en     km
en     km

លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ក្បត់ជាតិ​

Share

ភ្នំពេញ​៖​ លោក​ កឹ​ម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោម​បទ​ចោទ​ ឃុបឃិត​ជាមួយ​បរទេស​រៀប​ផែនការ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ចាប់ខ្លួន​នៅផ្ទះ​របស់​លោក​ នា​វេលា​ម៉ោង​ ១២៖៣០​នាទី​ ឈាន​ចូល​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ នៅ​សង្កាត់​បឹង​កក់​ ២​ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។​

​ការ​ចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​ នេះ​ គឺ​បន្ទាប់​ពី​លោក​បាន​និយាយ​ក្នុង​វី​ដេ​អូ​ក្លី​ប​មួយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ CBN​ ពី​សកម្មភាព​ការងារ​របស់​លោក​ តាំងពី​ឆ្នាំ​១៩៩៣​មក​ ដែល​បាន​ទៅ​សិក្សា​ពី​លទ្ធិប្រជាធិបតេយ្យ​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​សហរដ្ឋអាមេរិក​ និង​ទទួល​បានការ​ផ្ដល់​យោបល់​នានា​ពី​ប្រទេស​មហាអំណាច​មួយ​នេះ​ ដើម្បី​យក​មក​អនុវត្ដន៍​នៅ​កម្ពុជា​។​ ការ​នេះ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​អះអាង​ថា​ គឺជា​អំពើ​ក្បត់ជាតិ​ ដែល​មាន​បំណង​ និង​បាន​រៀបចំ​ផែនការ​ ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ រវាង​លោក​ កឹ​ម​ សុខា​ និង​បក្សពួក​ ជាមួយ​បរទេស​។​

​ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​នេះ​ គឺ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បណ្ដេញ​អង្គការ​អន្ដរជាតិ​ NDI​ ចេញពី​ប្រទេស​ក្រោយ​ម​ហេតុផល​ អង្គការ​នេះ​អនុវត្ដ​ការងារ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​ ហើយ​រំលង​តែ​ថ្ងៃ​ទី​០៣​ កញ្ញា​ នេះ​មួយ​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ កាសែត​អន្ដរជាតិ​ ខេ​ម​បូ​ឌា​ ដេ​លី​ ដែល​មាន​វ័យ​ចំណាស់​ជាងគេ​ឈរជើង​នៅ​លើ​ទឹកដី​កម្ពុជា​ តាំងពី​ឆ្នាំ​១៩៩៣​ មក​នោះ​ ក៏​នឹង​ត្រូវ​បិទ​ ហើយ​រឹបអូស​ទ្រព្យសម្បត្ដិ​ផង​ដែរ​ ក្នុង​ករណី​ស្ថាប័ន​កាសែត​មួយ​នេះ​ មិន​អាច​បង់ពន្ធ​សង​រដ្ឋ​នូវ​ទំហំ​ទឹកប្រាក់​ ៦​លាន​ ៣​សែន​ដុល្លារ​។​

​ការ​ចាប់ខ្លួន​លោក​ កឹ​ម​ សុខា​ គណបក្ស​នេះ​សង្គ្រោះ​ជាតិ​បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ ហើយ​ចាត់​ទុក​ថា​ ការ​ចាប់ខ្លួន​មេដឹកនាំ​បក្ស​ គឺ​ស្ថិត​ក្រោម​ផល​នយោបាយ​ខណៈ​ការ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​០៦​ នា​ខែកក្កដា​ ឆ្នាំ​២០១៨​ នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ គណបក្ស​នេះ​ក៏​បាន​ទាមទារ​ឲ្យ​មានការ​ដោះ​លែង​លោក​ កឹ​ម​ សុខា​ ជា​បន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ទាំងអស់​៕​

Share

Image
Image
Image