ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវឱ្យពលរដ្ឋខ្មែរដែលគ្រប់អាយុបោះឆ្នោតទាំងអស់ ហើយកំពុងបំពេញបេសកកម្ម បម្រើការងារ ឬសិក្សានៅក្រៅប្រទេសឱ្យ ត្រឡប់មកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដើម្បីទទួលបានសិទ្ធិពេញ លេញក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខ។
ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧ នឹងចាប់ផ្តើមពីថ្ងៃ០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស ដែលបើកធ្វើរៀងរាល់ថ្ងៃ គិតទាំងថ្ងៃសៅរិ៍ អាទិត្យ។
សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប នៅថ្ងៃទី៣០ បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦ និងអ្នកទើបនឹងគ្រប់អាយុ ១៨ ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដែលកំពុងបំពេញបេសកកម្ម ធ្វើការ ឬសិក្សានៅក្រៅប្រទេស សូមប្រញ៉ប់រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បីចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលាតាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។
គ.ជ.ប ក៏បានទទូចឱ្យស្ថានឯកអគ្គស្ថាន ទូត និង កុងស៊ុល ជួយផ្សព្វផ្សាយដំណឹងដល់ពួកគេផងដែរ។
បច្ចុប្បន្ន ពលករ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេងទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជាងមួយលាននាក់(១,០៥០,០០០នាក់)។ នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួន ១៥,៨៨៣,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩,៧៨៨,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់៕