en     km
en     km

កម្ពុជាបើកសិក្ខាសាលាចរចាកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មជាមួយអង្គការអន្តរជាតិ

Share

ភ្នំពេញ៖ វិទ្យាស្ថានបណ្តុះបណ្តាលពាណិជ្ជកម្ម និងស្រាវជ្រាវនៃក្រសួងពាណិជ្ជកម្ម សហការជាមួយ​គណៈ​​កម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក (UNESCAP) រៀបចំសិក្ខាលាស្តីពីការចរចាក្នុងកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជ កម្មដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្មនាពេលថ្មីៗនេះ។

តាមប្រភពដដែលឱ្យដឹងថាការរៀបចំសិក្ខាសាលានេះធ្វើទ្បើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ដល់មន្រ្តីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធលើការចរចា និងការដោះស្រាយបញ្ហាប្រឈមចំពោះពាណិជ្ជកម្ម។

រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក អ៊ុក ប្រជា មានប្រសាសន៍ថាសាកលភាវូបនីយកម្មចំពោះសេដ្ឋកិច្ចសាកល ត្រូវតម្រូវឱ្យមានកិច្ចព្រមព្រៀងអន្តរជាតិនានា ហើយប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងខិតខំចរចាជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ច ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

លោក អ៊ុក ប្រជា សង្កត់ធ្ងន់ថាការកសាងសមត្ថភាពរបស់មន្រ្តីកម្ពុជាគឺជារឿងសំខាន់ក្នុងការបង្កើតគោលនយោបាយដ៏មានប្រសិទ្ធភាព និងដឹកនំាចរចា សំដៅទាញយកអត្ថប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មអន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ឆ្លើយតបនឹងការលើកទ្បើងនេះ​សេដ្ឋវិទូរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ីនិងប៉ាស៊ីហ្វិក លោកបណ្ឌិត រ៉ាជេន ស៊ូដេស រតនា (Rajan Sudesh Ratna) មានប្រសាសន៍ថាសិក្ខសាលានេះមានសារៈសំខាន់ក្នុងផ្តល់ឱកាសឱ្យមន្រ្តីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធដកស្រង់បទពិសោធន៍ និងក្រេបជញ្ជក់ចំណេះដឹងថ្មីៗស្តីពីការចរចាផ្នែកពាណិជ្ជកម្ម និងការដោះស្រាយបញ្ហាប្រឈមចំពោះពាណិជ្ជកម្ម។

គួរជម្រាបថា តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មពហុភាគីកម្ពុជាបានក្លាយជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នំា២០០៤ ដែលបានត្រួសត្រាយផ្លូវសម្រាប់ការបោះជំហានចូលទៅក្នុងប្រព័ន្ធពាណិជ្ជកម្មសាកល។

រយៈពេលជាង២ទសវត្សចុងក្រោយនេះកម្ពុជាបានរក្សាកំណើនសេដ្ឋកិច្ចគិតជាមធ្យម ៧% រៀងរាល់ឆ្នំាដែលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប៕

Share

Image
Image
Image