ភ្នំពេញ៖ ជាលើកដំបូងហើយដែលឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ធ្វើដំណើរទៅខេត្ដបាត់ដំបងដោយផ្ទាល់ដើម្បីជួបជាមួយ ចៅសង្កាត់អូរចាដែលជាស្ដ្រីទើបឡើងកាន់តំណែងថ្មីដើម្បីស្ដាប់ ពីអ្វីដែលពួកគាត់បានអនុវត្ដ និងផលលំបាកដែលបានជួបប្រទះ។ ក្នុងទស្សនកិច្ចនេះ លោក ក៏បានជួប ជាមួយលោក អភិបាល ខេត្តបាតដំបងផងដែរ។
ការទៅដល់របស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោក William A. Heit លើទឹកដី ដែលជាជង្រុកស្រូវដ៏ធំជាងគេនៅកម្ពុជានាពេលនេះ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ស្របពេលដែលបណ្ដាញសង្គមបានបង្ហោះជាហូហែរនូវវីដេអូឃ្លីបពីសកម្មភាពការងាររបស់ចៅសង្កាត់ថ្មី ជាស្ដ្រីទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់កាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានទៅដល់ខេត្ដបាត់ដំបង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នេះបើយោងតាម គេហទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ លោក William A. Heit ក្រោយពីទៅដល់ខេត្ដបាត់ដំបងលោកបានជួបជាមួយលោកអភិបាលខេត្ដ ចាន់ សុផល និងកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ចៅសង្កាត់អូចារដែលទើបឡើងកាន់តំណែងជាផ្លូវការជិតពីរខែកន្លងមកនេះ។ តាមគេហទំព័រដដែលនេះបានបញ្ជាក់ថា ការជួបពិភាក្សាគ្នារវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងអភិបាលខេត្ដ រួមជាមួយចៅសង្កាត់នាពេលនេះ គឺទទួលបានផ្លែផ្កាជាច្រើន។ ក៏ប៉ុន្ដែចំពោះខ្លឹមសារទាំងស្រុង នៃកិច្ចពិភាក្សានេះមិនត្រូវបានសរសេរលម្អិតនោះទេ។
វិទ្យុស្ដ្រីបានព្យាយាមសុំសេចក្ដីលម្អិតពីអភិបាលខេត្ដបាត់ដំបង លោក ចាន់ សុផល ក៏ប៉ុន្ដែទូរស័ព្ទរោទិ៍ពុំមានអ្នកទទួល។
ដោយឡែកចៅសង្កាត់អូចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត បានឲ្យវិទ្យុស្ដ្រីដឹងនៅថ្ងៃទី៣០ ខែសីហាថា ឯកអគ្គរដ្ឋសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបកញ្ញាដោយលោកចង់ដឹងពីការអនុវត្ដការងារក្រោយពេលឡើងកាន់តំណែងជាក្បាល់ម៉ាស៊ិនដឹកនាំសង្កាត់ និងចង់ដឹងពីផលលំបាកដែលកញ្ញាបានជួប្រទះខណៈបំពេញការងារជាងពីរខែកន្លងមក។
ជំនួបនេះកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត បានលើកយក ប្រាំ ចំណុចជម្រាបដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ពីទុក្ខកង្វល់របស់កញ្ញាស្ដីពីកង្វះការសហការរវាងសមាជិកក្រុមប្រឹក្សាឃុំ មេភូមិមិនសហការជាមួយកញ្ញា ស្មៀនមិនអនុវត្ដការងារបម្រើសេចក្ដីត្រូវការរបស់ពលរដ្ឋ អាជ្ញាធរមិនដោះស្រាយបញ្ហាហិង្សាក្នុងគ្រួសារជាដើម។
ស្ដ្រីចៅសង្កាត់វ័យក្មេងរូបនេះ បានអះអាងថា នាងមិនរាថយនោះទេចំពោះការធ្វើទុក្ខបុកម្នេញលើរូបនាង ក៏ប៉ុន្ដែនាងមិនព្រមឲ្យមានករណីបង្កទុក្ខលំបាកដល់ពលរដ្ឋ និងបាត់បង់ផលប្រយោជន៍ជាដាច់ខាត។ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត៖«ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋដែលជាស្ដ្រីដែលបានទៅដឹកនាំនៅសង្កាត់អូចារខ្ញុំមិនទោមនស្សទេសម្រាប់ផ្ទាល់ខ្លួននាងខ្ញុំ អាចធ្វើបាបខ្ញុំបានក៏ប៉ុន្ដែពេលណាដែលប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋខ្ញុំមិនសប្បាយចិត្ដ តែខ្ញុំនឹងខំបម្រើពលរដ្ឋនៅសង្កាត់អូចារឲ្យបានល្អ»។
ក្រោយពីបានលើកពីផលលំបាកដែលបានជួបប្រទះប្រាប់ទៅលោក William A. Heit ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកទឹកចិត្ដដល់កញ្ញាឲ្យថែរក្សាសុខភាពដើម្បីបន្ដការងារជួយបម្រើសេចក្ដីត្រូវការរបស់ពលរដ្ឋជាបន្ដទៀតផងដែរ។
សូមជម្រាបថា កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត គឺជាចៅសង្កាត់មកពីគណបក្សសង្គ្រោះជាតិ ដែលឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។
យោងតាមលទ្ធផល ស្ត្រីដែលបានជាប់ឆ្នោតឡើងកាន់តួនាទីជាមេឃុំ និងចៅសង្កាត់ កើនបានចំនួន ៣៣រូបនៅឆ្នាំ២០១៧នេះ បើធៀបនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីប្រាំឆ្នាំមុន។ ប៉ុន្តែចំនួនស្ត្រីដែលជាប់ឆ្នោតក្នុងចំណោមក្រុមប្រឹក្សាឃុំសង្កាត់បានធ្លាក់ចុះវិញ។ គឺបានធ្លាក់ចុះពីចំនួន ២០៣៨ នាក់ កាលពីឆ្នាំ២០១២ មកត្រឹមចំនួន ១៩៤០ នាក់ នៅឆ្នាំ២០១៧។ ពោលគឺចំនួនស្ត្រីក្នុងក្រុមប្រឹក្សាឃុំសង្កាត់បានធ្លាក់ចុះចំនួន ៩៨នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការក្នុងការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ ដែលបានដាក់បង្ហាញក្នុងសន្និសីទសារព័ត៌មានកាលពីខែមិថុនា ឆ្នាំ២០១៧ ក្នុងរាជធានីភ្នំពេញ៕