ភ្នំពេញ៖ ក្រោយការផ្ទៀងផ្ទាត់ផែនទីរបស់រដ្ឋាភិបាល ជាមួយផែនទីខ្ចីមកពីអង្គការសហប្រជាជាតិ និងជាមួយផែនទីខ្ចីមកពីប្រទេសបារាំង មន្ត្រីជំនាញព្រំដែន និងមន្ត្រីរដ្ឋាភិបាលសុទ្ធតែបានប្រកាសថា ផែនទីទាំងនោះដូចគ្នា ។ ផ្អែកលើការប្រកាសនោះ លោកនាយករដ្ឋមន្ត្រីបានហាមប្រាមមិនឲ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទីចោរ ក្នុងការបោះបង្គោលព្រំដែនជាមួយវៀតណាម ។ ជាមួយគ្នា មន្ត្រីរដ្ឋាភិបាលបានចោទប្រកាន់លើបក្សប្រឆាំងថា លើកយកបញ្ហាផែនទី និងបញ្ហាព្រំដែនមកនិយាយ គឺជាការកេងចំណេញនយោបាយ ។ តើអ្នកវិភាគយល់យ៉ាងណាជុំវិញបញ្ហានេះ?
សម្លេង៖
មួយរយៈចុងក្រោយនេះ មន្ត្រីរដ្ឋាភិបាលបាននិយាយដោយចំៗថា បក្សប្រឆាំងបានលើកយកបញ្ហាផែនទី និងព្រំដែនមកនិយាយ ដើម្បីជាការកេងចំណេញនយោបាយ ។
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោកហោ ណាំហុង និងប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោកវ៉ា គឹមហុង សុទ្ធតែបាននិយាយបែបនេះ នៅក្រោយពេលទទួល និងពិនិត្យផ្ទៀងផ្ទាត់ផែនទីខ្ចីមកពីអង្គការសហប្រជាជាតិ ក៏ដូចជានៅថ្ងៃប្រគល់ផែនទីនោះទៅឲ្យមន្ត្រីអង្គការសហប្រជាជាតិវិញជាដើម ។
ក្រោយការផ្ទៀងផ្ទាត់ផែនទីនោះ លោកនាយករដ្ឋមន្ត្រីបានប្រកាសឈប់ឲ្យមានការចោទប្រកាន់ថា រដ្ឋាភិបាលបានប្រើប្រាស់ផែនទីក្លែងក្លាយ ឬផែនទីចោរបន្តទៀត មិនដូច្នោះនឹងមិនមានការលើកលែងទោសឡើយ ។
យ៉ាងនេះក្ដី មន្ត្រីបក្សប្រឆាំងនៅតែអះអាងថា ការលើកយកបញ្ហាព្រំដែនមកនិយាយ គឺដើម្បីការពារផលប្រយោជន៍ជាតិ ។
តើការលើកយកបញ្ហាព្រំដែនមកនិយាយ ជាការប៉ែងជើងគ្នាដើម្បីផលប្រយោជន៍នយោបាយមែនឬ?
យ៉ាងនេះក្ដី មន្ត្រីបក្សប្រឆាំងនៅតែអះអាងថា ការលើកយកបញ្ហាព្រំដែនមកនិយាយ គឺដើម្បីការពារផលប្រយោជន៍ជាតិ ។
តើការលើកយកបញ្ហាព្រំដែនមកនិយាយ ជាការប៉ែងជើងគ្នាដើម្បីផលប្រយោជន៍នយោបាយមែនឬ?
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកមាស នី មានប្រសាសន៍ថា តាមការសង្កេតនាពេលកន្លងមក គណបក្សកាន់អំណាច តែងតែព្យាយាមបិទបាំងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង មិនចង់ឲ្យពលរដ្ឋបានដឹងអំពីព័ត៌មានផ្សេងៗទាក់ទងនឹងព្រំដែន ។ លោកបន្តថា ដោយសារការបិទបាំងនោះហើយ ទើបធ្វើឲ្យបញ្ហាព្រំដែនក្លាយជាចំណុចរសើប ព្រោះវាជាអ្វីដែលពលរដ្ឋចង់ដឹង ។
លោកមាស នី បន្ថែមថា ទោះបីជាពេលខ្លះ មានការបំភ្លឺរឿងព្រំដែនម្ដងម្កាលក្ដី ក៏មិនបានបើកឲ្យមានការសួរដេញដោលអ្វីនោះដែរ ម្យ៉ាងទៀត ឱកាសនៃការបំភ្លឺនោះ មានមកតែពីភាគីម្ខាង ឯភាគីម្ខាងទៀតមិនបានបញ្ចេញមតិយោបល់អ្វី ក្រៅពីអង្គុយស្ដាប់នោះឡើយ ។ លោកបន្តថា ក្រៅពីការបិទមិនឲ្យភាគីម្ខាងទៀតនិយាយពីរឿងព្រំដែននោះ ក៏មានការគំរាមចាប់ចងផងដែរ «មិនដឹងថា តើរឿងព្រំដែនហ្នឹងវាមានស៊ីជម្រៅប៉ុនណា បានជានៅពេលមានការជជែកគ្នាពីរឿងព្រំដែន តែងតែមានការចាប់ចង មានអ្នកដែលត្រូវបានជាប់គុកដោយសាររឿងព្រំដែន ។ ជាធម្មតា ស្ថានភាពរឿងព្រំដែន បើសិនជារដ្ឋាភិបាលមានសុទ្ធចិត្តគ្រប់គ្រាន់ក្នុងការដោះស្រាយ វាមិនគួរមានអីដល់ទៅរឿងវិវាទរវាងវៀតណាម ហើយនិងខ្មែរនៅព្រំដែនសោះ ហេតុអីខ្មែរត្រូវទៅជាប់គុកដោយសាររឿងអស់ហ្នឹងដែរ ដោយសារតែការទាមទារ ការនិយាយទាំងអស់ហ្នឹង»។
ចំណែកឯសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកសូ ចន្ថា មានប្រសាសន៍ថា បញ្ហាព្រំដែនជាបញ្ហារួមរបស់ជាតិទាំងមូល មិនមែនជារបស់បុគ្គលណាម្នាក់ ឬរបស់គណបក្សនយោបាយណាមួយនោះឡើយ ។
លោកសូ ចន្ថា បន្ថែមថា ការចោទប្រកាន់អ្នកលើកយកបញ្ហាព្រំដែនមកនិយាយ ថាជាការកេងចំណេញនយោបាយនោះ គឺជាការដាក់បន្ទុកទៅលើគណបក្សផ្សេង ហើយទុកឱកាសឲ្យខ្លួនឯងឆ្លៀតកេងចំណេញលើរឿងនេះ «ការពិតបញ្ហាព្រំដែនជាបញ្ហារួម បញ្ហារបស់ជាតិទាំងអស់គ្នា មិនមែនជារបស់គណបក្សណាមួយផ្ដាច់មុខទេ ។ ក៏ប៉ុន្តែការលើកឡើងបែបនេះ ជាការឆ្លុះបញ្ចាំងថា អ្វីដែលជាការលើកឡើងរបស់គណបក្សកាន់អំណាច មន្ត្រីធំៗហ្នឹង គឺជាការឆ្លៀតកេងចំណេញនយោបាយ ហើយជាការដាក់បន្ទុកទៅលើគណបក្សផ្សេង ក្រៅពីគណបក្សដឹកនាំប្រទេសហ្នឹង ។ ឥរិយាបថបែបហ្នឹង យើងតែងតែសង្កេតឃើញនៅប្រទេសកម្ពុជាហ្នឹង មានន័យថា អ្នកនយោបាយនៅប្រទេសកម្ពុជា មិនទាន់មានវប្បធម៌នយោបាយប្រជាធិបតេយ្យ ដោយហ៊ានទទួលយកការពិតទេបាទ»។
យោងតាមអ្នកវិភាគទាំងពីរឃើញថា បញ្ហាព្រំដែនជាបញ្ហារបស់ជាតិ មិនគួរមានការលាក់បាំងក្នុងការដោះស្រាយរឿងព្រំដែននោះទេ ។ បើតាមលោកមាស នី ពលរដ្ឋមានសិទ្ធិទទួលបានព័ត៌មានក្នុងរឿងព្រំដែននេះ ។ បើតាមលោកសូ ចន្ថាវិញឃើញថា ការលាក់បាំងព័ត៌មានពីរឿងព្រំដែន ជាកញ្ចក់ឆ្លុះឲ្យឃើញថា អ្នកនយោបាយខ្មែរគ្មានវប្បធម៌នយោបាយប្រជាធិបតេយ្យឡើយ ៕
Post Views: 240