en     km
en     km

​គ្រូបង្រៀនខ្មែរឥស្លាមជាង ១៥០០នាក់ ត្រូវរដ្ឋាភិបាលដាក់បញ្ចូលក្នុងក្របខ័ណ្ឌរដ្ឋ

Share

កំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​បញ្ចូល​​គ្រូបង្រៀន​ឥស្លាម​ប្រមាណជាង​ ១​៥០០​ នាក់ក្នុង​ក្របខណ្ឌ​រដ្ឋ​ ​ ដែលជា​ការជួយ​បន្ថយ​បន្ទុកដល់​សហគមន៍ឥស្លាមក្នុង​ប្រទេស​កម្ពុជា​​ ដើម្បី ឆ្លើយ​តបនឹងតម្រូវការនៃការកើនឡើង ចំនួន​​​សិស្សឥស្លាម។ ការសម្រេចបញ្ចូលនេះ តបតាមការស្នើសុំ របស់ថ្នាក់ដឹកនាំនៃសា​សនា​ឥស្លាម​។

 

​                                                                             សម្តេចហ៊ុន សែន ជួបជាមួយ​​​ពលរដ្ឋខ្មែរឥស្លាមនៅខេត្តកំពង់ចាម

ថ្លែងទៅកាន់ថ្នាក់ដឹកនាំសាសនា និងសាសនិកឥស្លាមរាប់ពាន់នាក់មកពីគ្រប់ទិសទីនៃ​ប្រទេស​​កម្ពុជា​ ​  ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី​​០៤ ​​កញ្ញានេះ  សម្តេច ហ៊ុន សែន មានប្រសាសន៍ថា សហគមន៍ឥស្លាម មានតួនាទីយ៉ាងច្រើននៅក្នុងការរួមចំណែកនៅគ្រប់វិស័យ។ សម្តេចបន្តថា ធនធាន​របស់សហគមឥស្លាម បានចូលរួមក្នុងវិស័យជាច្រើនដូចជា កងទ័ព នគរបាល​ ​មន្រ្តីរាជការ និងអ្នកនយោបាយជាដើម។​

ខណៈដែលសិស្សនៃ​ជនជាតិដើមឥស្លាម មានការកើនឡើង​ តម្រូវការគ្រូបង្រៀនក៏មានការកើនឡើង ដែលសម្ដេចហ៊ុនសែនថាហេតុនេះទើបរដ្ឋាភិបាលសម្រេចបញ្ចូលគ្រូឥស្លាម ប្រមាណជាង១៥០០នាក់ នៅក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីជួយកាត់បន្ថយបន្ទុកចំណាយរបស់សហគមន៍ឥស្លាមនៅកម្ពុជា។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែង​បន្តថា ស្របពេលដែល​​កំពុងផ្តល់​សាលាបន្ថែមសម្រាប់ការបណ្តុះបណ្តាល​នៅក្នុងសាសនាឥស្លាម គឺរដ្ឋាភិបាលកំពុង​ពិនិត្យមើលលទ្ធភាពបន្ថែមទៀត ក្នុងការដាក់បញ្ចូលគ្រូបង្រៀនឥស្លាមទាំងនោះ ​​នៅក្នុងក្របខ័ណ្ឌ​​រដ្ឋ ដោយ មិនមានតែចំនួន១៥០០នេះទេ។ ​

​សាសនាឥស្លាម គឺសាសនាធំទី២នៅប្រទេសកម្ពុជា បន្ទាប់ពីសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ។ ជនជាតិខ្មែរឥស្លាមនៅកម្ពុជាមានប្រមាណជាង ៥សែននាក់ នៅជាង ៥០០ភូមិទូទាំងប្រទេស ក្នុងនោះ ខេត្តត្បូងឃ្មុំច្រើនជាងគេ។

ដោយឡែក​​នៅក្នុងខេត្តកំពង់ចាម​​ទាំងមូល ជនជាតិខ្មែរឥស្លាមមានជាង៣ម៉ឺននាក់ មានព្រះវិហារឥស្លាមចំនួន៣០កន្លែង​ ស៊ូរ៉ាវចំនួន៣៧កន្លែង។ ក្នុងពេលកន្លងមក ​សម្តេចបាន​ដាក់បញ្ចូលគ្រូបង្រៀនពហុភាសាខ្មែរ-ឥស្លាម ក្នុងក្របខណ្ឌរដ្ឋចំនួន៩១ នាក់​ ៕

Share

Image
Image
Image