loader

ចិន​វិនិយោគ​ព្រលានយន្តហោះ​នៅសៀមរាប​ជំនួស​បារាំង

ភ្នំពេញ៖ រាជរដ្ឋា​ភិបាល​ទើប​តែ​បាន​សម្រេចផ្តាច់​កុង​ត្រា​វិនិយោគ​ព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​ពី​ក្រុមហ៊ុន​បារាំង ​ហើយ​ដំ​ណា​ល​គ្នា​នោះ ​រាជ​រដ្ឋា​ភិបាល​បាន​ផ្តល់​ការវិនិយោគ​​លើ​ព្រលាន​យន្តហោះថ្មី​ក្នុង​ខេត្ត​សៀមរាប​ដដែល​ដល់​ក្រុម​ហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន។ ក្នុង​ពេល​នេះ​​រដ្ឋា​ភិបាល​និង​​ក្រុមហ៊ុន​វិនិយោគ​ព្រលាន​យន្តហោះ​របស់​បារាំង​កំពុង​ចរចា​អំពី​សកម្ពុជាគ្រោង​សាង​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​មួយ​នៅខេត្តសៀមរាប​ដែល​​ជា​ផ្នែក​​នៃ​ការវិនិយោគ​ដោយ​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន​ដើម្បី​ជំនួស​ក្រុម​ហ៊ុនបារាំង​ដែល​កំពុង​ដំណើរ​ការ​​ក្នុង​ព្រលាន​យន្តហោះ​បច្ចុប្បន្ន​។

ព្រលានយន្តហោះខេត្តសៀមរាម (រូបតំណាង)
ព្រលានយន្តហោះខេត្តសៀមរាម (រូបតំណាង)

ព្រលានយន្តហោះ​អន្តរជាតិថ្មី​នេះវិនិយោគ​ដោយ​ក្រុម​ហ៊ុន Yunnan Investment Holdings Ltd ក្នុង​ទំហំ​ទឹក​ប្រាក់​ជិត​៩០០​លាន​ដុល្លារ​អាមេរិក​និង​ស្ថិត​នៅ​ក្នុង​ស្រុក​សូរនិគម ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ព្រលាន​យន្តហោះ​ក្រុង​សៀមរាប​បច្ចុប្បន្ន។​ខណៈ​​ដែលព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​សៀមរាប​បច្ចុប្បន្ន​ដែល​កំពុង​វិនិយោគ​ដោយ​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ (SCA) ​របស់​បារាំង​ស្ថិត​នៅ​កៀក​នឹង​ទី​ប្រជុំជននិង​ទី​ប្រជុំ​ប្រាសាទ​បុរាណ។​

ការសាង​សង់​ព្រលាន​យន្តហោះថ្មី​ក៏ជាផ្នែក​មួយ​​នៃ​គោលដៅ​ចៀសវាង​ផល​ប៉ះពាល់​ដល់​ប្រាង្គបា្រសាទ​អង្គរវត្ត​និង​ប្រាសាទ​បាយន្តផងដែរ ​និង​ដើម្បី​ពង្រីក​សមត្ថភាព​​ចុះចត​របស់​យន្តហោះធំៗជាងមុន។

លោក តឹក រ៉េត សំរេច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីមានប្រសាសន៍ថាកម្ពុជា​នឹង​ប្រគល់​ព្រលាន​យន្តហោះ​ថ្មីមួយ​នៅខេត្ត​សៀមរាប​ឱ្យ​ក្រុមហ៊ុន​រដ្ឋ​របស់​ប្រទេស​ចិន​ ខណៈ​​ដំណើរ​ការ​ព្រលានយន្តហោះអន្តរជាតិ​ខេត្ត​សៀមរាបសព្វថ្ងៃ​​មាន​លក្ខណៈ​តូច​ចង្អៀត និង​អាចធ្វើឱ្យ​ប៉ះពាល់ដល់​ប្រាង្គ​ប្រាសាទអង្គរវត្ត​និង​ប្រាសាទ​បាយន័​។

កាល​ពី​ឆ្នាំ​២០១០ អង្គការ​ UNESCO បាន​ចេញ​របាយការណ៍​មួយ​ដោយ​បញ្ជាក់ថា ​អាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​សៀមរាបបច្ចុប្បន្ន មានទីតាំងនៅ​កៀក​នឹង​បា្រសាទ​អង្គរវត្ត​ និង ​ប្រាសាទ​បាយ័ន​ពេក។ របាយការណ៍ព្រមាន​ថា ​ភាពញ័រ​ដែល​កើត​ចេញ​​ពី​ការចុះចត​និង​​ការ​ហោះ​ឡើង​​របស់​យន្ត​ហោះ ​នឹង​ធ្វើ​ឲ្យ​ខូច​​ខាត​ដល់​គ្រឺះ​ប្រាសាទទាំង​ពីរ។

លោក តឹក រ៉េតសំរេច បញ្ជាក់ថា​រដ្ឋា​ភិបាល​​បាន​ប្រគល់​​សិទ្ធិ​វិនិយោ​គ​ដល់​ក្រុមហ៊ុន Yunnan ​រួចហើយ។​ «គេកំពុងតែសិក្សាហើយ ហើយការអនុញ្ញាតបានច្បាប់ហើយ​តែត្រូវការពេលសិក្សា​វាយ​តម្លៃគម្រោង ដែលគ្រោងចំណាយទឹកប្រាក់ប្រហែល ៧០០លានដុល្លារ»

ក្នុង​ពេល​ដែល​រាជ​រដ្ឋា​ភិបាល​​ផ្តល់​សិទ្ធិ​វិនិយោគ​​អាកាសយានដ្ឋាន​ថ្មីឲ្យ​ក្រុម​ហ៊ុន​រដ្ឋ​មក​ពី​ខេត្ត​យន់ណាន រាជរដ្ឋា​ភិបាល​ត្រូវ​បញ្ចប់​កុង​ត្រា​វិនិយោគ​ជាមួយ​ក្រុមហ៊ុនបារាំង SCAមុន​កាល​កំណត់។ ក្រុម​ហ៊ុន​វ៉ាំងស៊ី​របស់​បារាំង​បាន​សហការណ៍​វិនិយោគ​​​លើ​ព្រលាន​យន្តហោះ​នៅ​កម្ពុជា​ចាប់តាំង​ពី១៩៩៥​ មកម្ល៉េះ សម្រាប់​រយៈ​ពេល ​៤៥​ឆ្នាំ។ ពោល​គឺ​ក្រុម​ហ៊ុន​នេះ​ត្រូវ​ដាច់​កុង​ត្រា​នៅ​ឆ្នាំ​២០៤០។​

ក្រុម​ហ៊ុន Yunnan Investment Holdings Ltd នឹង​ត្រូវ​ចាប់​ផ្តើម​​ហេដ្ឋា​រចនា​សម្ពន្ធ័​សាង​សង់​ព្រលាន​យន្ត​ខេត្ត​សៀម​រាប​ថ្មី​នៅ​ឆ្នាំ​២០២០។ ហើយ​នឹង​ត្រូវ​អនុវត្តន៍​គម្រោង​វិនិយោគ​ថាម​ប្រពន្ធ័ (BOT) រយៈ​ពេល​៥៥​ឆ្នាំ។ រដ្ឋា​ភិបាល​បាន​ប្រគល់​ដី​ចំនួន​៧០០​ហិកតា​ដល់​ក្រុម​ហ៊ុន​មក​ពី​ប្រទេស​ចិន​នេះ​

រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីលោក តឹក រ៉េតសំរេច មានប្រសាសន៍ថាក្រុមហ៊ុនចិន និងក្រុមហ៊ុនបារំាងកំពុងចចារគ្នា។

ដំណាល​គ្នា​នេះ​អ្នកនំាពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល​លោក ស៊ិន ចាន់​សេរីវុត្ថា មានប្រសាសន៍​ថា ការអនុវត្តន៍​គម្រោង​​សាងសង់​របស់​ក្រុមហ៊ុន​យន់ណានធ្វើ​ឡើង​បាន​លុះ​ណា​តែ​រដ្ឋា​ភិបាល​ត្រូវ​ដោះ​ស្រាយ​សំណង​ជូន​ក្រុមហ៊ុន​SCA ជាមុនសិន។ «កុងត្រាខាងចិនវាអត់ទាន់អនុវត្តបានទេទាល់តែយើងដោះស្រាយនូវបញ្ហាសំណងនៅខាងភាគីបារំាងសិន កាលណាយើងដោះស្រាយបារំាងមិនទាន់ចប់រឿងអីយើងទៅធ្វើការវិនយោគការងារហ្នឹង យើងគឺធ្វើតាមដំណាក់កាលនីមួៗគឺដោះស្រាយជាមួយភាគីបារំាងសិន»

យ៉ាងណាក៏ដោយ​លោក ស៊ិន ចាន់សេរីវុត្ថា ​ឲ្យដឹងថា​​ការដោះ​ស្រាយ​សំណង​កំពុង​តែ​ដំណើរ​ការ។

លោក ខែក នរិនដា នាយកផ្នែកទំនាក់ទំនង​សាធារណៈ​​របស់​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ(SCA) មិន​ធ្វើ​សេចក្តីអត្ថាធិប្បាយ​ចំៗ​​ពី​ការ​ផ្តាច់​កិច្ច​សន្យា​វិនិយោគ​អាកាស​យាន​ដ្ឋាន​​អន្តរជាតិខេត្តសៀមរាប​នោះទេ។ ប៉ុន្តែ​លោក​ទំនងជា​បង្ហើប​ពី​ដំណើរ​ការ​ចរចា​​ទាក់​ទង​នឹង​ការ​ទូទាត់​សំណង។

លោក ខែក នរិនដា បានឱ្យវិទ្យុស្រ្តីដឹងតាមរយៈសារអេទ្បិចត្រូនិច​ឬអ៊ីម៉ែល​ថា៖ «ដូចរាជរដ្ឋា​ភិបាល​កម្ពុជា​កំពុង​ស្វែងរក​គម្រោង​ថ្មី​សំរាប់​ប្រពន្ធ័​ព្រលាន​យន្តហោះ​ក្នុង​ខេត្ត​សៀមរាប យើង​បាន​ជជែក​ជាមួយអាជ្ញាធរ​កម្ពុជា​​អំពី​អនាគតរបស់​ព្រលាន​យន្តហោះ​នោះ»

លោក ខែក នរិនដា ឱ្យដឹងទៀតថាកិច្ច​ពិភាក្សានោះ​​​មានលក្ខណៈស្ថាបនា ​និង​បង្ហាញពី​ការ​ឈរជើង​យ៉ាងយូររបស់​ក្រុមហ៊ុនបារំាង ដែលមានរយៈពេល​ជាង​២០​ឆ្នាំមកហើយនិងលើក​ពី​ជោគជ័យ​ក្នុង​ភាព​ជាដៃគូ​ជាមួយរាជរដ្ឋា​ភិបាលកម្ពុជា។​ទោះបីជាយ៉ាងនេះក្តី​លោកមិន​ទាន់​​អាច​បញ្ជាក់​ព័ត៌មាន​លំអិត​ស្តីពី​កិច្ច​ពិភាក្សានោះ​បាន​នៅ​ទ្បើយ​ទេ​ក្នុង​ពេលនេះ។

ដោយ​ឡែក​អ្នកនំាពាក្យស្ថានទូតចិនប្រចំានៅកម្ពុជា លោក Woang មានប្រសាសន៍​ដោយ​មិន​បញ្ជាក់​ចំៗ​អំពី​ការ​ទទួល​បាន​សិទ្ធិ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ចិនYunnan Investment Holdings Ltd នោះទេ។​

លោកគ្រាន់​តែ​បញ្ជាក់​ថា៖«ខ្ញុំ​គិតថា​មាន​​ក្រុមហ៊ុន​ចិន​​មួយ​ចំនួន​បាន​ទាក់​ទង​ផ្ទាល់​ជាមួយ​អាជ្ញាធរកម្ពុជា។ប៉ុន្តែពួកគេ​ទទួល​បាន​ការអនុញ្ញាតិ​ពីរាជ​រដ្ឋា​ភិបាលកម្ពុជាឬយ៉ាង​ណា​ខ្ញុំ​មិន​ប្រាកដនោះទេ ពីព្រោះ​យើង​មិន​ទទួល​បាន​ព័ត៌មាន​នេះ​ទេ»

មន្ត្រី​អ្នក​នាំពាក្យ​​ស្ថាន​ទូត​ចិន​ដដែល​បន្ថែម​ថា៖«ជាផ្លូវការ​រដ្ឋា​ភិបាល​ចិន​លើក​ទឹក​ចិត្ត​​ឲ្យ​ក្រុមហ៊ុន​នានា​ដែល​មាន​បទ​ពិសោធន៍​ល្អ ​មាន​លទ្ធភាព​វិនិ​យោគ​ក្នុង​ប្រទេស​កម្ពុជា។​ លោកបន្ថែមទៀតថាចិន​ស្វាគម​ន៍ ​វិស័យឯកជន​ក្នុង​ការ​ចូលរួម​វិភាគ​ទាន​ការ​អភិ​វឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា»

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​ព្រលាន​យន្តហោះ​អន្តរជាតិ​ចំនួន​បី​ រួមមាន ព្រលាន​យន្តហោះ​អន្តរជាតិភ្នំពេញ ព្រលាន​យន្តហោះ​អន្តរជាតិសៀមរាប និងព្រលាន​យន្តហោះ​អន្តរជាតិ​កងកេង ខេត្តព្រះសីហនុ។ អាកាសយានដ្ឋាន​ទាំង​នេះ​ស្ថិត​ក្រោមការវិនិយោគ​របស់ក្រុម​ហ៊ុនបារំាងគឺ​ក្រុមហ៊ុន​សម្បទាន​ព្រលាន​យន្តហោះ SCA ដែល​ជា​ផ្នែក​មួយ​នៃ​ការបណ្តាក់​ទុន​របស់​ក្រុមហ៊ុន​វ៉ាំងស៊ី និង​ក្រុមហ៊ុនMuhhibah មកពី​ប្រទេសម៉ាឡេស៊ី

រដ្ឋា​ភិបាល​ទំនងជាត្រូវ​ប្តូរទីតាំង​ព្រលាន​យន្តហោះ​ក្រុង​ភ្នំពេញសព្វថ្ងៃចេញ​ផងដែរ។​ព្រលាន​យន្តហោះថ្មី​អាច​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ​៤០គីឡូម៉ែត្រ​ពីទីក្រុង​ភ្នំពេញ។ ​​ការ​សាង​សង់ព្រលាន​យន្តហោះថ្មីនេះ​នឹង​ចាប់ផ្តើមនៅឆ្នាំ​២០២០ ​និងសង់រួចរាល់​ក្នុង​រយៈ​ពេល​ប្រាំឆ្នាំ៕

អត្ថបទ ជួន សារ៉េត

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ការស្វែងយល់ពីជំងឺមហារីកមាត់ស្បូន!

ថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣

តាមរបាយការណ៍របស់ទីភ្នាក់ងារអន្តរជាតិស្រាវជ្រា[...]

ស្រ្តីគួរស្វែងយល់ពីមូលហេតុនិងវិធីការពារទារកកើតមិនគ្រប់ខែ

ការសម្រាលកូនមិនគ្រប់ខែ ជាបញ្ហាចោទមួយ ក្នុងចំណ[...]

ផលប៉ះពាល់នៃផ្សែងនិងក្លិនបារីចំពោះស្រ្តីមានផ្ទៃពោះនិងគភ៌ក្នុងផ្ទៃ

  ការជក់បារីបង្កផលអវិជ្ជមានច្រើនណាស់ចំពោ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x