en     km
en     km

អាមេរិកនិងសហភាពអ៊ឺរ៉ុបទាមទារឱ្យដោះលែងលោកកឹមសុខាតែកម្ពុជាព្រមានថាកុំលូកដៃរឿងនេះ(មានសំឡេង)

Share

ភ្នំពេញ ៖ ប្រតិកម្មរបស់សហគមន៍អន្តរជាតិចាប់ផ្ដើមធ្លាក់បណ្ដើរៗ ដោយដំបូងអង្គការសិទ្ធិមនុស្ស អន្តរជាតិ របស់អាមេរិក Human Rights Watch និងសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដោយពួកគេការចាប់ខ្លួនលោកកឹមសុខាករណីចោទថាក្បត់ជាតិ ថាជាល្បែងនយោបាយ នាំឱ្យ គ្រោះថ្នាក់ ដំណើរការបោះឆ្នោត សភា ឆ្នាំ២០១៨។ តែ បែបនេះ គេឃើញប្រតិកម្ម ជាច្រើនពីឧត្តមសេនីយ៍ និងស្ថាប័នរដ្ឋមួយចំនួន គាំទ្រសម្ដេចហ៊ុនសែន ចាប់ខ្លួន លោកកឹមសុខា។ ចំណែកសម្ដេច ហ៊ុនសែន ថ្លែងព្រមានសហគមន៍អន្តរជាតិដែលលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ។​ កញ្ញា ឈុំ ចន្ទរចនា រាយការណ៍ជូនពីព័ត៌មាននេះ!

 

ក្រោយប្រធានគណបក្សសង្រ្គោះជាតិ លោកកឹម សុខា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ នេះ អាមេរិកនិងសហភាពអ៊ឺរ៉ុបបានចេញសេចក្ដីប្រកាសភ្លាមៗ អំពាវនាវឲ្យដោះ លែង ដោយពួកគេបង្ហាញពីក្ដីបារម្ភចំពោះស្ថានភាពប្រជាធិបតេយ្យនៅកម្ពុជាដែលកំពុងធ្វើដំណើរទៅរកការបោះឆ្នោតសភាឆ្នាំ២០១៨។

នៅពាក់កណ្ដាលអាធ្រាតចូលថ្ងៃអាទិត្យ ទី០៣ សមត្ថកិច្ចប្រមាណ ២០០នាក់ បានសម្រុកចូលទៅឃាត់ខ្លួនលោក កឹម សុខា រួមទាំងអង្គរក្ស​នៅគេហដ្ឋានរបស់លោកក្រោមបទចោទប្រកាន់ពីបទក្បត់ជាតិ។

​ឆ្លើយតបនឹងបញ្ហានេះ ក្នុងថ្ងៃដដែលនោះ ក្រសួងការបរទេសអាមេរិកបានចេញសេចក្ដីប្រកាសភា្លមដោយចោទជាសំនួរទាក់ទិននឹងការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា ខណៈ ការបោះឆ្នោតតំណាងរាស្រ្ត ២០១៨ ខិតជិតមកដល់។

ក្នុងសេចក្ដីថ្លែងការនោះមានខ្លឹមសារដូចតទៅ៖ “យើងមានក្ដីបារម្ភយ៉ាងខ្លាំងចំពោះ សកម្មភាពរដ្ឋាភិបាលកម្ពុជាក្នុងការចាប់ខ្លួនរបស់មេដឹកនាំគណៈបក្សប្រឆាំង លោក កឹម សុខា ដែលទំនងជាផ្អែកលើនិន្នាការនយោបាយ។ លោកកឹម សុខា ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះការប្ដេជ្ញាចិត្តរបស់លោកក្នុងការការពារសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ សន្តិភាព»។

ខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Heather Nauert  ៖រដ្ឋាភិបាលមួយនេះបានបោះជំហានដោយបញ្ហាជាច្រើន រួមមានការរឹតត្បឹត ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិលមួយចំនួន។ ចំណាត់ការទាំងនេះបាន រារាំងការអភិវឌ្ឍ ប្រទេសកម្ពុជាក្នុងអំឡុងពេលប៉ុន្មានឆ្នាំនេះ និងនាំឲ្យមានការចោទ ជាសំនួរយ៉ាងធ្ងន់ធ្ងរអំពីសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោត២០១៨ និងលទ្ធផលមួយដែលប្រកបដោយប្រជាធិបតេយ្យ”។ ​

ជាមួយគ្នានោះដែរ សហភាពអ៊ឺរ៉ុបក៏បានចេញសេចក្លីថ្លែងការមួយទាក់ទិននឹងរឿងនេះ ដោយទាមទារឲ្យដោះលែងប្រធានគណបក្សប្រឆាំងនេះជាបន្ទាន់។

លោក Heather Nauert បានបន្តថា៖ “ការចាប់ខ្លួន ប្រធានគណបក្សសង្គ្រោះជាតិ លោកកឹម សុខា ក្នុងយប់ថ្ងៃទី ០២ ឈានចូលទី០៣ ខែកញ្ញា ដែលប៉ះពាល់ដល់អភ័យ ឯកសិទ្ធិរបស់លោក ក្នុងសភា នាំឲ្យមានការរាលដាលមួយដ៏គ្រោះថ្នាក់ចំពោះនយោបាយ នៅកម្ពុជា។ ជាមួយគ្នានឹង​ ចំណាត់ការរបស់សមត្ថកិច្ចថ្មីៗនេះ ចំពោះអង្គការសង្គមស៊ីវិល និងស្ថាប័នពត៌មានមួយ ចំនួនហើយ ការចាប់ខ្លួននេះបានបង្ហាញពីបំនងក្នុងការរឹតត្បឹតសិទ្ធិ ប្រជាធិបតេយ្យក្នុងប្រទេស កម្ពុជា និងសិទ្ធិក្នុងការផ្សាយពត៌មានឯករាជ្យ ការបញ្ចេញមតិ និងការរិះគន់”។

សហភាពអ៊ឺរ៉ុបក៏បានបន្ថែមទៀតថា ខ្លួននឹងបន្តជួយជ្រោមជ្រែងកម្ពុជាក្នុងដំណើរការឆ្ពោះ ទៅរកប្រជាធិបតេយ្យ ហើយសំណូមពរឲ្យដោះលែង លោក កឹម សុខា ឲ្យបានឆាប់បំផុត។

កាលពីព្រឹកថ្ងៃចន្ទ ទី៤កញ្ញានេះ សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធព្រះវិហារ ឥស្លាមក្រុងកំពង់ចាម ឆ្លើយតបទៅកាន់សេចក្ដីប្រកាសទាំងនេះ។

សម្ដេចហ៊ុន សែន៖ “យើងគ្រាន់តែផ្ដាំផ្ញើថា អ្នកដែលធ្វើសេចក្ដីថ្លែងការណ៍ ដើម្បីការពារជននេះ គឺវាគ្រាន់តែជាការការពារអាយ៉ងរបស់ខ្លួន ឲ្យរួចផុតពីការចោទប្រកាន់ប៉ុណ្ណោះ ។សូមគោរព អធិបតេយ្យជាតិរបស់កម្ពុជា មិនត្រូវប្រើប្រាស់វិធីផ្ដួលរំលំ តាមរយៈរបស់ដែលហៅថា បដិវត្តន៍ពណ៌ទេ..”។

សម្ដេច ហ៊ុន សែន បន្តទៀតថា រដ្ឋាភិបាលមានតួនាទីកំចាត់ចោលជនណាដែលបំផ្លាញសេចក្ដីសុខប្រជាជន ហើយនឹងមិនអនុញ្ញាតឲ្យជនបរទេសណាមកបំផ្លាញសន្តិសុខជាតិខ្មែរឡើយ។

ស្របពេលនេះដែរ គេសង្កេតឃើញរដ្ឋមន្ត្រីមេទ័ពកំពូលៗ និងក្រសួងនៅកម្ពុជាជាច្រើន​ ក៏បានបង្ហាញពីការគាំទ្រ របស់ខ្លួនយ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាល ក្នុងការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងរូបនេះ។

សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក គឺជាទីផ្សារដ៏ធំសម្រាប់ការនាំចូលសម្លៀកបំពាក់ និងស្បែងជើងពីកម្ពុជា ។

ទាក់រឿងកម្ពុជានេះ លោកស្រីរូណាស្មិតអ្នករាយការណ៍ពិសេស របស់អគ្គលេខាធិការអង្គការសហប្រជាតិ ដែលបានមកកាន់កម្ពុជាកាលពីថ្មីៗនេះ ត្រូវគេរំពឹងថា លោកស្រី នឹងលើកឡើងអំពីស្ថានភាពសិទ្ធិមនុស្ស និងនយោបាយនៅកម្ពុជា ទៅកាន់មហាសន្និបាតនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្កការសហប្រជាតិ ដែលត្រូវជួបប្រជុំគ្នានៅក្រុងហ្សឺណេវ នៅខែកញ្ញានេះ។

គួរបញ្ជាក់ផងដែរថា ការចាប់ខ្លួនរបស់លោកកឹម សុខា ធ្វើឡើងក្រោយមានការធ្លាយខ្សែអាត់វីដេអូមួយ ដែលលោកនិយាយទៅកាន់អ្នកគាំទ្រលោកនៅប្រទេសអូស្រ្ដាលី អំពីយុទ្ធសាស្រ្តរបស់ គណៈបក្សប្រឆាំង តបតទៅរដ្ឋាភិបាល។

សារមួយនេះត្រូវបានឲ្យដឹងថា ជាការឃុបឃិតគ្នាជាមួយបរទេស ដែលចាត់ទុកថាជាអំពើ ក្បត់ជាតិ មានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិនៃមាត្រា ៤៤៣ ពីបទ “សន្ទិដ្ឋិភាពជាមួយ បរទេស” នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា” ដែលអាចនាំឲ្យលោកកឹម សុខា ប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ ទៅ៣០ឆ្នាំ។

កាលពីព្រឹកថ្ងៃអាទិត្យនេះ លោកកឹម សុខា ត្រូវបញ្ជូនខ្លួនទៅកាន់មណ្ឌល​អប់រំ​កែ​ប្រែ​ទី​៣​ (ម៣) ឬ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ ស្ថិត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ​ ក្បែរ​ព្រំដែន​ វៀតណាម៕

 

Share

Image
Image
Image