អូស្ត្រាលីនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្រោយពេលលោកតូនី អាប់ប៊ុត (Tony Abbott) ត្រូវបានរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រីលោក ម៉ាល់កុល ធឺនប៊ុល (Malcolm Turnbull) បណ្ដេញចេញពីតំណែងជាមេដឹកនាំគណបក្សសេរីនិយម ។
យោងតាមការផ្សាយរបស់BBC នៅរសៀលថ្ងៃចន្ទ ទី១៤ ខែកញ្ញា ម្សិលមិនញឲ្យដឹងថា នៅក្នុងការបោះឆ្នោតមេដឹកនាំបក្ស ដែលត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់មួយ លោកអាប់ប៊ុត បានទទួលការគាំទ្រត្រឹមតែ៤៤សំឡេង ឯលោកធឺនប៊ុល បានទទួលការគាំទ្ររហូតដល់៥៤សំឡេង ។
តំណាងរាស្ត្រគណបក្សសេរីនិយមក៏បានបោះឆ្នោតគាំទ្រលោកស្រី ជូលី ប៊ីស៊ប (Julie Bishop) ឲ្យបន្តស្ថិតនៅជាអនុប្រធានគណបក្សនេះផងដែរ ។
គេរំពឹងថា លោកធឺនប៊ុលនឹងស្បថចូលកាន់តំណែង ក្រោយពេលលោកអាប់ប៊ុតសរសេរលិខិតទៅកាន់អគ្គទេសាភិបាល និងលាសុំឈប់ពីតំណែង ។
កាលពីថ្ងៃចន្ទម្សិលមិញ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងកង់បេរ៉ា លោកធឺនប៊ុល បានថ្លែងថា ប្រសិនបើលោកអាប់ប៊ុតនៅបន្តកាន់តំណែងជាមេដឹកនាំបក្ស នោះរដ្ឋាភិបាលចម្រុះអាចនឹងចាញ់ឆ្នោតនៅក្នុងការបោះឆ្នោតលើកក្រោយ ។
គាត់បានថ្លែងថា គាត់មិនបានសម្រេចចិត្តដោយធ្វេសប្រហែសនោះទេ ប៉ុន្តែនោះជាការបង្ហាញយ៉ាងច្បាស់ថា រដ្ឋាភិបាលមិនបានទទួលជោគជ័យក្នុងការផ្ដល់នូវមេដឹកនាំសេដ្ឋកិច្ចដែលប្រទេសនេះចង់បាន ហើយអូស្ត្រាលីត្រូវការមេដឹកនាំថ្មីមួយ ដែលមានរបៀបដឹកនាំថ្មី ។ លោកធឺនប៊ុលនឹងក្លាយជានាយករដ្ឋមន្ត្រីទី៤របស់អូស្ត្រាលីចាប់តាំងពីឆ្នាំ២០១៣មក ។
លោកស្រីនាយករដ្ឋមន្ត្រី ជូលី ហ្គីលឡាដ (Julia Gillard) មកពីបក្សការងារ ត្រូវបានគូប្រជែងរបស់លោកស្រី គឺលោក ខេវិន រូដ (Kevin Rudd) បណ្ដេញចេញពីតំណែង ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំ ដែលបានធ្វើកាលពីខែមិថុនាឆ្នាំ២០១៣ គឺនៅប៉ុន្មានខែមុនការបោះឆ្នោតជាតិ ដែលគណបក្សសេរីនិយមរបស់លោកអាប់ប៊ុតបានឈ្នះឆ្នោត ។ ឯលោកស្រីហ្គីលឡាដខ្លួនឯងបានបណ្ដេញលោករូដ ពីតំណែងនាយករដ្ឋមន្ត្រីនៅឆ្នាំ២០១០ ៕