលគ្រូបង្រៀនពហុភាសាខ្មែរ-ឥស្លាម ក្នុងក្របខណ្ឌរដ្ឋចំនួន៩១ នាក់ ៕