en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ព្រមាន​បក្ស​សង្គ្រោះ​ជាតិ​កុំ​ការពារ​លោក​ កឹ​ម​ សុខា​ ប្រយ័ត្ន​រំលាយ​បក្ស​

Share

​ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ព្រមាន​ធ្ងន់ៗ​ ដោយ​ហាម​គណបក្ស​សង្គ្រោះ​ជាតិ​ កុំ​ការពារ​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​នេះ​ ដែល​ត្រូវ​បាន​ចោទ​ ជា​បុគ្គល​ក្បត់ជាតិ​នោះ​ ពុំនោះ​ទេ​អាច​ធ្វើ​ឲ្យ​បក្ស​ប្រឈម​នឹង​ការ​រំលាយ​ចោល​។​

​ការ​ព្រមាន​របស់​សម្តេច​ ហ៊ុន​ សែន​ ធ្វើ​ឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ​ កម្មការិនី​ និយោជិត​ប្រមាណ​ជា​ ៤​ពាន់​នាក់​ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​នៅ​ព្រឹក​ថ្ងៃ​ អាទិត្យ​ ទី​ ៣​ កញ្ញា​នេះ​។​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ ទោស​ក្បត់ជាតិ​ គឺជា​ទោស​ធ្ងន់ធ្ងរ​ ជាង​ទោស​អ្វីៗ​ទាំងអស់​។​

​ជាមួយ​គ្នា​នេះ​ដែរ​សម្តេច​ ហ៊ុន​ សែន​ ក៏​បាន​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ឲ្យ​រក្សា​ភាព​ស្ងប់ស្ងាត់​ទុក​ឲ្យ​តុលាការ​ចាត់ការ​ ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ទ​ង្វើ​ក្បត់ជាតិ​របស់​លោក​ កឹ​ម​ សុខា​ ព្រមទាំង​អំពាវនាវ​ប្រទេស​អា​មេ​រិ​ក​ និង​បណ្តា​ប្រទេស​ដទៃ​ទៀត​កុំ​ឲ្យ​លូកដៃ​ ចូល​អន្តរាគមន៍​ក្នុង​ករណី​របស់​លោក​ កឹ​ម​ សុខា​ នេះ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ហ៊ុន​ សែន​ បាន​ប្រកាស​ស្វែងរក​ជនបរទេស​ផ្សេង​ទៀត​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ផែនការ​ក្បត់ជាតិ​ជាមួយ​លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ហើយ​សម្តេច​ក៏​បាន​ប្រកាស​ផង​ដែរ​ថា​ អា​មេ​រិ​ក​ធ្លាប់​ធ្វើ​ រឿង​នេះ​ជាមួយ​ លន់​ ណុ​ល​ ហើយ​លើក​នេះ​អា​មេ​រិ​ក​ ក៏​ធ្វើ​រឿង​នេះ​ជាមួយ​លោក​ កឹ​ម​ សុខា​។​

​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​វេលា​ម៉ោង​ប្រមាណ​ ១២​ ៖​ ៣៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៧​ នៅ​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ក្នុង​សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ក្រោយ​ពី​មានការ​បែកធ្លាយ​វី​ដេ​អូ​ក្លី​ប​ដែល​រដ្ឋអំណាច​ចោទ​ថា​ ក្បត់ជាតិ​បែប​នេះ​។​ គេ​មិនដឹង​ថា​ លោក​ កឹ​ម​ សុខា​ នឹង​ត្រូវ​ឃុំខ្លួន​នៅ​ ឯណា​ទេ​ តែ​ព័ត៌មាន​ខ្លះ​បង្ហើប​ថា​ ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ គុក​ត្រពាំង​ថ្លុ​ង​ ខេត្ត​ត្បូង​ឃុំ​៕​

Share

ព័ត៌មានទាក់ទង

Image