ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នៅឯវិមានសន្តិភាព ព្រឹកថ្ងៃទី ១៥ខែ កញ្ញានេះ បេក្ខជនដែលទើបតែជាប់និទ្ទេសA បានបង្ហាញមតិយោបល់មួយចំនួនអំពីវិធីសាសន៍រៀនឲ្យពូកែ ជាពិសេសបានក្រើនរំលឹកដល់សិស្សប្អូនជំនាន់ក្រោយ ឲ្យយល់ដឹងអំពីតម្លៃនៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប។
បូរណ៌មី មានអាយុ ១៨ឆ្នាំ រៀននៅវិទ្យាល័យ សម្តេចហ៊ុន សែន ភ្នំពេញថ្មី បានផ្តល់ជាគំនិតមួយចំនួនជូនដល់សិស្សប្អូនចំនាន់ក្រោយឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពីសមត្ថភាព។ យុវតីដែលរៀនជាប់លេខ១តាំងពីថ្នាក់បឋមរូបនេះ បានក្រើនរំលឹកដល់សិស្សានុសិស្សជំនាន់ក្រោយ ត្រូវយល់ដឹង និងឲ្យតម្លៃខ្ពស់ ចំពោះសញ្ញាបត្រមធ្យមសិក្សាទុកតិយភូមិ ឬបាក់ឌុប ។
ជាងនេះទៀត បូរណ៌មី បានប្រាប់ពីគន្លិះខ្លះៗ ដើម្បីសិក្សាឲ្យបានពូកែយ៉ាងដូច្នេះថា «តាមពិតទៅការរៀនពូកែ មិនមែនរៀនតែមួយថ្ងៃពីរថ្ងៃយើងអាចពូកែបានទេ គឺយើងត្រុវតែប្រឹងប្រែងតាំងពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន គឺថាជារៀនរាល់ថ្ងៃយើងត្រូវតែរៀន ពីឡើងយើងរៀនជាមួយគ្រូដោយយកចិត្តទុកដាក់ ហើយយើងត្រូវស្រាវជ្រាវរកឯកសារដែលធ្លាប់ប្រឡងពីមុនៗមក ដើម្បីធ្វើលំហាត់ខ្លួនឯងនៅផ្ទះ ដោយឡែករៀននៅផ្ទះ យើងត្រូវដាក់កម្មវិធីខ្លួនឯងថា ថ្ងៃនឹងត្រូវរៀនអី ហើយស្អែកត្រូវរៀនអី ហើយនៅពេលមុនប្រឡងមួយខែត្រូវរំលឹកឡើងវិញ »។
ចំណែកសិស្សនិទ្ទេសA ម្នាក់ទៀតមកពីខេត្តកំពង់ស្ពឺ យុវតី វ៉ែន មុំម៉ូលីតា បានឲ្យដឹងថា នៅក្នុងខេត្តកំពង់ស្ពឺ បេក្ខជនជាប់និទ្ទេសAមានតែម្នាក់ប៉ុណ្ណោះ។ ម៉ូលីតា មានមោទនភាព និងរំភើបចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងថាខ្លួនជាប់និទ្ទេសA តែម្នាក់គត់ តំណាងឲ្យខេត្តកំពង់ស្ពឺទាំងមូលដូច្នេះ។
ម៉ូលីតា បានចែករំលែកបទពិសោធន៍ដែលខ្លួនធ្លាប់ឆ្លងកាត់យ៉ាងដូច្នេះថា «ចំពោះការរៀនច្រើនតែមានឧបសគ្គកើតឡើង ជាពិសេសនៅពេលដែលយើងធ្វើលំហាត់ណាមួយដែលមានការពិបាកខ្លាំង យើងត្រូវទាមទារឲ្យយើងចេះអត់ធ្មត់ប្រឹងប្រែងធ្វើវាបន្តទៀត…។ ខ្ញុំតែងតែសុំបទពិសោធន៍របស់បងៗជំនាន់មុនឲ្យគាត់ជួយពន្យល់ អំពីបទពិសោធន៍របស់គាត់ធ្វើម៉េចឲ្យរៀនពូកែ និងអាចប្រឡងជាប់ »។
បើទោះបីជាខ្លួនបានជាប់និទ្ទេសAក៏ដោយ ប៉ុន្តែនៅតែមិនភ្លេចមិត្តភក្តិដែលធ្លាក់ការប្រឡងនោះទេ។ យុវជន វង្ស ស៊ុនណារិទ្ធ សិស្សនិទ្ទេសA មកពីខេត្តបន្ទាយមានជ័យ លើកទឹកចិត្តដល់មិត្តរួមជំនាន់ និងសិស្សានុសិស្ស ដែលបរាជ័យក្នុងការប្រឡងនៅឆ្នាំនេះថា មិនត្រូវអស់សង្ឃឹមឡើយ ត្រូវតែព្យាមយាមប្រឹងប្រែងបន្ថែមទៀត ដើម្បីប្រឡងជាប់នៅឆ្នាំក្រោយ។ ស៊ុនណារិទ្ធ បន្ថែមថា « សម្រាប់ឆ្នាំនេះ លទ្ធផលឃើញមានអ្នកជាប់មានអ្នកធ្លាក់ ដូច្នេះសូមលើកទឹកចិត្តឲ្យអ្នកធ្លាក់ សូមកុំបាក់ទឹកចិត្ត ព្យាយាមសិក្សារៀនសូត្រឡើងវិញ…»។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានផ្តល់ជំនួយផ្ទាល់របស់លោក ជូនដល់សិស្សដែលជាប់និទ្ទេសA ទាំង ១០៨នាក់ នៅឆ្នាំនេះ រួមមាន៖ ថវិកាក្នុងម្នាក់ៗ ២លានរៀល Samsung Tablet ម្នាក់មួយគ្រឿង កាក់ប្រាក់មួយ រួមទាំងសៀវភៅមួយក្បាលទុកជាអនុស្សាវរីយ៍ ជាពិសេសផ្តល់អាហាររូបករណ៍ឲ្យពួកគេសិក្សានៅតាមសកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញផងដែរ។
ចំណែកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី មានប្រសាសន៍ក្រោយបញ្ចប់កិច្ចសំណេះសំណាលនេះថា ប្រសិនបើសិស្សដែលជាប់និទ្ទេសAទាំងអស់ចាប់អារម្មណ៍ចង់ចូលរួមជួយការងារសង្គម ជាមួយសហភាពសហព័ន្ធរបស់លោក លោកស្វាគមន៍ជានិច្ច។