en     km
en     km

​ ពុករលួយធ្លាយដល់​តំបន់​ដាច់​ស្រយាល ការបង្រ្កាប​ចាប់ពីថ្នាក់កណ្តាលមុន

Share

ភ្នំពេញ៖ ​អំពើពុករលួយគឺ​ជាបញ្ហាចាក់ស្រេះ នៅក្នុងសង្គមកម្ពុជាដែលពិបាកនឹងដោះស្រាយ។ វាកើត​​មាន​​ចាប់តាំងពី​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ក្នុង​មុខ​របររកស៊ី​តូចតាច រហូត​​ដល់​ករណី​ជំនួញ​ធំៗ ឬក្នុង​ការ​​​តតាំងក្តីនៅតុលាការ​ផងដែរ។

អ្នកលក់ដូរ​​ចល័ត អ្នក​​រកស៊ីក្នុង​រាជ​ធានីភ្នំពេញ​ខ្លះ​ អ្នកធ្លាប់មាន​រឿងក្តីនៅតុលាការ ក៏ដូចជា​អាណាព្យាបាលសិស្ស​​  សុទ្ធតែបានលើក​មក​បង្ហាញ​ពី​បទ​ពិសោធន៍​របស់​ពួកគេ​ក្នុង​ការ​ផ្តល់​សំណូក។​

 

នៅលើផ្លូវ​មួយ​ក្បែរ​ផ្សារ​មាន់អាំង ដែល​ជា​ផ្សារ​ដ៏ចំណាស់មួយ ​ក្នុងខណ្ឌ័ទួលគោក​​រាជធានី​ភ្នំពេញ ​​អ្នក​​​លក់​ធ្យូង​ចល័តមួយក្រុម មកពីខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ កំពុង​ស្វែង​រក​អតិថិជន។ រ៉ឺម៉កម៉ូតូ​របស់​ពួកគេ ដែល​មាន​កន្ទុយ​សណ្តោង​ធំវែងស្ទើរប៉ុន​រថយន្តដឹក​ទំនិញ ផ្ទុក​ពេញ​ទៅដោយ​ធ្យូង​ដុំ​ខ្មៅ​ក្រឹប ខ្លះ​រាយ​ប៉ាយលើ​ផ្ទៃរ៉ឺម៉ក ខ្លះ​ច្រក​ក្នុង​បាវផ្លាស្ទីក​ពណ៌ស។

លោកសុខ វាសនា ជាអ្នកធ្យូងម្នាក់ក្នុងចំណោមនោះ។​ ​លោក​បាន​ដើរ​ប្រមូល​ទិញ​ធ្យូង​​ពី​អ្នក​ភូមិ​ក្នុងព្រៃ នៅខេត្តកំពង់ធំ  កំពង់​​ស្ពឺ និង ខេត្តសៀមរាប ​ដើម្បីផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​រាជ​ធានី​ភ្នំពេញ​អស់រយៈ​ពេលបួន​ឆ្នាំមកហើយ ។ មុន​នឹង​អាច​មក​ដល់​រាជ​ធានី​ភ្នំពេញ​លោក​ត្រូវ​​ចំណាយ​ប្រាក់​មួយ​ចំនួន​​ដល់​ក្រុម​សមត្ថកិច្ច​​និងអាជ្ញាធរ ចាប់តាំងពី​ចេញ​ពីឡ​ដុត​ធ្យូង នៅ​ក្នុង​ព្រៃ រហូត​ដល់​បង់​ឲ្យ​ក្រុម​សមត្ថកិច្ច​តាម​ដង​ផ្លូវ​ផងដែរ។

«ចង់យកចេញពីព្រៃមកបានទាល់តែឲ្យលុយ ២ម៉ឺន ឬ ១ម៉ឺន(រៀល)ទៅរួចហើយ………. តែអត់ឲ្យ …. មិនបាន​ចេញទេ។ ការយកលុយតាផ្លួវច្រើនកន្លែងព្រោះខ្ញុំមិនបានរាប់ទេ បើនៅក្នុងព្រៃគេយកច្រើន ៣ទៅ៤ម៉ឺនរៀល បើនៅសៀមរាប កន្លែងខ្លះ  ១០ម៉ឺនរៀល បើមិនឲ្យគេមិនឲ្យចេញទេ។»

ក្នុងសភាព​ស្គមស្តើង លោកសុខ វាសនា បញ្ជាក់ថា​ការ​ចំណាយ​លើ​ការ​សូក​ប៉ាន់​នៅ​តាម​ដង​ផ្លូវ ស្មើនឹង​ប្រាក់​ចំណេញ​ដែល​នៅ​សល់​សម្រាប់​គ្រួសារ​របស់​លោកគឺ​ប្រមាណ​ជាង១០ម៉ឺន​រៀលឬ​ច្រើន​ជាង​២៥​ដុល្លារ​អាមេរិក ក្នុង​ការ​ដឹក​ធ្យូង​លក់មួយ​ជើងៗ។ ប៉ុន្តែ​អ្នកស្រុកគងពិសី ខេត្តកំពង់ស្ពឺ រូប​នេះ​ត្រូវ​ចំណាយពេលយ៉ាង​តិចមួយសប្តាហ៍​ទើប​​អាច​លក់ធ្យូង​ពេញ​មួយរ៉ឺម៉ក​របស់​គាត់​អស់។«ចំនេញបានតិចតួចណាស់ គ្រាន់ចិញ្ចឹមប្រពន្ធកូន ពិបាកគេយកលុយតាមផ្លូវ។»

មិនមែន​មាន​តែអ្នករកស៊ី​ដឹកធ្យូងលក់តាមផ្លូវនោះទេ ដែ​លត្រូវបង់​លុយទៅ​ឱ្យប៉ូលីសតាម​ដង​ផ្លូវ។ ​ពល​រដ្ឋ​កម្ពុជា​មួយ​ចំនួន​​ត្រូវ​សូក​ប៉ាន់​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច​ដើម្បី​ការពារ​ភាព​មិន​ស្រប​ច្បាប់របស់ខ្លួន។

ជាក់​ស្តែងលោកវ៉ាន់ សុជា ម្ចាស់ហា​ង សាច់គោអាំង នៅក្បែរផ្សារស៊ីធីម៉ល ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​រៀបរាប់ថា រៀង​រាល់កន្លះឆ្នាំម្តង ឬ​ពេលបុណ្យទានម្តងៗ លោក តែងតែឱ្យ​លុយ​មន្ត្រី​ពន្ធដារ ពី២០ ទៅ៥០ដុល្លារ​អាមេរិក​​ ​ឬ​ប្រហាក់​ប្រហែល​ពី​៨ម៉ឺនរៀង​ដល់​២០ម៉ឺន​រៀល​ជា​ថ្នូរនឹងភាពសុខសាន្ត​សម្រាប់ការរកស៊ីរបស់លោក និងការគេច​វេសមិន​បង់ពន្ធ​ជូន​រដ្ឋ ដោយសារតែហាងរបស់លោក មិនបានធ្វើអាជ្ញាប័ណ្ណ​រកស៊ីតាមច្បាប់​​។ លោកវ៉ាន់ សុជា«បើសិនជាយើងបង់ថ្លៃសេវារដ្ឋអាហ្នឹងវាធ្ងន់ជាងអាហ្នឹង អញ្ចឹងយើងឱ្យប៉ុន្នឹងវាអត់មាន​ប៉ះពាល់ទេ ផ្តល់​ផល​ចំណេញឱ្យយើងវិញហើយងាយស្រួលឱ្យយើងរកស៊ីទៀតអត់មាន​ខ្វល់ទេ អញ្ចឹងបើសិនជា​គាត់ជួយ​យើងអញ្ចឹង យើងជួយគាត់ផឹក កាហ្វេវិញទៅ បើអត់ទេមានអីក្រសួងពន្ធដាចុះមកផូង យើងអត់រត់​អាជ្ញាប័ណ្ណ អត់រត់អីទាំងអស់ ហើយយើងបើកហាងរកស៊ីជិត២០ឆ្នាំហើយ»។

ក្រៅពីបទពិសោធន៍សូកប៉ាន់​នេះ ​លោកសុជា ក៏​ធ្លាប់ឱ្យប្រាក់ទៅ​មន្រ្តីជាន់ខ្ពស់មួយរូប ដើម្បីជួយ​​ទប់កុំឱ្យតុលាការ​ចាត់​ការរឿងក្តីមួយដែល​ឪពុករបស់លោក​រង​បណ្តឹង​ពីបទក្លែង​លិខិត ក្នុងករណី​ជម្លោះដីធ្លីមួយ​ ដោយសារឪពុករបស់លោកមិន​បានពិនិត្យឱ្យបានច្បាស់ មុនផ្តិតមេដៃ​លើលិខិតស្នាមមួយនោះ។

លោកបានឱ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំ​​ដែលលោកព្យាយាម​កុំឱ្យតុលាការសើរើរឿងក្តី​នេះ​​ លោក​បាន​ចំណាយលុយអស់ប្រមាណជាង​២ម៉ឺនដុល្លារ​អាមេរិក។​ ​

​ទាក់ទង​នឹង​​សំណុំ​រឿង​តុលាការ​ដែរ លោកជា វណ្ណារ៉ា វ័យជាង៤០ឆ្នាំ បានចំណាយ​ប្រាក់​ចំនួន​៥ពាន់ដុល្លារ​អាមេរិក​ ជា​ថ្នូរនឹងការបន្ធូរបន្ថយទោសដល់​មិត្តភក្ត្រ័​ម្នាក់​របស់លោក។ កាលពីឆ្នាំ​២០១៥​មិត្តរបស់លោកវណ្ណារ៉ា ត្រូវបាន​តុលាការ​កាត់ទោសឱ្យជាប់ពន្ធនាគារ​ចំនួន ៧ ឆ្នាំ ក្រោម​បទចោទក្លែងបន្លំឯ​កសារសារធារណៈ​។ លោកបានឱ្យដឹងថា បន្ទាប់​ពីលោកបាន​ផ្តល់ប្រាក់៥ពាន់ដុលា្លរ តាមរយៈមេធាវីមួយរូប នៅឆ្នាំ​២០១៦ សាលាឧទ្ធរណ៍​​បានបន្ធូរបន្ថយទោស​មកត្រឹម៥ឆ្នាំ និងព្យួរការអនុវត្តទោសទាំងអស់។លោកវ៉ាន់ សុជា៖ ​«គេ​ដាក់ឈ្មោះ​យើង ហើយឱ្យយើងស៊ីញ៉េ ហើយ​យើងអត់ដឹង យើងទៅស៊ីញ៉េ​ហើយទៅបើកលុយឱ្យគេ ហើយ​តុលាការចោទយើងថាក្លែងបន្លំឯកសារសាធារណៈ ហើយគេកាត់ទោសយើងឱ្យជាប់គុកប្រាំពីរ ប៉ុន្តែ​រួចខ្លួនក៏យើងអត់សប្បាយចិត្តដែរ ដោយសារយើងបានសូកលុយទៅតុលាការ ហើយការសូកប៉ាន់នេះ សូម្បី​តែ​​ខ្ញុំក៏មិនសប្បាយចិត្តដែរ តែដើម្បីរួចខ្លួនខ្ញុំត្រូវតែធ្វើបើមិនអញ្ចឹងទេ​ បើអញ្ចឹងទេខ្ញុំ​ជាប់គុកឥត​ប្រយោជន៍ ទើបខ្ញុំសុខចិត្តខ្ចីលុយអ្នកនេះ អ្នកនោះដើម្បីសូកប៉ាន់គេ ដើម្បីឱ្យយើងរួចខ្លួន។»

របាយការណ៍​មួយរបស់ ​អង្គការ​តម្លា​ភាព​កម្ពុជា​ដែល​មានមូលដ្ឋាន​នៅ​ក្នុងក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់​ ​ចេញ​ផ្សាយកាលពី​ដើមឆ្នាំ​២០១៧​នេះ លើកឡើងថា កម្ពុជា​ស្ថិត​ក្នុង​លំដាប់​លេខរៀង​ទី១៥៦ក្នុ​ង​ចំណោម​ប្រទេស​សរុប​ចំនួន​១៧៦ដែល​អង្គការ​នេះ​បាន​ធ្វើ​ការសិក្សា​លើ​អំពើពុករលួយ ដែលធ្វើ​ឲ្យ​កម្ពុជា​ជា​ប្រទេស​ដែល​ពុករលួយ​ខ្លាំង​ជាង​គេ​បំផុត​ក្នុងប្លុកអាស៊ាន​និងជា​ប្រទេស​ពុករលួយ​ខ្លាំងជាងគេ​លំដាប់​ទី៣នៅ​តំបន់អាស៊ី​ប៉ាស៊ីភិក។

​របាយការណ៍​ដដែល​ចង្អុល​បង្ហាញថាការគ្រប់គ្រង​ធនធាន​ធម្មជាតិ​និង​ប្រពន្ធ័តុលាការជា​កន្លែង​មានអំពើពុករលួយ​ខ្ពស់​ហើយត្រូវការ​ដោះស្រាយ។ មន្ត្រីតុលាការ​ជាប់​ចំណាត់​ថ្នាក់លេខ១​​បីឆ្នាំ​ជាប់ៗគ្នាក្នុង​ការ​ប្រព្រឹត្តិអំពើ​ពុក​រលួយ។ តាម​ពី​ក្រោយ​ដោយ​មន្ត្រីប៉ូលិស ជាប់​ចំណាត់ថ្នាក់​លេខ២​  ហើយ​មន្ត្រី​​រដ្ឋា​ភិបាល​​​ប្រព្រឹត្តិ​អំពើពុករលួយ​ច្រើនជាង​គេ​ឈរ​នៅ​លំដាប់​ទី៣។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋា​ភិបាលក៏ធ្លាប់​បាន​រិះគន់​អំពើ​ពុករលួយ​ក្នុង​ប្រពន្ធ័តុលាការនេះ​ដែរ។ពិសេស​ទាក់ទង​នឹង​មេធាវីនិង​ចៅក្រម​ដែលឆ្លើយដាក់គ្នា​អំពីអំពើពុករលួយ។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌​ ប្រាប់វិទ្យុស្រ្តីថា ​​ពិតជា​​​ការប្រព្រឹត្តអំពើពុក​រលួយ​នៅក្នុងស្ថាប័នតុលាការ ​ប៉ុន្តែគ្រាន់តែ​ក្នុងលក្ខណៈ​​តិចតួ​ច មិន​​ច្រើនដូច​​​​​​សន្ទស្សន៍​នៅក្នុងរបាយការណ៍ដែលបានសន្និដ្ឋាននេះឡើយ។ ​​​លោកបន្ថែមថា ក្រសួងយុត្តិធម៌​មាន​យន្ត​ការ​រៀបចំគោលនយោបាយ និងយន្តការ​ តាមដាន​ត្រួតពិនិត្យ ការអនុវត្តរបស់ស្ថាប័ន តុលាការ​ដើម្បី​ធ្វើ​ឲ្យ​​មាន​ការ​ប្រសើរ​ឡើង។

​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​តុលាការរាជ​ធានីភ្នំពេញ តុលាការ​ខេត្តកណ្តាល​ និង​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ​ត្រូវ​ចាប់​ខ្លួននិង​ផ្តន្ទាទោស​ទាក់ទង​នឹង​ករណី​ប្រព្រឹត្តិ​អំពើ​ពុករលួយ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំង អំពើពុករលួយ បានឱ្យដឹងថា​កន្លងមក​អង្គភាព​ប្រឆាំងអំពើពុករលួយបាន ​​ស៊ើបអង្កេត និងចាប់ខ្លួន​​​ចៅក្រមនៅកម្ពុជា​មួយចំនួន​ដែល​បាន​ប្រព្រឹត្តអំពើ​ពុករលួយ។

លោក ឱម យ៉ិនទៀង៖«ចុះយើងចាប់ម៉ាគំនរ ចៅក្រមក៏យើងមានចាប់ ព្រះរាជអាជ្ញាអីក៏យើងមានចាប់ដែរតើ ហើយឱ្យយើងធ្វើមិចទៀត ករណីទី១តាមខ្ញុំចាំ ទី១ដែលយើងចាប់គឺព្រះរាជអាជ្ញាធរខេត្តពោធិ៍សាត់នេះ »។

 របាយការណ៍​ឆ្នាំ​២០០៤ របស់​ភ្នាក់ងារ USAID  បង្ហាញ​ថា​ការ​ប្រមូល​ពន្ធ​របស់​រដ្ឋ​ធ្លុះធ្លាយ​​ចំពោះ​ការ​រត់​គេចពន្ធ ការ​ស៊ីសំណូក និង​ការអនុវត្តផ្ទុយ​នឹង​ច្បាប់​មួយ​ចំនួន​ទៀត។ ការ​បាត់​បង់​ចំណូល​រដ្ឋត្រូវ​ប៉ាន់​ប្រមាណ​ថាមាន​ចន្លោះ​ពី​៣០០​ទៅ​៥០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។ ហើយ​​អំពើ​ពុក​រលួយ​ដែល​ខ្លាំង​ជាង​គេ​គឺ​ទាក់ទង​នឹង​សម្បទាន​ព្រៃឈើ។

របាយការណ៍​រៀប​រាប់​ថា «កង​នគរបាល និង​មន្ត្រីរដ្ឋា​ភិបាល​ទារលុយ​សំណូក​តូចៗ​នៅ​កន្លែង​រាប់​មិនអស់។ សិស្ស​និស្សិត​តាម​សាលាសាធារណៈ​ផ្តល់​លុយ​ក្រៅ​ផ្លូវ​ការជា​ប្រចាំ​ថ្ងៃ​ដើម្បី​ចាក់​បំពេញ​ប្រាក់ខែរបស់​គ្រូ​បង្រៀន​និង​រដ្ឋ​បាល​ និងអាច​បំពេញ​ហោប៉ៅ​មន្ត្រី​ជាន់​ខ្ពស់​នៅ​តាម​ក្រសួង​ទៀត​ផង។ ការអនុវត្តដូចគ្នា​នេះ​ក្នុង​ប្រពន្ធ័សុខា​​ភិបាល​ដែល​មាន​ការ​ផ្តល់​កម្រៃបន្ថែម​ដល់​ក្រុម​វេជ្ជ​បណ្ឌិត គិលានុប្បដ្ឋាកយិការនិង​បុគ្គលិក​សុខា​ភិបាល​ផ្សេង​ទៀត។»

បើទោះជា​យ៉ាងណា រដ្ឋា​ភិបាលបាន​បង្ហាញ​​ការខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​។ ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ត្រូវ​បាន​អនុម័ត​​និង​ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ២០១០។ ច្បាប់​នេះ​បាន​ចែងថា​អ្នក​ផ្តល់​សំណូក​និង​អ្នក​ទទួល​សំណូក​នឹង​ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា។ ច្បាប់នេះបាន​កំណត់​និយម​ន័​យ​នៃ​អំពើ​ពុក​រលួយថាការ​ផ្តល់​ផល​ឬ​ទទួល​ផល​ដែល​មិន​សមាមាត្រ​នឹង​ទំហំ​ការ​ងារ​ដែល​ទទួល​ខុស​ត្រូវ។​

ករណីអំពើពុករលួយ​ដែលធ្វើ​ឱ្យមជ្ឈដ្ឋាន ចាប់អារម្មណ៍ខ្លាំង​ គឺករណីលោក ស៊ុត ឌីណា អតីតអគ្គរាជខ្មែរប្រចាំប្រទេស កូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន កាលពីឆ្នាំ២០១៦ និង​លោក​ចៅក្រម អាំង មាលតី ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ដែលត្រូវតុលាការផ្តន្ទាទោស​កាលពី​ឆ្នាំ​២០១៥ ពីបទ​កេង​ប្រវ័ញ្ច​យក​ផល​ប្រយោជន៍​ដោយ​ខុស​ច្បាប់ ហើយ​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់ ៣​ឆ្នាំ  ។

នៅឆ្នាំ​២០១៧នេះ មន្រ្តីសាធារណៈមួយចំនួន ក៏ត្រូវបានចាប់​ខ្លួន និងផ្តន្ទោទោសដាក់​ពន្ធនាគារ​ផងដែរ ក្នុងនោះ រួមមានជំនួយការ​របស់​អគ្គលេខាធិការ​រង​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ីឌីស៊ី (CDC) ជុំវិញ​ករណី​ទាមទារ និង​ទទួល​ប្រាក់​ខុស​ច្បាប់​នៅ​ក្នុង​ពេល​បំពេញ​ការងារ និង​ហ៊ុយ ហឿន ដែល​ជា​នាយរង​ផ្នែក​សិទ្ធិ​និពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ការិយាល័យ​កម្មសិទ្ធិបញ្ញា នៃ​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក្រសួង​មហាផ្ទៃ ​ជា​ដើម។

លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា បានឱ្យដឹងថា បើទោះ​ជាកម្ពុជា បានអនុវត្តច្បាប់​ប្រឆាំងអំពើពុករលួ​យក៏ដោយ ប៉ុន្តែនៅមានកម្រិតនៅឡើយ ដែលធ្វើ​ឱ្យ​កម្រិត​ពុករលួយនៅកម្ពុជានៅតែធ្ងន់ធ្ងរនៅឡើយ។

លោក សង្កេតឃើញថា ការប្រ​ព្រឹត្តិអំពើពុករលួយនៅក្នុងស្ថាប័នសាធារណៈ​មានច្រើន​រូបភាព ប៉ុន្តែ​ដោយសារ​ការអនុវត្តច្បាប់នៅមានកម្រិត​ ទើបធ្វើឱ្យមន្រ្តីដែលនៅបន្តប្រព្រឹត្ត​អំពើ​ពុក​រលួយទាំងនោះ ​ជៀសផុតពី​ការចាប់ខ្លួន​ និង​គ្មានការ​​ស៊ើបអង្កេត ដែលធ្វើឱ្យពួក​គេនៅតែ​អាចមានលទ្ធភាពប្រព្រឹត្តិអំពើពុករលួយដដែល។ លោក ប៉ិច ពិសី ៖ «ការអនុវត្តច្បាប់គឺយើងឃើញថាមាន ប៉ុន្តែមមិនទាន់ដល់កម្រិតមួយដែលអាចឆ្លើយតប​ទៅ​នឹងទំហំនៃអំពើពុករលួយដែលកើតមាននៅក្នុងប្រទេសយើងទេ អញ្ចឹងយើងមិន​និយាយ​ថាការអនុច្បាប់គាត់មិន​ល្អទេ យើងនិយាយថាការអនុច្បាប់នៅមានកម្រិត ហើយ​យើងលើកទឹកចិត្តឱ្យគាត់ពង្រឹងការអនុវត្តច្បាប់ហ្នឹងឱ្យប្រសើរជាងនេះ ដើម្បីឈានទៅ​កាត់បន្ថយអំពើពុករលួយ។»

លទ្ធផលនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរបស់​អង្គការ​តម្លាភាព​កម្ពុជា ចេញ​ផ្សាយ​នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ បានបង្ហាញ​ថា ​អំពើពុករលួយក្នុងស្ថាប័ន​សាធារណៈ​នៅ​កម្ពុជាមិនទាន់មានការផ្លាស់ប្តូរនៅឡើយ។ ប្រទេសកម្ពុជាទទួលបានពិន្ទុដដែល ដូចឆ្នាំមុនពោលគឺ ពិន្ទុ២១ ដោយផ្អែកលើមាត្រដ្ឋានសកលពី ០(ពុករលួយខ្លាំង) ទៅ១០០​(ស្អាតស្អំខ្លាំង)។​

ថ្វី​បើ​នៅតែ​មាន​​អំពើ​ពុក​រលួយ​ក្នុង​សង្គម​កម្ពុជា​ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​មួយរបស់​រដ្ឋា​ភិបាល​និង​សង្គម​ស៊ីវិល​​តាមរយៈ​ការ​ប្រឆាំង​និង​ការ​អប់រំ​ផ្សព្វផ្សាយ​អំពី​​អំពើ​ពុក​រលួយ​ដែល​ជា​អំពើ​ខុស​ច្បាប់​មួយនោះ ទំនង​ជា​ទទួល​បាន​ផ្លែផ្កា​ជា​បណ្តើរៗ​ផងដែរ។ ពលរដ្ឋ​មួយ​ចំនួន​បើទោះជា​បាន​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កឱកាសឲ្យ​មាន​អំពើ​ពុក​រលួយ ប៉ុន្តែ​ពួកគេ​បាន​ក្រឡេក​ថយ​ក្រោយ​មកវិញ​ថា​ទង្វើ​របស់​ពួក​គេគឺជា​ទង្វើ​ខុស​ច្បាប់។

ជិត​២០​ឆ្នាំហើយ​ដែល​លោកវ៉ាន់ សុជា ម្ចាស់ហា​ង សាច់គោអាំង នៅក្បែរផ្សារស៊ីធីម៉ល ក្រុង​ភ្នំពេញ​បានផ្តល់​លុយ​ក្រោម​តុ​ដល់​មន្ត្រី​ប្រមូល​ពន្ធ​សម្រាប់រដ្ឋា​ភិបាល។​ហើយ​ក៏ជិត​២០​ឆ្នាំ​ដែរ​ដែល​មន្ត្រី​​ដដែល​នោះ​​ទទួល​ផល​ពី​ភាព​មិន​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើ​ជំនួញ។​ទោះជា​យ៉ាង​ណា ថៅកែ​ភោជ​នីយដ្ឋាន​រូប​នេះ​ដឹង​យ៉ាង​ច្បាស់​ថា​អ្វីដែល​លោក​ធ្វើ គឺ​ពាក់​ពន្ធ័​នឹងការ​ប្រព្រឹត្តិនូវ​អំពើ​ពុក​រលួយ។ ​ប៉ុន្តែ​អ្វី​ដែល​លោក​បាន​​យល់ដឹង​នោះ​គឺថា​តើ​​​ការ​ផ្តល់​សំណូក ឬ​ការ​ទទួល​សំណូក​នឹង​ត្រូវ​ជាប់​ទោសកម្រិតណា។

លោកវ៉ាន់ សុជា៖«វា​ត្រឹ​មត្រូវហើយ ព្រោះអីយើងអត់មាន​ឯកសារអាជ្ញាប័ណ្ណអីស្របច្បាប់ផង ប៉ុន្តែយើង​បែរជាសូកលុយពីក្រៅ អាហ្នឹងខ្ញុំគិតជាអំពើពុករលួយហើយ។»

អ្នកស្រី ជឹង សុវណ្ណឌី វ័យ ៥៨ឆ្នាំ រស់នៅក្នុងខេត្តតាកែវ ។  អ្នកស្រីបានរំលឹកថា​​បទ​ពិសោធន៍​នៃការសូកប៉ាន់​ក្នុងការទិញវិញ្ញាសា​តម្លៃ​៣ម៉ឺន​រៀលសម្រាប់​ការ​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ ក្នុងឆ្នាំ២០១០  ដោយសារ​អ្នក​ស្រី​បារម្ភពី​ការ​ប្រឡង​របស់​កូន​ខ្លួន។

អ្នកស្រី ជឹង សុវណ្ណឌី ៖« កាលកូនខ្ញុំប្រឡងបាក់ឌុបគេឈូរឆ ទិញវិញ្ញាសារគ្រប់គ្នាចំណែកខ្ញុំក៏ភ័យក្លាចកូនធ្វើមិនកើត និងឃើញគេទិញច្រើនក៏ទិញនិងគេដែរទៅ។បន្ទាប់មកប្រាប់លេខតុឲ្យគេយកឲ្យកូន ។រួចឲ្យ សន្តិសុខ ឲ្យគេ១៥០០០រៀល និង ថ្លៃវិញ្ញាសារ ១៥០០០រៀល ដើម្បីឲ្យកូន ខ្ញុំអស់ ៣០០០០រៀល។»

 ស្រ្តីសម្បុរសរជាប់ស្រឡាយសែនចិនរូបនេះ មិន​ត្រឹម​តែ​បាន​យល់​ដឹង​ពី​អំពើ​ពុក​រលួយ ប៉ុន្តែ​ថែម​ទាំង​ស្អប់ខ្ពើម​អំពើ​ពុក​រលួយថែមទៀត ពីព្រោះថា​កូន​របស់​អ្នក​ស្រីក៏ធ្លាប់រង​នូវ​ភាព​មិន​យុត្តិធម៌​ក្នុង​ថ្នាក់​រៀន ខណៈដែល​គ្រូ​បង្រៀន​ផ្តល់​ពិន្ទុលម្អៀង​ដល់​សិស្ស​ដែល​មិន​​បាន​រៀន​គួរ​​ជាមួយ​ខ្លួន។

អ្នកស្រី ជឹង សុវណ្ណឌី « មិនចង់ឲ្យមានអំពើរពុករលួយ ព្រោះបើពុករលួយទៅអ្នកមានគេមានលុយសូក ចំនែកអ្នក​ក្រនៅស្រុក​សែ្រមិនអាចកម្រអ្នករកបាន ៣០០០ឬ ៤០០០ដុល្លាណាស់ ហើយបើមានការសូកដើម្បីទទួលការងារ អ្នក​ក្រដេកចាំតែស្លាប់ទៅ ព្រោះមិនអាចរកការងារបានទេដែរ។ព្រោះអ្នកក្រគ្មានលុយសូក។»

បែបនេះក្តីលោក ជា  វណ្ណរ៉ា ដែល​មិត្ត​ភក្ត្រ័របស់​លោក​ធ្លាប់​រង​គ្រោះ​ដោយ​ប្រពន្ធ័​តុលាការ​ស្នើឱ្យរដ្ឋាភិបាល​ ត្រួតពិនិត្យ​ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ​ហើយគ្រប់ករណីទាំងអស់​«ត្រូវធ្វើ​ទៅតាមច្បាប់ កុំធ្វើទៅធ្វើតាមអ្នកមាន​លុយ​មាន​អំណាច បើមិនដូច្នេះទេ អ្នក​ក្រនៅតែ​រងភាពអយុត្តិធម៌ ពីប្រព័ន្ធយុត្តិធម៌នេះ។»

លោកឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ បញ្ជាក់ថា​ ​បច្ចុប្បន្ននេះ ប្រជា​ពលរដ្ឋ​កម្ពុជានិងមន្រ្តីរាជការបានកែប្រែឥរិយាបទ ​​និងចូលរួមប្រយុទ្ធប្រឆាំង​នឹងអំពើ​ពុក​រលួយកាន់តែច្រើនឡើង ដែលធ្វើឱ្យបញ្ហាអំពើពុករលួយមានភាពវិជ្ជមាន។

នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី សង្កេតឃើញថា​​​​បច្ចុប្បន្នទាំង​យុវជន និង​ប្រជាពលរដ្ឋខ្មែរ មានការយល់ដឹង និងជជែកពីបញ្ហាអំពើ​ពុករលួយច្រើន ប៉ុន្តែសកម្មភា​ព​ដែលចូលរួម​​ប្រយុទ្ធប្រឆាំង និងរាយការណ៍​អំពី​អំពើ​ខុស​ច្បាប់​នេះ​មានតិចតួចនៅឡើយ។

លោកចង់ឱ្យពលរដ្ឋ​ចូលរួមប្រឆាំងអំពើពុករលួយ​តាមរយៈការរាយការណ៍ ធ្វើជាសាក្សី និងយុទ្ធនាការផ្សេង​ដើម្បី​លុបបំបាត់អំពើពុករលួយនៅកម្ពុជា។

ធនាគារពិភព​លោក​ចាត់ទុក​ថា​អំពើពុករលួយ​ជា​ការ​ប្រឈម​ធំ​បំផុត​ក្នុង​ការ​សម្រេច​គោល​ដៅ​របស់​ខ្លួន​ដើម្បី​បញ្ចប់​ភាព​ក្រីក្រ​ត្រឹម​ឆ្នាំ​២០៣០និង​លើក​កំពស់​ភាព​សំបូររុងរឿង​ឲ្យកើន​ដល់​៤០ភាគរយ​នៃ​ពលរដ្ឋ​ក្នុង​ប្រទេស​កំពុងអភិវឌ្ឍន៍។

ស្ថាប័ន​ហិរញ្ញវត្ថុ​ដ៏ធំ​ដដែល​នេះ​វាយ​តម្លៃថា​ក្រុមហ៊ុន​ និង​បុគ្គល​បាន​បង់​ប្រាក់​សំណូក​ប្រមាណ​ជា​១,៥ ទ្រីលាន ដុល្លារ​ជារៀង​រាល់​ឆ្នាំ។ ហើយផល​ប៉ះពាល់​ជា​សំខាន់​នៃ​អំពើ​ពុក​រលួយ​គឺនឹងជះឥទ្ធិពល​ជា​អវិជ្ជមាន​ដល់​ប្រជាពលរដ្ឋ​ក្រីក្រនិង​ជះឥទ្ធិពល​អាក្រក់​ដល់​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ៕

អត្ថបទដោយ កញ្ញា ឆេង ចាន់នីតា និង កញ្ញា ច្រឹកស្រីអូន

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង