en     km
en     km

ឥណ្ឌូ​នេ​ស៊ី​ដាក់​ពង្រាយ​យោធា​ដើម្បី​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​ស៊ូ​ម៉ា​ត្រា​

Share

ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជូនទាហាន​ជាង​ 1.000​ នាក់​ទៅ​កាន់​កោះ​ស៊ូ​ម៉ា​ត្រា​ភាគ​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​10​ ខែកញ្ញា​ នេះ​ ដើម្បី​ពន្លត់ភ្លើង​ដែល​កំពុង​តែ​បន្ត​ឆេះ​ព្រៃ​យ៉ាង​សន្ធរ​សន្ធៅ​ ។​ ទាហាន​បាន​ចាក​ចេញពី​មូលដ្ឋាន​អាកាស​នៅ​ទីក្រុង​ហ្សា​ការ​តា​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​ នេះ​បើ​យោង​តាម​ សារព័ត៌មាន​ Channel​ News​ Asia​។​

ប៉ូ​លី​ស​ឥណ្ឌូ​នេ​ស៊ី​បាន​អះអាង​ថា​ ចំណុច​ភ្លើង​ឆេះ​ព្រៃ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​ភាគ​ខាងត្បូង​មាន​ចំនួន​ 14​កន្លែង​ ហើយ​អាជ្ញាធរ​បាន​និយាយ​ថា​ ភាគច្រើន​កន្លែង​ដែល​មាន​ភ្លើង​ឆេះ​ទាង​នោះ​ ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនចម្ការកៅស៊ូ​ ហើយ​មួយ​ចំនួន​ទៀត​គឺ​ឆេះ​នៅ​ក្នុង​ឧទ្យាន​ជាតិ​របស់​ខេត្ត​ស៊ូ​ម៉ា​ត្រា​។​
​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​ព្រៃឈើ​របស់​ប្រទេស​នេះ​ គឺ​អ្នកស្រី​ Siti​ Nurbaya​ Bakar​ បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គា​រថា​ អាជ្ញាធរ​បាន​កំណត់​ទីតាំង​មាន​ភ្លើង​ឆេះ​នោះ​ហើយ​ ហើយ​គេ​នឹង​អាច​ពន្លត់​វា​បាន​ ។​
slash-and-burn-sumatra
​លោក​ប្រធានាធិបតី​ Joko​ Widodo​ ចង់ឱ្យ​ក្រុមហ៊ុនចម្ការកៅស៊ូ​មានការ​ទទួលខុសត្រូវ​ ចំពោះ​ហេតុការណ៍​ភ្លើង​ឆេះ​នៅ​ក្នុង​ដី​សម្បទាន​ ។​ ប៉ុន្តែ​វា​មានការ​លំបាក​ក្នុង​ការ​កាត់ទោស​ជនល្មើស​ ទោះបីជា​គេ​បានដឹង​ថា​ នរណា​ជា​អ្នក​បង្ក​អគ្គិភ័យ​នោះ​ក៏​ដោយ​ អ្នក​ទាំងនោះ​ភាគច្រើន​ ជា​សែស្រឡាយ​រដ្ឋាភិបាល​ប្រទេស​នេះ​។​

កងកម្លាំង​ភ្នាក់ងារ​ចម្រុះ​ ដែល​រួម​មាន​ទាំង​ប៉ូ​លី​ស​ ទាំង​យោធា​កំពុង​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ភ្លើង​ឆេះ​ព្រៃ​ ។​ ខណៈ​នេះ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​និង​ ខេត្ត​កាលី​ម៉ា​ន់​តាន់មាន​ អ័ព្ទ​ដ៏​ក្រាស់​។​ អ័ព្ទ​នេះ​បាន​ប៉ះពាល់​ដល់​បណ្តា​ខេត្ត​នៅ​ភាគ​ខាងត្បូង​កោះ​ស៊ូ​ម៉ា​ត្រា​ Jambi​ និង​តំបន់​ Riau​ ពិសេស​បាន​បង្ខំ​ឱ្យ​សាលារៀន​ និង​ព្រ​លាន​យន្តហោះ​ឥណ្ឌូ​នេ​ស៊ី​ មួយ​ចំនួន​ត្រូវ​បិទទ្វារ​មួយ​រយៈ​ផង​ដែរ​។​

អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​នោះ​ ការ​ឆាបឆេះ​បាន​បណ្តាល​ឲ្យ​មាន​ផ្សែង​ ហើយ​ផ្សែង​ទាំងនោះ​បាន​រសាត់​ទៅ​ដល់​ប្រទេស​ជិតខាង​ឥណ្ឌូ​នេ​ស៊ី​ បង្ក​ជា​អ​ព្ទ័​ពេញ​លំហ​មេឃ​នៅ​ប្រទេស​សិង្ហ​បុរី​ និង​ម៉ា​ឡេ​ស៊ី​ ធ្វើ​ឲ្យ​គុណភាព​ខ្យល់​នៅ​ទីនោះ​កាន់តែ​យ៉ាប់យ៉ឺន​ ។​

អ្វី​ដែល​គួរ​កត់សម្គាល់​នោះ​ អាស៊ាន​ បាន​បង្កើត​ឲ្យ​មាន​កិច្ចព្រមព្រៀង​ ស្តី​ការ​បំពុល​អ័ព្ទ​ដើម្បី​ទប់ស្កាត់​ការ​កើត​មាន​បញ្ហា​នេះ​ ដែល​ទើបតែ​ចូល​ជា​ធរមាន​។​  ពាក់ព័ន្ធ​ភ្លើង​ឆេះ​ព្រៃ​ និង​ផ្សែង​អ័ព្ទ​នេះ​ដែរ​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​អាស៊ាន​លើ​ការ​បំពុល​អ័ព្ទ​ឆ្លង​ព្រំដែន​កាលពី​ខែធ្នូ​ចុងឆ្នាំ​មុន​៕

Share

Image
Image
Image