en     km
en     km

គ.​ជ.ប អំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមក​ចុះឈ្មោះបោះឆ្នោត

Share

ភ្នំពេញ៖គណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត​ ​បានអំពាវនាវឱ្យពលរដ្ឋខ្មែរ​ដែល​​​​គ្រប់អាយុបោះឆ្នោតទាំង​អស់​​ ហើយកំពុងបំពេញបេសកកម្ម បម្រើការងារ ឬសិក្សានៅក្រៅប្រទេសឱ្យ ​​​​ត្រឡប់មកចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ ដើម្បីទទួលបានសិទ្ធិពេញ លេញក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ នៃរដ្ឋសភា នាពេលខាងមុខ។

 ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៧​ នឹងចាប់​​​​ផ្តើម​​​​ពី​​ថ្ងៃ​០១ ខែកញ្ញា ដល់​​ថ្ងៃ​ទី០៩ ខែវិច្ឆិកា​​ ​ឆ្នាំ២០១​៧ នៅតាម​សាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន​ក្នុងឃុំសង្កាត់ទូទាំងប្រទេស​​  ដែលបើកធ្វើ​​រៀងរាល់ថ្ងៃ​ គិតទាំងថ្ងៃ​សៅរិ៍ អា​ទិត្យ​។

សេចក្តីប្រកាសព័ត៌មានរបស់គ.ជ.​ប នៅថ្ងៃទី៣០ ​​​​​​បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ​ដែលមានសិទ្ធិបោះឆ្នោត​​ ហើយមិនទាន់​បានចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៦​ និងអ្នកទើបនឹង​​គ្រប់អាយុ​​ ១៨ ឆ្នាំ​ ​​គិតដល់ថ្ងៃបោះឆ្នោត​​​ថ្ងៃទី២៩ ​ខែកក្កដា ឆ្នាំ២០១៨ ដែលកំពុង​បំពេញ​បេស​កកម្ម ធ្វើការ​ ឬសិក្សានៅក្រៅប្រទេស​ សូមប្រញ៉ប់​​រួសរាន់ ត្រឡប់មកប្រទេសកម្ពុជា ដើម្បី​ចុះឈ្មោះបោះឆ្នោត​​ ឆ្នាំ២០១៧ ឱ្យបានទាន់ពេលវេលា​​​តាមកាលបរិច្ឆេទដែលបាន​​កំណត់​​កុំបីខាន។

​គ.ជ.ប ក៏បា​នទទូចឱ្យស្ថា​ន​ឯកអគ្គ​ស្ថាន ទូត និង កុង​ស៊ុល​ ​ជួយផ្សព្វផ្សាយដំណឹងដល់​ពួកគេផងដែរ។

បច្ចុប្បន្ន ពលករ​ កម្មសិក្សាការីកម្ពុជា រួមនឹងពលរដ្ឋផ្សេង​ទៀត ដែលចេញទៅបម្រើការងារនៅក្រៅប្រទេសមានចំនួន ជា​​ងមួយលាននាក់​(១,០៥០,០០០នាក់)។ ​នេះបើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។​

​គ.ជ.ប បានប៉ាន់ស្មាននូវចំនួនប្រជាពលរដ្ឋកម្ពុជាសរុបទាំងអស់ មានចំនួន ១៥​,៨៨៣​,២៥០នាក់ ក្នុងនោះមានប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង មានចំនួន ៩,​៧៨៨​,២៣៩នាក់ ប៉ុន្តែប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត កាលពីឆ្នាំ២០១៦ មានចំនួន ៧,៨៦៥,០៣៣នាក់ ​និងប្រជាពលរដ្ឋដែលត្រូវចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧នេះ មានចំនួន ១,៤១២,១៤៩នាក់៕

​​​

 

Share

Image
Image
Image