en     km
en     km

វិភាគ​៖​ តើ​លោកនាយក​រដ្ឋមន្ត្រី​គួរ​ចូលរួម​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​ទេ​?

Share

នៅ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​ស្អែក​នេះ​ អង្គការសហប្រជាជាតិ​នឹង​បើក​មហាសន្និបាត​ប្រចាំឆ្នាំ​លើក​ទី​៦៩​របស់​ខ្លួន​ ។​ ក្នុង​មហាសន្និបាត​នេះ​ ប្រទេស​នីមួយៗ​ដែល​ជា​សមាជិក​ អាច​លើកយក​បញ្ហា​របស់​ខ្លួន​ទៅ​ជម្រាប​ដល់​អង្គសន្និបាត​ ហើយ​និង​រក​ដំណោះស្រាយ​ ។​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​យល់​ថា​ នេះ​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា​ លើកយក​បញ្ហា​ព្រំដែន​របស់​ខ្លួន​ជាមួយ​ប្រទេស​ជិតខាង​ ទៅ​ជម្រាប​ជូន​អង្គការសហប្រជាជាតិ​ និង​ឲ្យ​ជួយ​រក​ដំណោះស្រាយ​ ។​ ដោយ​មើលឃើញ​នូវ​ឱកាស​នេះ​ តើ​លោកនាយក​រដ្ឋមន្ត្រី​គួរតែ​ឆក់​យក​ឱកាស​នេះ​ដែរ​ឬទេ​?

 ​នៅ​ដំណាក់កាល​ចុង​ក្រោយ​នេះ​ នយោបាយ​ផ្ទៃក្នុង​កម្ពុជា​បាន​ឡើង​កម្ដៅ​ខ្លាំង​ ដោយ​មានការ​ចាប់ខ្លួន​អ្នកប្រឆាំង​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ជិត​២០​នាក់​ ក្នុង​នោះ​មាន​ទាំង​សមាជិក​ព្រឹទ្ធសភា​មាន​អភ័យឯកសិទ្ធិ​ម្នាក់​ផង​ ។​ ក្រុម​អ្នកវិភាគ​មើលឃើញ​ថា​ ការ​ចាប់ខ្លួន​អ្នក​ទាំងនោះ​ គឺ​ដើម្បី​បង្វែរ​ការ​ចាប់អារម្មណ៍​លើ​រឿង​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ ។​11950391_878217988893366_5364489695080800561_o

អ្នកវិភាគ​និយាយ​ថា​ ក្នុង​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​នា​ពេល​កន្លង​មក​ រដ្ឋាភិបាល​កម្ពុជា​ មិន​បាន​ធ្វើការ​ដោយ​បើកចំហ​ព័ត៌មាន​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​ដែល​យកចិត្តទុកដាក់​ចំពោះ​វាសនា​ប្រទេស​ជាតិ​ ដាក់​ការ​សង្ស័យ​លើ​ដំណោះស្រាយ​នោះ​ ។​

ខណៈ​ប្រជាពលរដ្ឋ​នៅ​ទល់ដែន​អះអាង​ថា​ វៀតណាម​បាន​ឈ្លានពាន​ចូល​ដី​កម្ពុជា​ ដូច​ជា​នៅ​ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ នៅ​ស្រុក​អូ​រយ៉ា​ដាវ​ ខេត្ត​រន​គិរី​ និង​ស្រុក​កោះធំ​ ខេត្តកណ្ដាល​ និង​នៅ​ខេត្តស្វាយរៀង​ជាដើម​ រដ្ឋាភិបាល​មិន​ត្រឹមតែ​មិន​ការពារ​ប្រជាពលរដ្ឋ​ខ្លួន​ទេ​ ថែម​ទាំង​ថា​ ប្រជាពលរដ្ឋ​ទាំងនោះ​ចូល​ទៅ​ដាំ​ដំណាំ​លើ​ទឹកដី​វៀតណាម​ទៅ​វិញ​ ។​

ឆ្លៀតឱកាស​នោះ​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ចុះ​ទៅ​មើល​ស្ថានភាព​ជាក់ស្ដែង​នៅ​តាម​ព្រំដែន​ទាំងនោះ​ ហើយ​គេ​បាន​រក​ឃើញ​ថា​ នៅ​ខេត្តរតនគិរី​ វៀតណាម​បាន​ជីក​ស្រះ​ចូល​មក​ក្នុង​ដី​ខ្មែរ​រាប់រយ​ម៉ែត្រ​ ។​

ក្នុង​រឿង​ព្រំដែន​នេះ​ អ្នក​តាមដាន​ព្រឹត្តិការណ៍​មើលឃើញ​ថា​ វៀតណាម​ជា​អ្នក​បង្កហេតុ​មុន​ ដោយ​ផ្ដើម​ចេញពី​ការ​ចូល​បាញ់ថ្នាំ​លើ​ដំណាំ​របស់​កសិករ​នៅ​ភូមិ​ជើង​ ឃុំ​ជាំ​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ​ បន្ទាប់​មក​វៀតណាម​ ចូល​ជីក​ស្រះ​លើ​ដី​ខ្មែរ​នៅ​ឃុំ​ប៉ក់​ញ៉ៃ​ ស្រុក​អូ​យ៉ា​ដាវ​ ខេត្តរតនគិរី​ ហើយ​ជា​បន្ត​ វៀតណាម​បាន​ចូល​ឈូស​ឆាយដី​ធ្វើ​ប៉ុស្តិ៍​យាម​ នៅ​ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ ។​ អ្នកវិភាគ​ថា​ ការ​ដែល​វៀតណាម​ធ្វើ​ដូច្នេះ​ គឺ​ដើម្បី​បង្ខំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រញាប់​បញ្ចប់​ការ​បោះបង្គោល​ព្រំដែន​ដែល​នៅ​សល់​១៧​ភាគរយ​នោះ​ ។​

នៅ​ក្នុង​ផ្ទៃក្នុង​កម្ពុជា​ឯណេះ​វិញ​ មានការ​ចោទប្រកាន់​ថា​ រដ្ឋាភិបាល​បាន​បោះបង្គោល​ព្រំដែន​ ដោយ​ប្រើប្រាស់​ផែនទី​ខុស​ពី​ផែនទី​ស្របច្បាប់​ ដែល​បាន​តម្កល់​នៅ​អង្គការសហប្រជាជាតិ​ ។​ ដើម្បី​ការពារ​ខ្លួន​ទប់ទល់​នឹង​ការ​ចោទប្រកាន់​នោះ​ រដ្ឋាភិបាល​បាន​សុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហាអំណាច​ ដូច​ជា​បារាំង​ អង់គ្លេស​ អា​មេ​រិ​ក​ និង​អង្គការសហប្រជាជាតិ​ជាដើម​ ។​

ក្រោយ​ពី​បាន​ផ្ទៀងផ្ទាត់​ផែនទី​មក​ពី​អង្គការសហប្រជាជាតិ​ និ​ផែនទី​មក​ពី​បារាំង​រួច​មក​ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា​ ផែនទី​ទាំងនោះ​ដូច​គ្នា​ ។​ ឆ្លៀតឱកាស​នោះ​ លោកនាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​មិន​ឲ្យ​មានការ​ចោទប្រកាន់​ថា​ រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ចោរ​ ឬ​ផែនទី​ក្លែងក្លាយ​ទៀត​ ។​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​ប្រគល់​ផែនទី​ខ្មែរ​មក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ ដើម្បី​ផ្ទៀងផ្ទាត់​នៅឡើយ​ទេ​ ។​

ស្រប​ពេល​ដែល​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​អង្គការសហប្រជាជាតិ​ ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៥​ ខែកញ្ញា​នេះ​ អ្នក​វិទ្យាសាស្ត្រ​នយោបាយ​លើក​ឡើង​ថា​ លោកនាយក​រដ្ឋមន្ត្រី​គួរតែ​ទៅ​ចូលរួម​ក្នុង​មហាសន្និបាត​នោះ​ មិន​ដូច្នោះ​នឹង​បាត់​ឱកាស​ក្នុង​ការ​លើ​យក​បញ្ហា​ព្រំដែន​ កម្ពុជា​ និង​វៀតណាម​ទៅ​ឲ្យ​អង្គការសហប្រជាជាតិ​បានដឹង​ ។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​ សូ​ ច​ន្ថា​ យល់​ថា​ កិច្ចប្រជុំ​នេះ​ជា​ឱកាស​សម្រាប់​កម្ពុជា​ស្នើ​សុំ​ជំនួយ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ។​ លោក​ថា​ បើ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​នោះ​ដោយ​ផ្ទាល់​ វា​នឹង​ប្រសើ​ជាង​ការ​ឲ្យ​តំណាង​ទៅ​ចូលរួម​ ព្រោះ​តំណាង​មិន​មាន​សិទ្ធិ​សម្រេច​កិច្ចការ​ភ្លាមៗ​ទេ​ ។​ លោក​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ “​ការ​ពិត​ទៅ​ បើសិនជា​នាយក​រដ្ឋមន្ត្រី​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អង្គការសហប្រជាជាតិ​ អាហ្នឹង​លោកនាយក​រដ្ឋមន្ត្រី​អាច​មាន​លទ្ធភាព​ក្នុង​ការ​ជជែក​បន្ថែម​ទៀត​ ជា​ពិសេស​គឺ​រឿង​ជាតិ​ បញ្ហា​ជាតិ​ ឧ​ទារ​ហណ៍​បញ្ហា​ទឹកដី​ បញ្ហា​ផែនទី​ជាដើម​ ជាមួយ​ប្រទេស​មួយ​ចំនួន​ដែល​ប្រមុខ​រដ្ឋាភិបាល​លោក​ចង់​ស្នើ​សុំ​ឲ្យ​មាន​ជំនួយ​ពី​ប្រទេស​ទាំងអស់​នុ៎ង​ ។​ ក៏​ប៉ុន្តែ​បើសិន​ករណី​មាន​តំណាង​ទៅ​ តំណាង​ហ្នឹង​មិន​អាច​មាន​អំណាច​ ឬ​ក៏​សេចក្ដី​សម្រេចចិត្ត​ណាមួយ​ ដើម្បី​ធ្វើការ​ទំនាក់ទំនង​ល្អ​ប្រសើ​ដូច​នាយក​រដ្ឋមន្ត្រី​ទៅ​ទេ​បាទ​”​ ។​

ចំណែកឯ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​អ្នក​ស្រាវជ្រាវ​នយោបាយ​មួយ​រូប​ទៀត​ លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​ ក៏​យល់​ដែរ​ថា​ មហាសន្និបាត​អង្គការសហប្រជាជាតិ​នេះ​ ជា​ការ​សំខាន់​ណាស់​ ដែល​នាយក​រដ្ឋមន្ត្រី​ត្រូវ​ចូលរួម​ ។​ លោក​ថា​ ដើម្បី​អាច​រក្សា​បាន​នូវ​បូរណភាព​ទឹកដី​កម្ពុជា​ រដ្ឋាភិបាល​គួរតែ​ឆ្លៀតឱកាស​នេះ​ លើកយក​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ទៅ​ពឹង​អង្គការសហប្រជាជាតិ​ឲ្យ​ជួយ​ដោះស្រាយ​ ព្រោះ​មាន​តែ​អង្គការសហប្រជាជាតិ​ទេ​ ដែល​មាន​អំណាច​ខ្លាំង​ និង​រឹង​មាំ​ ។​ លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ “​ក្នុង​នាម​រដ្ឋាភិបាល​កម្ពុជា​ គួរតែ​សំណូមពរ​ ឬ​ក៏​គិតពិចារណា​ទៅ​លើ​កិច្ចព្រមព្រៀង​ផ្សេងៗ​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​បូរណភាព​ទឹកដី​កម្ពុជា​ ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​ទៅ​អង្គការសហប្រជាជាតិ​ នៅ​ក្នុង​ការ​ខ្ចី​ផែនទី​ ប៉ុន្តែ​ផែនទី​ដែល​យើង​យក​ទៅ​នោះ​វា​អត់​គ្រប់​ ហើយ​លិខិត​ស្នាម​វា​អត់​គ្រប់​ ដល់​អ៊ីចឹង​ទៅ​ វា​ពិបាកធ្វើ​ឲ្យ​ពលរដ្ឋ​ទាំងអស់​ហ្នឹង​មានចិត្ត​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ណាស់​ ។​ អ៊ីចឹង​គួរតែ​សំណូមពរ​ទៅ​អង្គការសហប្រជាជាតិ​ ក្នុង​ករណី​ណា​ដែល​យើង​ខ្វះ​ ឬ​ក៏​ឲ្យ​គេ​ជួយ​សហការ​កម្រិត​ណា​ ឬ​ក៏​អន្តរាគមន៍​ជាមួយ​ប្រទេស​ជិតខាង​កម្ពុជា​ក្នុង​កម្រិត​ណា​ ដើម្បី​អាច​រក្សា​បាន​នូវ​បូរណភាព​ទឹកដី​កម្ពុជា​”​ ៕

Share

ព័ត៌មានទាក់ទង

Image