ទាក់ទងនឹងប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការកំហិតលើការហែក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់ ដែលមិនអនុញ្ញាតឲ្យហែក្បួនឃោសនាឆ្លងឃុំ សង្កាត់នោះ អ្នកនាំពាក្យ គ.ជ.ប ថាខ្លួនឹងធ្វើតាមច្បាប់ ឯអ្នកឃ្លាំមើលការបោះឆ្នោតថា ការរឹតត្បិតនេះនឹងប៉ះពាល់ដល់សេរីភាពនយោបាយរបស់ប្រជាពលរដ្ឋកម្ពុជា ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រកាសនៅថ្ងៃចន្ទម្សិលមិញថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នាពេលខាងមុខនេះ នឹងមិនឲ្យហែក្បួនឆ្លងឃុំទេ ដើម្បីរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ។
លោក ស ខេង បានថ្លែងបែបនេះនៅក្នុងពិធីផ្ទេរតំណែងអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ។ លោកមានប្រសាសន៍ថា បោះនៅមណ្ឌលណា ត្រូវហែនៅមណ្ឌលនោះ ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា ថ្លែងថា ការប្រកាសរបស់លោកស ខេង បញ្ជាក់ពីស្មារតីរបស់អាជ្ញាធរដែនដី ក្នុងការសម្រេចយ៉ាងណា ពាក់ព័ន្ធនឹងការបោះឆ្នោត ។ យ៉ាងនេះក្ដី លោកហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងធ្វើតាមច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ “ខ្ញុំគិតថា នេះជាស្មារតីមួយ ដើម្បីសាធារណជនបានដឹងអំពីគម្រោងនៃអាជ្ញាធរដែនដី តើលោកគិតគូរយ៉ាងណាពាក់ព័ន្ធនឹងការបោះឆ្នោត ។ សម្រាប់ គ.ជ.ប មិនមានអីប៉ះពាល់ទេ ផ្ទុយទៅវិញ គ.ជ.ប នឹងត្រៀមខ្លួនក្នុងការរៀបចំនូវអ្វីដែលជាច្បាប់ ធ្វើយ៉ាងណាឲ្យតែច្បាប់ត្រូវបានសភាអនុម័តិ” ។
ទោះយ៉ាងណា លោកហង្ស ពុទ្ធា បញ្ជាក់ថា មកដល់ពេលនេះ ច្បាប់ស្ដីពីការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅពុំទាន់បានពិភាក្សាគ្នាហើយជាស្ថាពរ រវាងក្រុមជំនាញ ឬក្រុមគណបក្សនយោបាយ ដែលកំពុងពិភាក្សាគ្នានៅឡើយទេ ហើយសភាក៏មិនទាន់បានអនុមតិនៅឡើយដែរ ។
ពាក់ព័ន្ធបញ្ហានេះដែរ សមាជិកសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោ លោកសួន ប៊ុនស័ក្តិ មានប្រសាសន៍ថា ប្រសាសន៍នោះហាក់ដូចជាហាមឃាត់ដល់សេរីភាពនយោបាយ ។ លោកថា សេរីភាពនយោបាយ មិនបានចែងកម្រិតព្រំដែនបែបនេះនោះទេ លើកលែងតែការឃោសនានោះ ធ្វើហួសពីព្រំដែនប្រទេសកម្ពុជា “បាទនីតិវិធីពីរឿងការបោះឆ្នោតជាទូទៅគេរាប់តាំងពីការចុះបញ្ជី តាំងពីការឃោសនារហូតទៅដល់សរុបលទ្ធផលនៃការបោះឆ្នោត គឺមានចែងជាបញ្ញត្តិផ្សេងៗនៅក្រោមច្បាប់បោះឆ្នោតកម្ពុជាហ្នឹងឯង ក៏ប៉ុន្តែអត់មានភាពជាក់លាក់កន្លែងណាមួយ ដែលគេហាមមិនឲ្យឃោសនាឆ្លងរដ្ឋបាលឃុំ ដែនដីឃុំ អត់ទេ ។ ខ្ញុំថា បើកាលណាយើងចាត់វិធានការរាងចង្អៀតអ៊ីចឹង គឺដូចខ្ញុំបាននិយាយខាងដើមអ៊ីចឹង វាប៉ះពាល់សេរីភាពនយោបាយរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសគឺគណបក្សនយោបាយរបស់កម្ពុជាយើងហើយបាទ” ។
សូមជម្រាបថា តាមគម្រោង ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវធ្វើឡើងនៅឆ្នាំ២០១៧ខាងមុខ ប៉ុន្តែមិនទាន់ដឹងច្បាស់ថា នឹងត្រូវធ្វើនៅខែរវាងខែកុម្ភៈ ឬក្នុងខែកក្កដានោះទេ ។ ក្នុងរឿងនេះ គណបក្សសង្គ្រោះជាតិទាមទារឲ្យមានការបោះឆ្នោតនៅខែកុម្ភៈ ដោយសំអាងថា ជារដូវប្រាំង មិនប៉ះពាល់ដល់ការប្រកបរបរធ្វើស្រែចម្ការរបស់កសិករ និងមិនរំខានដោយទឹកជំនន់ជាដើម ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ការបោះឆ្នោតជាតិអាណត្តិក្រោយ នឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៨ មិនមែនក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ដូចធ្លាប់បានឯកភាពជាគោលការណ៍កាលពីការចរចាកន្លងទៅនោះទេ។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីមិនបានមានប្រសាសន៍ទាក់ទងនឹងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះឡើយ ៕