en     km
en     km

សហគមន៍​ព្រៃឈើ​ខេត្តឧត្តរមានជ័យ​ គ្រោង​អភិវឌ្ឍន៍​ព្រៃ​សហគមន៍​ខ្លួន​ជា​តំបន់​អេកូ​ទេសចរណ៍​

Share

ដើមឈើ​ធំៗ​ សត្វព្រៃ​ ប្រាសាទបុរាណ​ ភូមិ​បុរាណ​ គឺជា​សក្តានុពល​ដ៏​សំខាន់​របស់ព្រៃ​សង្ឃ​វ័​ន្ត​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ ជា​ពិសេស​គឺ​ភ្ញៀវ​អន្តរជាតិ​។​ ព្រះ​មេគណ​ខេត្តឧត្តរមានជ័យ​ ព្រះ​តេជគុណ​ ប៊ុ​ន​ សា​លួត​ ដែល​ជា​អ្នកគ្រប់គ្រង​ព្រៃ​សង្ឃ​វ័​ន្ត​ នេះ​ មាន​សង្ឃដីកា​ថា​ ផែនការ​បង្កើត​តំបន់​អេកូ​ទេសចរណ៍​នេះ​ មិន​ត្រឹមតែ​ជួយ​ការពារ​ព្រៃ​នេះ​មិន​ឱ្យ​ជន​ឆ្លៀតឱកាស​យាយី​កាប់​បំផ្លាញ​ប៉ុណ្ណោះ​ទេ​ វា​ក៏​អាច​បង្កើត​ការងារ​ បន្ថយ​ការ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ផង​ដែរ​។​​

សំឡេង
 ​ព្រះ​តេជគុណ​ ប៊ុ​ន​ សា​លួត​ ព្រះ​មេគណ​ខេត្តឧត្តរមានជ័យ​ ដែល​ជា​ប្រធាន​សមាគម​ព្រៃ​សង្ឃ​វ័​ន្ត​បាន​មាន​សង្ឃដីកា​ថា​ ដោយសារ​តែ​មើលឃើញ​ថា​ព្រៃ​សង្ឃ​វ័​ន្ត​ ដែល​មាន​ទំហំ​ជិត​២​ម៉ឺន​ហិ​កតា​នេះ​ ពោរពេញ​ទៅ​ដោយ​សក្តានុពល​ជា​ច្រើន​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​បាន​ ទើប​ព្រះ​អង្គ​មាន​គម្រោង​កែ​ច្នៃ​តំបន់​នេះ​ ទៅ​ជា​តំបន់​អេកូ​ទេ​ចរណ៍​ធម្មជាតិ​។​

150904-Nata-Feature-01-dara-ed

​គ្រង​ស្បង់​ចីវរ​លឿងទុំ​ គង់​លើ​រនាប​ក្តារ​ ក្នុង​សាលាឆទាន​ ដែល​សង់​ក្បែរ​ដើមឈើ​ធំៗ​ ខ្ពស់​ញឹក​ក្រាស់​ល្អ​ ស្ថិត​នៅ​ភូមិ​ឈូក​មាស​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ ព្រះ​មេគុណ​ខេត្តឧត្តរមានជ័យ​អង្គ​នេះ​ មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា​ ដើម្បី​ប្រែក្លាយ​ព្រៃ​ដ៏​ធំ​ល្វឹងល្វើយ​នេះ​ ទៅ​ជា​តំបន់​ទេសចរណ៍​ ព្រះ​អង្គ​មាន​ផែនការ​ធ្វើ​សួនសត្វ​ធម្មជាតិ​ ធ្វើ​អាង​ទឹក​ជុំវិញ​ និង​ផ្ទះ​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ស្នាក់​អាស្រ័យ​ ឬ​ហៅ​ថា​Home​ stay​។​ ព្រះ​តេជគុណ​បន្ថែម​ថា​ លោក​នឹង​ចាប់ផ្តើម​ស្វែងរក​ជំនួយ​ពី​ម្ចាស់​ជំនួយ​ផ្សេងៗ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋអាមេរិក​ នៅ​ប្រទេស​បារាំង​ ដើម្បី​បាន​ថវិកា​អភិវឌ្ឍន៍​ផ្លូវ​ចូល​ទៅ​ក្នុង​ព្រៃ​នោះ​ ។​

​ព្រះ​អង្គ​ជឿជាក់​ថា​ គម្រោង​ប្រែក្លាយ​ព្រៃ​សហគមន៍​ ដែល​ពោរពេញ​ទៅ​ដោយ​ដើមឈើ​ធំៗ​ និង​សម្បូរ​ទៅ​ដោយ​សត្វព្រៃ​ច្រើន​ប្រភេទ​នេះ​ បើ​ក្លាយទៅជា​តំបន់​ទេសចរណ៍​ នឹង​ទទួល​បាន​ជោគជ័យ​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​បាន​ច្រើន​ ព្រោះថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ មិន​ទាន់​ទាំង​បង្កើត​តំបន់​ទេសចរណ៍​ផង​ មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ មិន​តិច​ជាង​៣០​ប្រទេស​នោះ​ទេ​ ដែល​បាន​ទស្សនា​ព្រៃ​នេះ​។​

​ព្រះ​អង្គ​មាន​ថេរៈ​ដីកា​ឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ គម្រោង​បង្កើត​តំបន់​អេកូរ​ទេសចរណ៍​នេះ​ នឹង​អាច​កាត់​បន្ថយ​ការ​ចំណាកស្រុក​ និង​លើក​ស្ទួយ​ជីវភាព​របស់​ប្រជាជន​ដែល​រស់នៅ​ទីនោះ​ ដោយ​ពួក​គាត់​អាច​ប្រមូល​អនុ​ផល​ព្រៃឈើ​មក​កែ​ច្នៃ​ ធ្វើ​ជា​វត្ថុ​អនុ​ស្សារី​យ៍​ ដើម្បី​ដាក់​លក់​ឱ្យ​ភ្ញៀវ​ដែល​មក​កម្សាន្ត​។​ ព្រះ​អង្គ​បន្ថែម​ថា​ លើស​ពី​នេះ​ទៅ​ទៀត​ អ្នកមាន​ម៉ូតូ​ រទេះគោ​ អាច​បង្កើត​ជា​មុខរបរ​ ដឹក​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ​។​

​ខណៈ​នេះ​ គម្រោង​ប្រែក្លាយ​ព្រៃ​សហគមន៍​សង្ឃ​វ័​ន្ត​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ បាន​ទទួល​ការ​គាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​។​ មានសំនៀង​រដឺន​ អង្គុយ​លើ​អង្រឹង​ចង​ក្រោម​ដើមឈើ​ធំៗ​ ក្នុង​ព្រៃ​សង្ឃ​វ័​ន្ត​នេះ​  អ្នកស្រី​ សុភាព​ បាន​បង្ហាញ​អារម្មណ៍​រីករាយ​នៅ​ពេល​ដឹង​ថា​ មាន​គម្រោង​ប្រែក្លាយ​ព្រៃ​នេះ​ទៅ​ជា​តំបន់​ទេសចរណ៍​។​ អ្នកស្រី​រៀបរាប់​ថា​ នៅ​ពេល​ព្រៃ​សហគមន៍​នេះ​ ក្លាយជា​តំបន់​អេកូរ​ទេសចរណ៍​ វា​នឹង​អាច​ការពារ​ព្រៃ​នេះ​ឱ្យ​ជៀស​ផុត​ពី​ការ​ប៉ុនប៉ង​កាប់​បំផ្លាញ​ពី​ជនខិលខូច​ ឬ​អ្នកមាន​អំណាច​មួយ​ចំនួន​ ដើម្បី​បន្សល់​ទុក​ឱ្យ​កូនចៅ​ជំនាន់​បានឃើញ​។​ អ្នកស្រី​បន្ត​ថា​ លើស​ពី​នេះ​ទៀត​ វា​ក៏​នឹង​ធ្វើ​ឱ្យ​ជីវភាព​របស់​អ្នកស្រី​ ក៏​ដូច​ជា​ប្រជាជន​ផ្សេងៗ​ កាន់តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​។​

​អ្នកស្រី​ប្រាប់​បន្ត​ថា​ ប្រ​សិន​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​ ទេសភាព​កាន់តែ​ស្រស់​ស្អាត​ ដូច្នេះ​វា​នឹង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ឱ្យ​ទស្សនា​បាន​ច្រើន​ជាក់​ជា​មិន​ខាន​។​

​ប្រជា​សហគមន៍​នេះ​ម្នាក់​ទៀត​ គឺ​លោក​ ពឿ​ន​ មាន​វ័យ​២៥​ឆ្នាំ​ ក៏​បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​គម្រោង​បង្កើត​តំបន់​ទេសចរណ៍​នេះ​ផង​ដែរ​។​ លោក​និយាយ​ថា​ សព្វ​ថ្ងៃនេះ​ប្រជាពលរដ្ឋ​ស្ទើរ​ពាក់កណ្តាល​ភូមិ​ពឹង​អាស្រ័យ​ទៅ​លើ​ព្រៃ​ តាម​រយៈ​ការ​ជៀរ​ជ័រចុង​ បេះ​ផ្សិត​ និង​រក​អនុ​ផល​ផ្សេងៗ​ ហើយ​បើ​បង្កើត​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​ទៅ​ទៀត​នោះ​ វា​នឹង​បង្កើត​ការងារ​បានជា​ច្រើន​ទៀត​សម្រាប់​ពួក​គេ​។​

ទោះបីជា​ព្រៃ​នេះ​ មាន​ទេសភាព​ស្រស់​ស្អាត​ មាន​សត្វព្រៃ​គ្រប់​ប្រភេទ​ មាន​ប្រាសាទបុរាណ​ ស្រែ​បុរាណ​ ជា​ធាន​ធាន​សំខាន់​ក្នុង​ការ​អន្ទង​ចិត្ត​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ក៏​ដោយ​ ក៏​ប៉ុន្តែ​ព្រៃ​ដ៏​ធំ​នេះ​ក៏​សម្បូរ​ទៅ​ដោយ​គ្រាប់​មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​  ដោយសារ​តំបន់​នេះ​ ជា​តំបន់​ខ័​ណ្ឌ​ចែក​រវាង​ទ័ព​ខ្មែរក្រហម​ និង​កងទ័ព​សាធារណៈរដ្ឋ​កម្ពុជា​។​

​ព្រះ​គុណ​ប៊ុ​ន​ សា​លួត​ មាន​សង្ឃដីកា​ថា​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គ្រាប់​មីន​មិន​តិច​ជាង​១០០​គ្រាប់​ទេ​ ដែល​បាន​ដោះ​។​ ព្រះ​អង្គ​បន្ត​ថា​ លោក​ក៏​នឹង​មាន​គម្រោង​សហការ​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាក់​ ដើម្បី​ដោះ​មីន​ឱ្យ​អស់ពី​ព្រៃ​នេះ​ផង​ដែរ​។​
​    ​
​សូម​បញ្ជាក់​ថា​ ព្រៃ​សហគមន៍​សង្ឃ​វ័​ន្ត​មាន​ចម្ងាយ​ប្រមាណ​៤២​គីឡូម៉ែត្រ​ ពី​ទីរួមខេត្ត​ឧត្តរមានជ័យ​ ស្ថិត​ក្នុង​តំបន់​អូ​ផាល​ ភូមិ​ឈូក​មាស​ សង្កាត់​កូ​ល​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​ ព្រៃ​នេះ​មាន​ទំហំ​មួយ​ម៉ឺន​ប្រាំបី​ពាន់​ពី​រយ​ហុកសិប​មួយ​ហិ​កតា​(១៨២៦១)​។​

Share

ព័ត៌មានទាក់ទង

Image