នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ខាងមុខនេះ នឹងមានឧបទ្ទវហេតុដ៏កម្រមួយកើតឡើងដំណាលគ្នា គឺចន្ទគ្រាស ចំពេលដែលព្រះចន្ទភ្លឺជាងថ្ងៃធម្មតា និងមានទំហំធំជាងថ្ងៃធម្មតាដល់ទៅ១៤ភាគរយ ។
តាមការផ្សាយរបស់ ABC News នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ នេះឲ្យដឹងថា ឧបទ្ទវហេតុដ៏កម្រនេះនឹងកើតឡើងជាលើកដំបូង ក្រោយពីវាបានកើតឡើងកាលពីឆ្នាំ១៩៨២ម្ដងរួចមកហើយ ។
ព្រះចន្ទដ៏ធំមួយនឹងលេចរូបរាងឡើងនៅថ្ងៃពេញបូរមី គឺពេលដែលវាដើរចូលទៅជិតបំផុតនឹងគន្លងផែនដីរាងពងក្រពើ បន្ទាប់មកនឹងកើតមានចន្ទគ្រាស នៅពេលព្រះចន្ទបានដើរចូលទៅក្នុងស្រមោលផែនដី ហើយវាបានប្រែជាពណ៌ឈាមក្រហម ។
ចន្ទគ្រាសនេះនឹងចាប់ផ្ដើមបន្តិចម្ដងៗចាប់ពីម៉ោង៩ និង៧នាទីយប់ រហូតដល់ម៉ោង១១ និង១១នាទីយប់រាហ៊ូនឹងលេបព្រះចន្ទបាត់តែម្ដង ។ អ្នករស់នៅអាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា នឹងអាចមើលឃើញចន្ទគ្រាសដ៏កម្រនេះ ។
សង្ឃឹមថា លោកអ្នកនឹងមិនធ្វើឲ្យឱកាសដ៏កម្រនេះកន្លងផុតទៅនោះទេ ។ សូមជម្រាបថា ចន្ទគ្រាសចំថ្ងៃព្រះចន្ទភ្លឺ និងធំជាងថ្ងៃធម្មតាបែបនេះ នឹងកើតឡើងម្ដងទៀតនៅឆ្នាំ២០៣៣ ខាងមុខ ៕