តាកែវ៖ ធ្លាប់តែមានការប្រកួតសេះ ប្រណាំងរត់ តែនេះជាលើកទីមួយហើយដែលបានឭពីកម្មវិធីប្រកួតស្ទូងរបស់អង្គការសេដាក ដែលប្រព្រឹត្តណ៍ទៅកាលពីថ្ងៃទី០៣ កញ្ញា២០១៥នៅស្រុកត្រាំកក់ ខេត្តតាកែវ។ ក្នុងការប្រកួតប្រជែងនោះ មានប្រជាជនមកពីខេត្តចំនួន៨ខេត្តនៅក្នុងប្រទេសកម្ពុជា ។ តើសកម្មភាពនៃការប្រកួតស្ទូងមានលក្ខណៈបែបណា?
មើលទៅអ្នកប្រកួត និង គណៈកម្មការហាក់មិនមានភាពហត់នឿយទាល់តែសោះ មិនត្រឹមតែប៉ុណ្ណោះពួកគេបានបង្ហាញទឹកមុខយ៉ាងសប្បាយរីករាយទៀតផង។ លោកបៅ វុទ្ធី ជានាយកកម្មវិធីរបស់អង្គការសេដាក និង ជាអ្នករៀបចំការប្រកួតស្ទូងនេះបានមានប្រសាសន៍នៅក្រោមដើមកាស្យានៅខាមុខវាលស្រែ និងមុខអ្នកចូលរួមប្រកួតថា ការរៀបចំកម្មវិធីនេះឡើងដើម្បីរកឲ្យឃើញលក្ខណៈថ្មីនៃការស្ទូង និង ផ្លាស់ប្តូរបទពិសោធន៍ការស្ទូងជាដើម ។
ចំពោះអ្នកដែលអាចចូលរួមប្រកួតបាន ត្រូវតែជាកសិករដែលទទួលចូលក្នុងគម្រោង បវស របស់អង្គការសេដាក ហើយតម្រូវឲ្យពួកគាត់ចុះឈ្មោះក្នុងការប្រកួតដោយបង់ថ្លៃចុះឈ្មោះ១០.០០០រៀលក្នុងបេក្ខជនមួយរូប ។ លោកបៅ វុទ្ធីថា អ្នកអាចចូលនៅវគ្គផ្តាច់ព្រ័ត្រសុទ្ធសឹងជាជម្រើសជើងឯកលេខមួយ លេខពីរមកពីបណ្តាខេត្តចំនួន ៨ មានដូចជា ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ កំពង់ឆ្នាំ កំពត សៀមរាប ត្បូងឃ្មុំ ព្រៃវែង លោកបានបន្តថាប្រជាពលអ្នកឈ្នះនិងទទួលបានរង្វាន់ ។
មុននឹងចាប់ផ្តើមការប្រកួត លោកបៅ វុទ្ធីក៏បានបង្ហាញលក្ខន្តិកៈរបស់កម្មវិធីមួយចំនួនដល់អ្នកចូលរួមប្រកួតផងដែរ ដូចជា ត្រូវដកសំណាបណាដែលមានដើមថ្លោស និងស្ទូងត្រង់ជួរហើយលឿន ចំណែកអ្នកត្រៀមប្រកួតបានឈរស្ដាប់យ៉ាងយកចិត្តទុកដាក់ និងកាន់ថង់ប្លាស្ទិចពណ៌សមួយម្នាក់ ដើម្បីទុកដាក់សំណាប។
នៅកណ្តាលវាលស្រែ ដែលអមជុំវិញទៅដោយជួរភ្នំដែលមានពណ៌បៃតងស្រស់ ក្រុមអ្នកប្រកួតទាំងអស់បានប្រឹងប្រែងដកសំណាបរៀងៗខ្លួន ព្រោះថាការប្រកួតតម្រូវឲ្យដកតែ១០នាទីប៉ុណ្ណោះ ។
អ្នកចូលរួមប្រកួត ចំអកចំអន់គ្នាលេង និងច្រៀងកម្សាន្ត ធ្វើបរិយាកាសកាន់តែសប្បាយរីករាយ។ នៅក្នុងពេលនោះអ្នកចូលរួមប្រតួតម្នាក់មកពីខេត្ត កំពង់ឆ្នាំង ដៃកំពុងដកសំណាបយ៉ាងញាប់ បានង្ហាញក្ដីសង្ឃឹមថា គាត់នឹងយកឈ្នះក្នុងកម្មវិធីនេះ។
ក្រោយពីដកសំណាបហើយក្រុមអ្នកប្រកួតក៏បានបន្តចុះស្ទូងក្នុងស្រែ ដែលគេបានត្រៀមរួចជាស្រេច ។ មុនពេលចុះប្រកួត គណៈកម្មការបានប្រកាសឲ្យអ្នកប្រកួតគោរពតាមគោលការណ៍ស្ទូងឲ្យត្រង់ជួរ និងស្ទូងឲ្យបានគុម្ពច្រើន។
ស្របពេលអ្នកចូលរួមប្រកួតកំពុងតែប្រឹងប្រែងស្ទូងដើម្បីជោគជ័យទាំងអស់គ្នា គណៈកម្មការក៏ប្រកាសពីពេលវេលា ធ្វើឲ្យអ្នកស្ទូងទាំងអស់ដឹងពេលវេលា និងបង្កើនល្បឿនកាន់តែខ្លាំងឡើង ។ ក្រោយពីស្ទូងរួចរាល់មេឃាក៏បង្អុរភ្លៀង ។ អ្នកប្រកួតទាំងអស់ទៅរកកន្លែងជ្រកភ្លៀងដោយខ្លះអង្គុយ ខ្លះឈរ រង់ចាំស្តាប់លទ្ធផល ។
គណៈកម្មការបានប្រកាសលទ្ធផលថា អ្នកស្រី ស៊ុន គុន្ធា កសិករមកពីខេត្តកំពត បានជាប់ចំណាត់ថ្នាក់លេខ១ ។ អ្នកស្រីបានលើកឡើយទាំងសេចក្តីសប្បាយរីករាយថា អ្នកស្រីសប្បាយចិត្តណាស់ចំពោះការបង្កើតឲ្យមានកម្មវិធីនេះឡើង ។ អ្នកស្រីបន្ថែមថា អ្នកស្រីចង់ឲ្យមានការបង្កើតកម្មវិធីបែបនេះបន្តទៀត។
លោកយ៉ងសាំងកុមារ ប្រធានអង្គការសេដាកមានប្រសាសន៍ថា លោករំពឹងថាក្រោយពីកម្មវិធីរប្រកួតស្ទូងហើយ គឺចង់បង្ហាញដោយលើកទឹកចិត្តឲ្យកសិករដទៃ ឲ្យពួកគាត់ធ្វើស្រែដោយស្ទូងចៀសវាងការពង្រោះស្រូវ ទើបវាទទួលបានទិន្នផលខ្ពស់។