កុមារគ្រប់រូបតែងតែត្រូវការការអប់រំ ការកម្សាន្ត ការស្លៀកពាក់សមរម្យ និងចំណីអាហារគ្រប់គ្រាន់ ដើម្បីបំពេញដល់ការលូតលាស់របស់ពួកគេ ។ ផ្ទុយពីកុមារដទៃ កុមារ ខា ខាវ បានប្រើវ័យកុមារភាពរបស់ខ្លួនតាំងពីអាយុ៨ឆ្នាំ ទៅធ្វើកម្មករនេសាទលើទូកកណ្ដាលទន្លេសាប ដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ ។ តើជីវិតកុមារាខា ខាវ ជួបភាពលំបាកអ្វីខ្លះនៅពេលចេញទូកនេសាទ? តើបញ្ហាជីវភាពក្នុងក្រុមគ្រួសារយ៉ាងណាដែរ?
រូបរាងកាយដែលមើលទៅដូចជាខ្វះជីវជាតិ ទោះជាបច្ចុប្បន្ន ខា ខាវ មានអាយុ១២ឆ្នាំ ក្តី តែរូបរាងតូច ប្រៀបដូចក្មេងទើបមានអាយុ៧ឬ ៨ឆ្នាំ។ គាត់និយាយថា ឪពុកម្តាយគាត់មិនដែលចង់ឲ្យគាត់ទៅធ្វើការងារនេសាទនោះទេ តែដោយសារកត្តាជីវភាព គាត់ក៏ដើរចេញពីផ្ទះទៅរកការងារធ្វើ ដែលមានប្រាក់ឈ្នួល ៣០ម៉ឺនរៀលក្នុងមួយខែ ។ គាត់ថា ពេលគាត់ចាកចេញពីផ្ទះនោះ គាត់រៀនបានត្រឹមថ្នាក់ទី១ប៉ុណ្ណោះ ។
ខា ខាវ បានរៀបរាប់ថា ក្នុងពេលនេសាទថា ថៅកែជេរស្តីពេលធ្វើការមិនបានដូចចិត្តថៅកែ។ ឃ្លាតឆ្ងាយពីគ្រួសារឪពុក ម្តាយ បង ប្អូន ជួបព្យុះភ្លៀងកណ្តាលទន្លេ និងមេឃងងឹតសូន្យសុងគ្រប់ទិសមើលអ្វីក៏មិនឃើញ កុមារា ខា ខាវ ថាគេមិនដែលគិតថា នឹងអាចជួបជាមួយឪពុកម្តាយនោះទេ ដោយបានត្រឹមតែឈរយំនឹកផ្ទះក្រោមតំណក់ទឹកភ្លៀងតែម្នាក់ឯង ។ គាត់ថា គាត់ចាំមិនភ្លេច គឺពេលមួយនោះមានព្យុះ ហើយក្រឡាប់ទូនៅកណ្តាលទន្លេ គាត់ភ័យខ្លាំងណាស់ ។រយៈពេល៣ខែទើបត្រលប់មកជួបក្រុមគ្រួសារ ខា ខាវថា ពេលនោះជាសុភមង្គលសម្រាប់គាត់ ដែលបានឃើញប្អូនមានបាយញ៉ាំគ្រប់គ្រាន់ ។ គាត់ថា ប្អូនរបស់គាត់ឃាត់មិនចង់ឲ្យគាត់ទៅធ្វើការទេ ។ គាត់បន្តថា ពេលជួបបងប្អូនតែងតែងយំឱបគ្នាដើម្បីបំបាត់ភាពនឹករឭកគ្នា។
ចំពោះការសិក្សាវិញ ខា ខាវថា គាត់ពិតជាចង់រៀនបន្តទៀតណាស់ ។ ពេលនេះគាត់បានត្រឡប់ទៅចូលរៀនថ្នាក់ទី១វិញហើយ ក្រោមជំនួយឧបត្ថម្ភរបស់កម្មវិធីអេចសែល របស់អង្គការទស្សនៈពិភពលោក ។ខា ខាវ បាននិយាយទាំងភ្នែករលីងរលោងថា គាត់ខ្មាស់គេណាស់ ព្រោះក្មេងៗរៀនជាមួយ គេអាចអានអក្សរបានយ៉ាងងាយ តែសម្រាប់គាត់ គ្រាន់តែសរសេរឈ្មោះខ្លួនឯងសឹងតែមិនត្រូវ។
លោក អៀង ខា ជាឪពុកកុមារា ខា ខាវ បានរៀបរាប់ពីទុក្ខលំបាកនៃជីវភាពក្នុងគ្រួសារ ថាគ្រួសារគាត់ក្រីក្រខ្លាំងណាស់ រាល់ថ្ងៃកូនមានចំនួន៧នាក់ក្នុងបន្ទុក ។ លោកថា ក្នុងមួយថ្ងៃ លោកត្រូវចំណាយអង្ករ៤គីឡូក្រាម ។ លោកបានរម្លឹកទាំងមុខស្រងូតស្រងាត់ថា មានពេលខ្លះគាត់សុំទិញជឿអង្ករគេត្រឹមតែមួយគីឡូក្រាម ក៏គេមិនឲ្យជឿដែរ ព្រោះគេថាគាត់មិនអាចរកលុយសងបាន ។
បុរសវ័យ៤៤ឆ្នាំរូបនេះបានលើកឡើងទាំងកែវភ្នែកដក់ពេញដោយទឹកភ្នែកថា កូនៗគាត់មិនដែលមានបានញ៉ាំអ្វីក្រៅពីបាយទេ ចំនែកឯសម្លស្លឲ្យតែបានហូប គ្មានសាច់អ្វីទេ។
ព្រោះតែកត្តាជីវភាពនេះហើយទើបធ្វើឲ្យ គាត់អនុញ្ញាតិឲ្យកូនទៅនេសាទត្រីនៅកណ្តាលទឹកទន្លេសាប ។ លោកថា គាត់ក៏ទៅចុះទូកនេសាទជាមួយគេដែរ ដើម្បីបានប្រាក់មួយខែ ៣០ម៉ឺនរៀល ។ លោកថា បើមិនចុះទូកទេ លោកថាគ្មានបាយជាក់ជាមិនខាន ។
លោកអៀង ខា បន្តថា ខ្លួនលោកចង់ឲ្យកូនបានរៀនណាស់ តែដោយសារក្រពេក កូនស្រីទី១ អាយុ១៣ឆ្នាំហើយទើបបានចូលរៀថ្នាក់ទី២ ហើយត្រូវជួយរកប្រាក់ដែរ ពេលសម្រាកពីការងារ។
លោក អៀង ខា បង្ហាញ ទឹកមុខបែបសប្បាយបន្តិចពេលដែលរម្លឹកដល់គម្រោងExcelរបស់អង្គការទស្សនៈភពលោក ដែលបានផ្តល់ជាសម្ភារៈសិក្សា ដូចជាកាតាប ស្បែកជើង ដល់កូនៗគាត់ ហើយក៏បាន ផ្តល់ជាពូជត្រី ដើម្បីឲ្យលោកចិញ្ចឹមបង្កើនជីភាព។
លោកសឿង សាម៉ន ជាអ្នកសម្របសម្រួលតាមសហគមន៍ របស់អង្គការទស្សនៈពិភពលោក បាននិយាយថា ខា ខាវ គឺជាកុមារម្នាក់ ក្នុងចំណោមកុមារដទៃទៀត ដែលមានលក្ខណៈស្របនឹងគោលដៅរបស់គម្រោងExcel នៃអង្គការទស្សនៈពិភពលោក ដែលចង់ជួយដល់កុមារលក់កម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម នេសាទ និង បម្រើតាមផ្ទះ ចំនែកឯកុមារាខា ខាវ ជាអ្នកលក់កម្លាំងពលកម្មក្នុងការនេសាទត្រី។
លោកសឿង សាម៉ន បន្ថែមថា មុននឹងបានជួបគ្រួសារខា ខាវ ក្រុមការងារលោកបានទាក់ទងជាមួយ ភូមិ ឃុំចុះស្រង់ឈ្មោះគ្រួសារណាមានកូនលក់កម្លាំងពលកម្មក្នុងវិស័យទាំង៣ ដូចជាស័យ កសិកម្ម នេសាទ និង បម្រើតាមផ្ទះ កុមារបោះបង់ចោលការសិក្សា និងកុមារមិនបោះបង់ចោលការសិក្សា ដោយជំរុញឲ្យពួកគាត់កាន់តែខិតខំខ្លាំងឡើង តាមរយៈការឧបត្ថម្ភជាសម្ភារៈសិក្សា ជាមួយគ្នាក្រុមគ្រូសារកុមារដែលទទួលបានជំនួយ អង្គការក៏ជួយបង្រៀនបច្ចេកទេសផ្សេងៗ ដើម្បីមានមុខរបរសម្រាប់បង្កើនជីវភាពក្រុមគ្រួសារកុមារទាំងនោះ។
ក្រោយទទួលជំនួយគម្រោងExcelនៃអង្គការទស្សនៈពិភពលោក កុមារាខា ខាវ សង្ឃឹមថា គាត់នឹងបានរៀនដល់ថ្នាក់ខ្ពស់ មានការងារល្អធ្វើ ដើម្បីជួយគ្រួសារ និង ខ្លួនឯងផងដែរ៕