ភ្នំពេញ៖ ក្រុមស្រាវជ្រាវ និងត្រួតពិនិត្យសត្វព្រៃ នៃអង្គការសមាគមអភិរក្សសត្វព្រៃWCS បានរកឃើញសត្វត្រយ៉ងយក្សចំនួន០២គូរ ស្មើនឹង០៤ក្បាល ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងខេត្តមណ្ឌលគីរី។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ របស់អង្គការWCS ឱ្យដឹងថា ជិតរយៈពេល១០ ឆ្នាំហើយ ដែលក្រុមការងារទើបប្រទះឃើញសត្វត្រយ៉ងយក្ស នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរីនេះ។ តាមសេចក្តីប្រកាសព័ត៌មានដដែល ប្រភេទសត្វស្លាបនេះ គឺពូជសត្វផុតពូជលើពិភពលោក។
លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃនៃដែនជម្រកសត្វព្រៃកែវសីមា បានអោយដឹងថា លោកនិងក្រុមការងារនឹងបន្តស្វែងរកសំបុកពងកូនរបស់សត្វត្រយ៉ងយក្សទាំងនេះ ព្រោះឥឡូវនេះ ជារដូវពងកូនរបស់ពួកសត្វត្រយ៉ងយក្ស។ លោកបន្តថា ក្រុមអ្នកស្រាវជ្រាវ នឹងធ្វើការងារជាមួយសហគមន៍ និងក្រុមល្បាត នៃក្រសួងបរិស្ថាន ដើម្បីការពារសំបុកពងកូនសត្វត្រយ៉ងយក្សផងដែរ។
ការរកឃើញសត្វត្រយ៉ងយក្ស ចំនួនបួនក្បាលនេះ ឆ្លុះបញ្ចាំងថា ដែនជម្រកសត្វព្រៃ កែវសីមា គឺជាតំបន់មានជីវចម្រុះខ្ពស់ និងពិតជាមានសារៈសំខាន់ខ្លាំងសម្រាប់អភិរក្សប្រភេទថនិកសត្វ និងសត្វ ស្លាបប្រភេទរងគ្រោះនិងកម្រ។
សូមបញ្ជាក់ថា ត្រយ៉ងយក្ស ជាសត្វស្លាបតំណាងអោយព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទស្តវរងគ្រោះជិតផុតពូជបំផុតលើពិភពលោក។
សត្វស្លាបប្រភេទនេះគេរកឃើញមានតែនៅកម្ពុជា និងមានតិចតួចនៅប្រទេសឡាវតែប៉ុណ្ណោះ។ នៅលើពិភពលោក សត្វត្រយ៉ងយក្សពេញវ័យមានត្រឹមតែ ១៩៤ក្បាលប៉ុណ្ណោះ ហើយ ៩៩ ភាគរយមានវត្តមាននៅកម្ពុជា។ ដូចនេះអ្នកអភិរក្សបរិស្ថាន បានអោយដឹងថា ការពង្រឹងកាអនុវត្តច្បាប់ និងការចូលរួមរបស់ប្រជាសហគមន៍ ពិតជាចាំបាច់ក្នុងការធានាដល់ការរស់នៅរបស់សត្វព្រៃនៅកម្ពុជា៕