en     km
en     km

បក្សប្រឆាំង ស្នើកុំឱ្យ​កំណត់រយៈពេលនៃការចេញលិខិតបញ្ជាក់ទីលំនៅ

Share

ភ្នំពេញ៖ នៅថ្ងៃ​ទី០១ កញ្ញានេះ ​នៅតាមការិយាល័យនីមួយ​ៗ បានចាប់ផ្តើម​ដំណើរការចុះឈ្មោះបោះ​ឆ្នោត ដើម្បី ​ធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះ​បោះឆ្នោត​ ​បម្រើឱ្យការបោះឆ្នោត​​ជ្រើរើសតំណាង​រាស្រ្តឆ្នាំ២០១៨ តែមិនសូវមានពលរដ្ឋទៅចុះឈ្មោះផុសផុលនោះទេ។ ​តំណាងគណបក្សប្រឆាំង បានស្នើឱ្យ​សម្រួលដល់ការធ្វើលិខិតបញ្ជាក់លំនៅដើម្បី ​បង្កភាពងាយស្រួលដល់អ្នកឈ្មោះបោះឆ្នោត។ 

ខណៈ​ដែលការចុះបោះឆ្នោត​ ឆ្នាំ២០១៧ កំពុងដំណើរការពីថ្ងៃទី០១ កញ្ញានេះ  គណបក្សសង្រ្គោះជាតិបានស្នើឱ្យ​ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កែសម្រួលប្រកាសមួយ របស់ក្រសួងមហាផ្ទៃដែលកំណត់រយៈពេលនៃ​ការចេញលិខិតបញ្ជាក់ទីលំនៅ ដើម្បីសម្រួលដល់​​​ការចុះឈ្មោះបោះ​ឆ្នោត​​របស់ពលរដ្ឋ។

លោកស្រី ​ម៉េង សុភារី ប្រធាននាយកដ្ឋាន​កិច្ចការ​បោះឆ្នោត និងនីតិកម្ម នៃគណបក្សសង្រ្គោះជាតិ បាន​ថ្លែងដូចនេះ​​នៅក្នុងកិច្ចប្រជុំ​ជាមួយភាគី​ពាក់ព័ន្ធ​អំពី​ការធ្វើបច្ចុប្បន្ន​ភាព​បញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧​ នៅថ្ងៃនេះ ។

ក្នុងកម្មវិធីនេះលោកស្រីបានបញ្ជាក់ថា  ប្រកាស​ របស់ក្រសួងមហាផ្ទៃ ចេញ​កាលពីថ្ងៃទី​១៤ សីហា បានប្រកាសកែប្រែបែបបទ និងនីតិវិធីក្នុងចេញលិខិតបញ្ជាក់ទីលំនៅ ​ដោយកំណត់រយៈពេល៣០ថ្ងៃទើបប្រជាពលរដ្ឋទទួល​បានលិខិតបញ្ជាក់ទីលំនៅ ពីប៉ុស្តិ៍នគរបាល ខណៈដែលប្រកាសចាស់ ការបញ្ជាក់ទីលំនៅមិនបានកំណត់ពេលវេលារយៈឡើយ។

លោកស្រីសង្កត់ធ្ងន់ថា ការកែប្រែចុងក្រោយនេះ មិនបានជួយសម្រួលដល់ពលរដ្ឋនោះទេ មិនតែប៉ុណ្ណោះបានប៉ះពាល់ដល់សិទ្ធិរបស់ពលរដ្ឋក្នុងការចុះ​​ឈ្មោះបោះឆ្នោតថែមទៀតផង។

ការចុះឈ្មោះ​បោះឆ្នោត មានរយៈ​ ៧០ ថ្ងៃ គឺចាប់​​​​​ពី​​ថ្ងៃ​០១ ខែកញ្ញា ដល់​​ថ្ងៃ​ទី០៩ ខែវិច្ឆិកា​​ ​ឆ្នាំ២០១​៧ នៅតាម​សាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន​ក្នុងឃុំសង្កាត់ទូទាំងប្រទេស​​  ដែលបើកធ្វើ​​រៀងរាល់ថ្ងៃ​ គិតទាំងថ្ងៃ​សៅរិ៍ អា​ទិត្យ​។

ទាក់ទិននឹងសំណើរបស់តំណាងគណបក្សសង្រ្គោះជាតិនេះ លោក គួយ ប៊ុនរឿន អនុប្រធានគ.ជ.​ប មានប្រសា​សន៍ ការកំណត់របស់ក្រសួងមហាផ្ទៃពិតជាប៉ះពាល់ដល់ការចុះឈ្មោះរបស់ប្រជាពលរដ្ឋ​។ តែបែបក្តីនេះ ​លោកបញ្ជាក់ថាបន្ទាប់ពី គ.ជ.បបានបញ្ជូនតំណាងម្នាក់ទៅ​ពិភាក្សាជាមួយ​ក្រសួងមហាផ្ទៃ គឺក្រសួងមហាផ្ទៃមានហេតុផល និងមូលដ្ឋានច្បាប់គតិយុទ្ធមួយចំនួនដែលកំពុងនៅជាធរមានក្នុងការគ្រប់គ្រងប្រជាពលរដ្ឋ។

​គ.ជ.បបានអំពាវនាវឱ្យពលរដ្ឋ ​​ដែលគ្រប់អាយុបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះ ជាពិសេស ពលរដ្ឋកំពុង​បំពេញ​បេស​កកម្ម ធ្វើការ​ ឬសិក្សានៅក្រៅប្រទេស​ប្រញ៉ប់​​រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បី​ចុះឈ្មោះបោះឆ្នោត​​ ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលា​​​តាមកាលបរិច្ឆេទដែលបាន​​កំណត់ ដើម្បីទទួលបានសិទ្ធិពេញលេញ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខនេះ។

សូមជម្រាប គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួនជិត១៦លាននាក់ (១៥​,៨៨៣​,២៥០នាក់)។ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួនជិត១០លាននាក់( ៩,​៧៨៨​,២៣៩នាក់) ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួនជិត៨លាននាក់ ( ៧,៨៦៥,០៣៣នាក់) ​និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួនជាងមួយលាន ៤សែននាក់ ( ១,៤១២,១៤៩នាក់)។

ដោយឡែក ពលករ​ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេង​ទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជា​​ងមួយលាននាក់​(១,០៥០,០០០នាក់) ​ក្នុងនោះនៅប្រទេស​ថៃមានចំនួន​​ច្រើនជា​​​ង​គេ៕​

អត្ថបទ៖ កញ្ញា ឆេង ណាតា

 

Share

ព័ត៌មានទាក់ទង

Image