en     km
en     km

ចិន​រៀប​ចំ​បង្កើត​គ​ម្រោង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ជន​បទ​នៃ​ប្រទេស​កម្ពុជា

Share

ភ្នំពេញ ៖ ប្រទេសចិនកំពុងតែពិភាក្សាបង្កើតគម្រោងមួយស្តីពីការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះត្រូវបានជ្រើសរើសតំបន់ជនបទសំខាន់ៗចំនួនពីរដើម្បីធ្វើការសាកល្ប។ នេះបើតាមមន្រ្តីជាន់ខ្ពស់របស់ស្ថានទូតចិនប្រចំាកម្ពុជា។

ខណៈប្រទេសកម្ពុជាកំពុងតែឈានពីប្រទេសក្រីក្រទៅជាប្រទេសដែលមានជីវភាពមធម្យមកម្រិតទាបនោះ ប្រទេសចិនកំពុងតែយកចិត្តទុកដាក់ក្នុងការបង្កើតគម្រោងមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចការនេះ អ្នកជំនាញចិនកំពុងតែពិភាក្សាគម្រោងកាត់បន្ថយភាពក្រីក្រជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។

លោក លី អាន (Li An) ទីប្រឹក្សាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចំាកម្ពុជា និងជាទីប្រឹក្សាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម បានផ្តល់បទសម្ភា​ស​ន៍ឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជាតាមរយៈអ្នកប្រែថា កម្ពុជាចិន ជាប្រទេសជិតខាងមានទំនាក់ទំនងល្អជាមួយប្រទេស​ចិនតំាងពីយូរណាស់មកហើយ។ ដោយ​​សារតែមានទំនាក់ទំនងល្អនេះហើយ ទើបប្រទេសចិនបាននំាយកវិនិយោគិនរបស់ខ្លួនមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការវិនិយោគនេះប្រទេសចិនផ្តោតសំខាន់ទៅការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ វិស័យឧស្សាហកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម។

បន្ថែមលើនេះលោក លី អាន សង្កត់ធ្ងន់ថា ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រប្រទេសកម្ពុជានោះ ចិនកំពុងតែបង្កើតគម្រោងមួយក្នុងការកាត់​បន្ថយ​ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាផងដែរ។ លោក លី​ អាន ៖ «ពាក់ព័ន្ធនឹងគម្រោង​ការកាត់បន្ថយភាពក្រីក្រ ឥឡូវប្រទេសចិនបានបញ្ជូនក្រុមការសិក្សាមួយមកប្រទេសកម្ពុជា កំពុងពិភាក្សាជាមួយក្រសួងអភិវឌ្ឍន៍ជនបទហើយគេក៏បានជ្រើសរើសកន្លែងពីរហើយ ខាងចិននឹងអនុវត្តន៍តាមផែន​ការ​មួយហ្នឹង»

លោក លី អាន បញ្ជាក់ថាប្រទេសចិនក៏មានតំបន់មួយចំនួនក្រីក្រដែរ តែប្រទេសចិនបានបង្កើតគម្រោងមួយក្នុងការកាត់បន្ថយភាពក្រីក្រប្រទេសរបស់ខ្លួនទទួលបានជោគជ័យ។ លោកថា តាមរយៈបទពិសោធន៍ជោគជ័យរបស់ខ្លួននេះ ប្រទេសចិននឹងយកចិត្តទុកដាក់សិក្សាស្វែងយល់ស្តីពីស្ថានភាពរស់នៅរបស់​ប្រជាជនរស់នៅតាមតំបន់ជនបទរបស់ប្រទេសកម្ពុជា ជាពិសេសគម្រោងកាត់បន្ថយភាពក្រីក្រនេះ។ ទន្ទឹមគ្នានេះ ​ប្រទេសចិននឹងផ្តល់ឧបករណ៍ សម្ភារៈមួយចំនួនដល់ប្រទេសកម្ពុជាដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងចែករំលែកបទពិសោធន៍របស់ខ្លួនដល់ប្រទេសកម្ពុជាផងដែរ។

ឆ្លើយតបការលើកទ្បើងនេះ អ្នកនំាពាក្យក្រសួងអភិវឌ្ឍន៍ជនបទលោក ចាន់ ដារ៉ុង បានផ្តល់បទសម្ភាសន៍ដល់ WMC ថា ក្រសួងអភិវឌ្ឍន៍ជនបទពិតជាកំពុងពិភាក្សាជាមួយភាគីចិនដើម្បីអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដមែន។ លោក ចាន់ ដារ៉ុង បញ្ជាក់ថាគម្រោងនេះគឺជាជំនួយឥតសំណងរបស់ប្រទេសចិនដែលគ្រោងចំណាយទឹកប្រាក់ប្រមាណ ៥លានដុល្លារសហរដ្ឋអាម៉េរិក។ លោក ចាន់ ដារ៉ុង ភាគីទំាងពីរនឹងចុះអនុវត្តគម្រោងនេះឆាប់ៗ ហើយការដាក់ឱ្យអនុវត្តនេះគឺចាប់ពីឆ្នំា២០១៧ ដល់ឆ្នាំ២០២០។

អ្នកនំាពាក្យរូបនេះ គូសបញ្ជាក់ទៀតថា សកម្មភាពរបស់គម្រោងនេះនឹងពិនិត្យទៅលើការសាងសង់ប្រព័ន្ធស្រោចស្រព និងបណ្តោះបណ្តាលពីការចិញ្ចឹមសត្វ ព្រមទាំងជំនាញមួយចំនួនទៀតដល់ប្រជាពលរដ្ឋផងដែរ។ «គម្រោងនេះថវិកាប្រហែលជា ៥លានដុល្លារអាមេរិកជាជំនួយឥតសំណងរបស់ចិនយើងសាកល្បងនៅស្រុកមុខកំពូលខេត្តកណ្តាល ប៉ុន្តែមិនមែនគ្រប់ឃុំទំាងអស់នោះទេ… យើងយកមួយឃុំទេ គឺឃុំស្វាយអំពៀក្នុងឃុំហ្នឹងយើងសាកល្បងយកពីរភូមិសិន ដើម្បីយកមកសាកល្បងគឺភូមិស្វាយអំពៀ និងភូមិឈើទាលភ្លោះ»

បើតាមទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចំាកម្ពុជា លោក លី អាន គិតត្រឹមឆ្នំា២០១៦ ចិនបានផ្តល់ការវិនិយោគមកប្រទេសកម្ពុជាក្នុងរង្វង់ទឹកប្រាក់ ១ពាន់មួយរយលានដុល្លារសហរដ្ឋអាមេរិក។

អត្ថបទ ជួន សារ៉េត 

 

Share

ព័ត៌មានទាក់ទង

Image