ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីជួនដំណឹង ប្រាប់ដល់ពលរដ្ឋឲ្យប្រុងប្រយ័ត្នកើតជំងឺគ្រុនចាញ់ ពិសេសប្រជាពលរដ្ឋដែលធ្វើដំណើរចំណាកស្រុកទៅរស់នៅភូមិស្រុក ជិតតំបន់សំបូរព្រៃ ឬក្នុងព្រៃ។
ជំងឺគ្រុនចាញ់បង្កឡើងដោយមូសដែកគោលញី ហើយវានឹងធ្វើឲ្យមនុស្សស្លាប់ប្រសិនបើអ្នកជំងឺមិនបានទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីព្យាបាលឲ្យបានត្រឹមត្រូវ។ ជាធម្មតាអ្នកជំងឺគ្រុនចាញ់ ដែលត្រូវមូសដែកគោលញីខាំ នឹងបង្ហាញអាការ ជាដំបូង គឺឈឺក្បាល រងាញាក់ និងក្អូតចង្អោរ នៅរង្វង់ ១ សប្ដាហ៍ ទៅ ២សប្ដាហ៍។
ជាមួយគ្នានេះនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក៏បានអំពាវនាវដល់ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់សំបូរព្រៃញឹកញាប់ ប្រសិនបើមានអាការណាមួយដែលសង្ស័យថា កើតជំងឺគ្រុនចាញ់ត្រូវរូសរាន់ទៅជួបគ្រូពេទ្យ ឬអ្នកស្ម័ក្រចិត្ដភូមិ ដើម្បីធ្វើតេស្ដឈាមរកមេរោគគ្រុនចាញ់ និងព្យាបាលឲ្យបានទាន់ពេលវេលា។ ជាងនេះដើម្បីបង្កាកុំឲ្យមូសដែលគោលញីខាំ ត្រូវពាក់ខោ អាវវែង ឲ្យបានជិតខ្លួន ចាប់ពីព្រលប់ ទល់នឹងព្រលឹម ត្រូវគេងក្នុងមុងឲ្យបានត្រឹមត្រូវ ពិសេសគឺកុមារតូចៗ៕