ភ្នំពេញ ៖ ចិនដែលជាប្រទេសមហាអំណាចមួយក្នុងចំណោមប្រទេសមហាអំណាចមួយចំនួនទៀតប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានភាពរីកចំរើនតាមរយៈការផ្តល់គម្រោងមួយចំនួនមកប្រទេសកម្ពុជា។ នេះបើតាមទីប្រឹក្សាឯកអគ្គរដ្ឋទូតចិនប្រចំាកម្ពុជាបានប្រាប់វិទ្យុស្ត្រី FM102 ។
ចិនគឺជាប្រទេសធំមួយដែលបានផ្តល់ជំនួយច្រើនជាងគេមកដល់ប្រទេសកម្ពុជា។ តាមរយៈការផ្តល់ជំនួយនេះប្រទេសចិនបានផ្តល់ជំនួយតាមរយៈគម្រោងមួយចំនួនដែលមានស្រាប់ និងគម្រោងមួយចំនួនទៀតកំពុងពិភាក្សាជាមួយមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា។
លោក លី អាន (Li An) ទីប្រឹក្សាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចំាកម្ពុជា និងជាទីប្រឹក្សាផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច បានឱ្យដឹងតាមរយៈអ្នកប្រែនៅថ្ងៃនេះថា ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានភាពរីកចំរើន និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជានោះ។
ប្រទេសចិនបានយកចិត្តទុកដាក់ក្នុងការ វិនិយោគជាច្រើនទៅលើវិស័យសំខាន់ៗមួយចំនួននៅក្នុងប្រទេសកម្ពុជាដូចជាវិស័យ វិស័យកសិកម្ម វិស័យទេសចរណ៍ និងវិស័យអប់រំជាដើម។ លោក លី អាន បន្តថាបច្ចុប្បន្នក្រុមអ្នកជំនាញការរបស់ប្រទេសចិនកំពុងវាយតម្លៃគម្រោងកែលម្អសាលានៅតាមជនបទកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យការទទួលបានការអប់រំសាលានៅតាមតំបន់ជនបទកាន់តែមានភាពល្អប្រសើរ។ «ខាងចិនបានផ្តល់ការគំាទ្រយ៉ាងធំចំពោះការអភិវឌ្ឍន៍ប្រទេសកម្ពុជា គម្រោងទំាងអស់សុទ្ធតែប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជាត្រូវការ ហើយខាងចិនផ្តល់ការគំាទ្រធំធេងដល់ប្រទេសកម្ពុជា»។
នៅក្នុងឆ្នំា២០១៧ នេះ គឺជាខួប ៥០ឆ្នំានៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសចិន។ ទីប្រឹក្សាឯកអគ្គរដ្ឋទូតចិនរូបនេះសង្ឃឹមថាទំនាក់ទំនងកម្ពុជា–ចិន នឹងកាន់តែជិតស្និទ្ធបន្ថែមទៀត ជាពិសេសការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរនឹងកាន់តែស៊ីជម្រៅថែមទៀត។
បើតាមមន្រ្តីស្ថានទូតចិនរូបនេះ ឱ្យដឹងថាគិតត្រឹមឆ្នំា២០១៦ ចិនបានផ្តល់ការវិនិយោគមកប្រទេសកម្ពុជាក្នុងរង្វង់ទឹកប្រាក់ប្រមាណជាង១ពាន់លានដុល្លារសហរដ្ឋអាមេរិក។