តូក្យូ ៖ រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្រទេសជប៉ុន បានសម្រេចលុបចោលការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីជួបចរចាបញ្ហាសេដ្ឋកិច្ច ដោយសារតែស្ថានការណ៍កាន់តែតានតឹងយ៉ាងខ្លាំងនៅលើឧបទ្វីបកូរ៉េ។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានចុះផ្សាយកាលពីថ្ងៃទី០១ កញ្ញា ថា លោក តារ៉ូអាហ្សូ បានសម្រេចលុបចោលការចរចាជាមួយនឹងសមភាគីសហរដ្ឋអាមេរិកវិញភ្លាមៗ បន្ទាប់ពីស្ថានការណ៍នៅលើឧបទ្វីបកូរ៉េហាក់កាន់តែចង់ផ្ទុះសង្គ្រាម ដោយសារតែកាលថ្ងៃទី២៨ សីហា កូរ៉េខាងជើងបានបាញ់កាំជ្រូច ១ដើម ហោះរំលងប្រទេសជប៉ុនទៅធ្លាក់ក្បែរកោះ អូកៃដូ ធ្វើឲ្យជប៉ុនថ្កោលទោសយ៉ាងខ្លាំង។
លោករដ្ឋមន្ដ្រីហិរញ្ញវត្ថុជប៉ុនបានប្រាប់សន្និសីទសារព័ត៌មានថា ៖«យើងមិនអាចដឹងថា នឹងមានអ្វីកើតឡើងទេនៅប្រទេសកូរ៉េខាងជើងទេ។ លោក អាបេ បានប្រាប់ខ្ញុំឲ្យស្ថិតនៅប្រទេសជប៉ុនមួយរយៈសិន ព្រោះគ្រប់ទិដ្ឋភាពទាំងអស់នាពេលនេះសុទ្ធតែអាចកើតមានបាន ដោយសារតែស្ថានការណ៍សន្ដិសុខជាតិធ្លាក់ដល់កម្រិតគ្រោះថ្នាក់បំផុត»។
ស្ថានការណ៍សឹកនៅលើឧបទ្វីកូរ៉េ បានធ្លាក់ដល់កម្រិតគ្រោះថ្នាក់ដែលរកព្យាករណ៍មិនត្រូវនេះ ព្រោះតែសហរដ្ឋអាមេរិក និងកូរ៉េខាងជើងបន្ដគំរាមវាយប្រហារគ្នាទៅវិញទៅមក ដោយមិនដឹងថា ថ្ងៃណានឹងផ្ទុះសង្គ្រាមនោះទេ៕ ប្រភព Reuters