សៀមរាប៖ ស្រ្តីម្នាក់រស់នៅភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប ស្ម័គ្រចិត្តប្រគល់ក្រឡបុរាណដែលមានអាយុកាលជាង១ពាន់ឆ្នាំឱ្យអាជ្ញាធរជាតិអប្សរា បន្ទាប់ពីអ្នកស្រីជីកបាន និងរក្សាទុករយៈពេលបីខែ។ នេះបើយោងតាមទំព័រហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា។
តាមការបញ្ជាក់ពីលោកបណ្ឌិត អ៊ា ដារិទ្ធិ អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ ដែលមានជំនាញផ្នែកភាជន៍ បានឱ្យដឹងថា ក្រឡនេះធ្វើអំពីដីដុត ប្រើសម្រាប់ដាក់វត្ថុច្រើនប្រភេទដូចជា អំបិល ស្ករ ប្រហុក និងវត្ថុរាវផ្សេងៗទាក់ទងជីវិតប្រចាំថ្ងៃ។ ក្រឡនេះផលិតនៅស្រុកខ្មែរ ចន្លោះសតវត្សទី១១ ទៅ១៥នៃគ.ស.។ តាមរយៈក្រឡនេះវាបានបង្ហាញពីទំនាក់ទំនងមួយរវាងមនុស្សសម័យមុន និងបច្ចុប្បន្នដែលនៅតែមានប្រើក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
អ្នកស្រី សាប គួន អាយុ ៦៨ឆ្នាំ បានឱ្យដឹងថា កាលពីបីខែមុន អ្នកស្រីបានប្រទះឃើញក្រឡមួយ ខណៈកំពុងឆាយដីដើម្បីដាំពោតដែលមានទីតាំងនៅខាងជើងផ្ទះជិតប្រាសាទទន្លេស្ងួត។ អ្នកស្រីបន្តថា ពេលឃើញក្រឡដំបូង អ្នកស្រីមិនហ៊ានគាស់យកទេ ព្រោះខ្លាចជាក្រឡដាក់ឆ្អឹងខ្មោច (តាមជំនឿ) ហើយក៏មិនដឹងថាក្រឡនោះជារបស់មានតម្លៃ ឬជារបស់បុរាណអ្វីដែរ។ កូនប្រុសអ្នកស្រីបានជីកយកក្រឡនេះ ។
អ្នកស្រីបានបន្តទៀតថា គាត់គ្មានបំណងលាក់ទុកវត្ថុបុរាណនេះទុកឡើយ ហើយក៏មិនមានបំណងលក់ដូរអីដែរ បើទោះបីមានគេមកចរចាទិញពីរបីដងក៏ដោយ។ លុះទុកបានប្រហែល១ខែ គាត់ក៏ចាប់ផ្តើមធ្លាក់ខ្លួនឈឺមើលអស់លុយជាច្រើន នៅពេលដែលទៅបូលគ្រូខ្មែរមើល ក៏ត្រូវគេទាយថាអ្នកស្រីបានយករបស់បុរាណរក្សាទុក លុះមកដល់ផ្ទះក៏ឃើញក្រឡដែលខ្លួនជីកបាន ទើបគាត់កាន់តែមិនសូវខ្វល់ខ្វាយចំពោះវត្ថុនេះដែរ។ ក្រោយមក ពេលមានការកំណាយនៅទន្លេស្ងួត គាត់ក៏ធ្លោយមាត់ប្រាប់ដល់កម្មករម្នាក់ដែលធ្វើការនៅទីនោះ ហើយកម្មករនោះក៏បានប្រាប់ទៅខាងអាជ្ញាធរជាតិអប្សរាទើបបែករឿងនេះទៅ។
ក្រោយពីប្រគល់ឱ្យអាជ្ញាធរជាតិអប្សរា ដើម្បីឱ្យសារមន្ទីរនរោត្តមសីហនុ–អង្គរ រក្សាទុកកាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានប្រគល់ថវិកាចំនួន ២សែនរៀលដល់អ្នកស្រី៕
អត្ថបទ ឆេង ណាតា