en     km
en     km

បទវិភាគ៖ តើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​នា​ពេល​នេះ​អាច​បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​បាន​ទេ​?

Share

ក្រោយ​ពី​កម្ដៅ​នយោបាយ​នៅ​កម្ពុជា​បាន​កើនឡើង​ ដោយសារ​ការ​ខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ​នៃ​គណបក្ស​ធំៗ​ទាំង​ពីរ​នៅ​ក្នុង​សភា​ អំពី​បញ្ហា​ផែនទី​ និង​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ស្នើ​សុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហាអំណាច​មួយ​ចំនួន​ រួម​ទាំង​អង្គការសហប្រជាជាតិ​ផង​ ។​ ពេល​នេះ​ ផែនទី​បាន​មក​ដល់ក​ម្ព​ជា​ជា​បណ្ដើរៗ​ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ហើយ​ ហើយ​បើ​មើល​ជំហរ​រដ្ឋាភិបាល​ ក៏​បើកចំហរ​ឲ្យ​បក្ស​ប្រឆាំង​ចូលរួម​ផ្ទៀងផ្ទាត់​ផង​ដែរ​ ។​ ប៉ុន្តែ​ក្នុង​ពេលធ្វើការ​ផ្ទៀងផ្ទាត់​ផែនទី​នោះ​ មិន​មាន​វត្តមាន​មន្ត្រី​ជំនាញ​ព្រំដែន​មក​ពី​បក្ស​ប្រឆាំង​ទេ​ ព្រោះ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ឯ​ម្នាក់​ទៀត​បាន​ទៅ​ក្រៅប្រទេស​ ចំណែកឯ​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចូលរួម​ផ្ទៀងផ្ទាត់​ផែនទី​នោះ​ មិន​មាន​មតិយោបល់​អ្វី​នៅឡើយ​ ។​ តើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​កំពុង​ធ្វើ​នេះ​ អាច​បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​បាន​ទេ​?

សំឡេង៖
​បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​ វៀតណាម​ បាន​ធ្វើ​ឲ្យ​នយោបាយ​ផ្ទៃក្នុង​កម្ពុជា​កើន​កម្ដៅ​ខ្លាំង​ឡើង​ ។​ ការ​កើន​កម្ដៅ​នេះ​ ដោយសារ​គណបក្សប្រឆាំង​ចោទប្រកាន់​ថា​រដ្ឋាភិបាល​ថា​ប្រើប្រាស់​ផែនទី​បោះពុម្ព​ដោយ​វៀតណាម​ ក្នុង​ការ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ ឯ​រដ្ឋាភិបាល​បាន​ចោទ​គណបក្សប្រឆាំង​ថា​ លើកយក​បញ្ហា​ព្រំដែន​មក​និយាយ​ ដើម្បី​កេង​ចំណេញ​នយោបាយ​ ។​
150902-dara-annalist-01​ក្រោយ​ពេល​មាន​ភាព​ចម្រូងចម្រាស​រឿង​ផែនទី​នេះ​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​សរសេរ​លិខិត​សុំ​ខ្ចី​ផែនទី​ពី​ប្រទេស​មហាអំណាច​មួយ​ចំនួន​ដូច​ជា​ បារាំង​ អង់គ្លេស​ សហរដ្ឋអាមេរិក​ និង​អង្គការសហប្រជាជាតិ​ជាដើម​ ។​


ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​ស្នើ​សុំ​ខ្ចី​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ អង្គការសហប្រជាជាតិ​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ពីរ​រូប​ ឲ្យ​កាន់​ផែនទី​កម្ពុជា​ដែល​ខ្លួន​មាន​ចំនួន​១៨​ផ្ទាំង​ មក​ប្រគល់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ។​ ក្នុង​ការ​ទទួល​ និង​ផ្ទៀងផ្ទាត់​ផែនទី​ដែល​មន្ត្រី​អង្គការសហប្រជាជាតិ​កាន់​មក​ឲ្យ​កម្ពុជា​ខ្ចី​នោះ​ រដ្ឋាភិបាល​បាន​បង្ហាញ​ពី​តម្លាភាព​ ដោយ​បាន​អញ្ជើញ​តំណាងរាស្ត្រ​ និង​សមាជិក​ព្រឹទ្ធសភា​នៃ​បក្ស​ទាំង​ពីរ​ រួម​ទាំង​តំណាង​គណបក្ស​ចំនួន​បី​ចូលរួម​ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះ​ជាតិ​ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ផង​ដែរ​ ។​

ប៉ុន្តែ​នៅ​ថ្ងៃ​ទទួល​ និង​ផ្ទៀងផ្ទាត់​ផែនទី​នោះ​ មន្ត្រី​ជំនាញ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​បាន​អវត្តមាន​ គឺ​លោក​ហុង​ សុខ​ហួរ​ និង​លោក​អ៊ុំ​ សំ​អាន​ ។​ ក្នុង​នោះ​លោក​ហុង​ សុខ​ហួរ​ ត្រូវ​បាន​រដ្ឋាភិបាល​ចាប់ខ្លួន​ ដោយ​មិន​បាន​ដក​អភ័យឯកសិទ្ធិ​សមាជិក​ព្រឹទ្ធសភា​របស់​លោក​ជា​មុន​ ចំណែកឯ​លោក​អ៊ុំ​ សំ​អាន​ បាន​គេច​ចេញពី​កម្ពុជា​ដោយ​ស្ងាត់កំបាំង​ រហូត​ពេល​លោក​ទៅ​ដល់​សហរដ្ឋអាមេរិក​ ទើប​លេចឮ​ព័ត៌មាន​ថា​ លោក​មាន​បេសកកម្ម​ផ្ទាល់ខ្លួន​ និង​ស្វែងរក​ផែនទី​កម្ពុជា​ជាដើម​ ។​

នៅ​ថ្ងៃ​ទទួល​ និង​ផ្ទៀងផ្ទាត់​ផែនទី​របស់​រដ្ឋាភិបាល​ ជាមួយនឹង​ផែនទី​យក​មក​ពី​អង្គការសហប្រជាជាតិ​ ទាំង​មន្ត្រី​គណៈ​កម្មា​ធិការ​ព្រំដែន​ ទាំង​ក្រុម​អ្នក​ស្រាវជ្រាវ​ផែនទី​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ សុទ្ធតែ​ប្រកាស​ថា​ ផែនទី​ទាំងនោះ​ដូច​គ្នា​ គឺ​ខ្នាត​១/១០០.០០០​ដូច​គ្នា​ ហើយ​បើ​ខុស​គ្នា​ គឺ​ខុស​ត្រង់​ថា​ មួយ​ជា​ផែនទី​បោ​ន​ ឯ​មួយទៀត​ជា​ផែនទី​UTM​ ។​ ចំណែកឯ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ទទួល​ និង​ផ្ទៀងផ្ទាត់​នោះ​មិន​មាន​យោបល់​អ្វី​ទេ​ ព្រោះ​អ្នក​ទាំងនោះ​មិនមែន​ជា​អ្នកជំនាញ​ខាង​ព្រំដែន​ ។​

ក្រោយ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​អង្គការសហប្រជាជាតិ​រួច​ហើយ​ រដ្ឋាភិបាល​បាន​ប្រកាស​បិទ​មាត់​អ្នកប្រឆាំង​ ដោយ​ព្រមាន​​ថា​ នឹង​ធ្វើ​ទោស​អ្នក​ដែល​បន្ត​រិះគន់​ថា​រដ្ឋាភិបាល​ប្រើ​ផែនទី​ក្លែងក្លាយ​ ឬ​ផែនទី​ចោរ​ ។​

តើ​ការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​បាន​ធ្វើ​មកនេះ​ អាច​នឹង​បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​បាន​ទេ​?

ភ្លាមៗ​ក្រោយ​ការ​បញ្ចប់​ការ​ផ្ទៀងផ្ទាត់​ផែនទី​ជាមួយ​អង្គការសហប្រជាជាតិ​ អ្នកវិភាគ​មួយ​រូប​បាន​ប្រដូច​ការ​ផ្ទៀងផ្ទាត់​នោះ​ទៅ​នឹង​ការ​លេង​ប៉ា​ហ៊ី​ ឬ​ការ​សម្ដែង​សៀ​ក​រហ័ស​កម្ម​ បើ​អ្នក​ទស្សនា​មើល​មិន​ទាន់​ទេ​ នោះ​នឹង​មានការ​ឆ្ពិន​ភ្នែក​ ។​

ទាក់ទង​នឹង​ពាក្យ​ថា​ តើ​ខ្វែងគំនិត​គ្នា​ ឬ​ចុះសម្រុង​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​នោះ​ សាស្ត្រាចារ្យ​វិ​ទ្យ​សាស្ត្រ​នយោបាយ​ លោក​ រស់​ រ៉ា​វុ​ធ​ មាន​ប្រសាសន៍​ថា​ តាម​ការ​សង្កេត​ទៅ​លើ​ចរិតលក្ខណៈ​ខ្មែរ​ គឺ​ចូល​ចិត្ត​យកឈ្នះ​គ្នា​ មិន​ហ៊ាន​ទទួលស្គាល់​ការ​ពិត​ និង​ចូល​ចិត្ត​លើកតម្កើង​អ្វី​ដែល​ត្រូវ​នឹង​ផលប្រយោជន៍​ខ្លួន​ ។​

លោក​រស់​ រ៉ា​វុ​ធ​ អំពាវនាវ​ឲ្យ​អ្នកនយោបាយ​ខ្មែរ​ បញ្ឈប់​ការ​គិត​ពី​ប្រយោជន៍​ខ្លួន​ និង​បក្ស​ខ្លួន​ ហើយ​ងាក​មក​គាំទ្រ​ប្រយោជន៍​រួម​របស់​ជាតិ​វិញ​ ។​ លោក​ថា​ អ្នកនយោបាយ​ដែល​គិត​ថា​ អ្វី​ដែល​ខុស​ពី​គំនិត​របស់​ខ្លួន​ សុទ្ធតែ​ខុស​នោះ​ គឺជា​អ្នកនយោបាយ​មិន​ទទួលស្គាល់​ការ​ពិត​ និង​មិនមែន​ជា​អ្នកនយោបាយ​សម្រាប់​ជាតិ​ទេ​ ។​ «​យើង​គួរតែ​ទទួលស្គាល់​ការ​ពិត​ សុខចិត្ត​ថយ​មួយ​ជំហាន​ ដើម្បី​ខ្មែរ​សុខចិត្ត​ចាញ់​ខ្មែរ​ តែ​ខ្មែរ​មានគំនិត​រួបរួម​ តែ​បើសិនណា​ជា​យើង​យក​ការ​ពិត​ទៅ​បំ​លែង​ខុស​ពី​សេចក្ដី​ពិត​ អ៊‍ីចឹង​វា​អត់​មាន​អ្វី​ដែល​ជា​ចំណុចរួម​ វា​នៅ​តែ​ខ្វែងគំនិត​គ្នា​»​។​

​លោក​សាស្ត្រាចារ្យ​រស់​ រ៉ា​វុ​ធ​ បន្ថែម​ថា​ បើ​គ្រាន់តែ​ផ្ទៀងផ្ទាត់​ផែនទី​ អ្នកនយោបាយ​ខ្មែរ​មិន​អាច​រក​ការ​ឯកភាព​គ្នា​បាន​ផង​ តើ​ខ្មែរ​មាន​អ្វី​ទៅ​និយាយ​ជាមួយ​ប្រទេស​ជិតខាង​ ដែល​តែងតែ​រំលោភ​ខ្មែរ​នោះ​បាន​ទៅ​ ។​

ចំណែកឯ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នក​ស្រាវជ្រាវ​នយោបាយ​លោក​ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ ការ​ផ្ទៀងផ្ទាត់​ផែនទី​នេះ​ពិបាក​នឹង​បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​ បើ​គណបក្ស​នយោបាយ​នីមួយៗ​គិត​ពី​ផលប្រយោជន៍​បក្ស​ ជាង​ផលប្រយោជន៍​រួម​ ។​ លោក​សាស្ត្រាចារ្យ​បន្ត​ថា​ «​វាៗ​ចប់​ លុះត្រាតែ​គ្រប់​ភាគី​ទាំងអស់​ទទួលស្គាល់​ថា​ ផែនទី​ដែល​ប្រើប្រាស់​សម្រាប់​ រដ្ឋាភិបាល​ដែល​ប្រើប្រាស់​សម្រាប់​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​ ជា​ផែនទី​តែ​មួយ​ដែល​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ហើយ​គណបក្ស​ គេ​ហៅ​ថា​គណបក្ស​មិន​កាន់​អំណាច​ ឬ​គណបក្សប្រឆាំង​ ឬ​គណបក្ស​ផ្សេង​ទៀត​ ដែល​មាន​ មិន​មាន​អាសនៈ​ ឬ​ក៏​សំឡេង​នៅ​ក្នុង​រដ្ឋសភា​ហ្នឹង​ អាច​ដឹង​ឮ​ថា​ គួរតែ​ប្រកាន់​យក​គោលការណ៍​ណាមួយ​ អាច​ថា​វា​ត្រឹមត្រូវ​សម្រាប់​ជាតិ​ ប្រើប្រាស់​ជា​ផែនទី​ជា​ប្រយោជន៍​ជាតិ​ កុំ​ឲ្យ​ឈរ​ទៅ​លើ​ទស្សនៈ​ក្រុម​ បក្ខពួក​ អាហ្នឹង​គឺ​វា​អត់​ចប់​ទេ​»​។​

លោក​សាស្ត្រាចារ្យ​ឯម​ សុវណ្ណ​រ៉ា​ បន្ត​ថា​ ដើម្បី​បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​ គណបក្ស​កាន់​រដ្ឋាភិបាល​ ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ ទទួល​ឲ្យ​គណបក្សប្រឆាំង​ និង​គណបក្ស​ផ្សេងៗ​ទៀត​ចូលរួម​ដឹង​ឮ​ទាំងអស់​គ្នា​ និង​បើក​សិទ្ធិ​ឲ្យ​គេ​ក្នុង​ផ្ទៀងផ្ទាត់​ផង​ដែរ​ ។​ មួយទៀត​លោក​ថា​ អ្នកចូលរួម​ផ្ទៀងផ្ទាត់​នោះ​ ត្រូវ​តែ​មាន​សមត្ថភាព​ក្នុង​ការងារ​នេះ​ ហើយ​បើ​ខុស​ថា​ខុស​ បើ​ត្រូវ​ថា​ត្រូវ​ កុំ​ទុក​បញ្ហា​ជាតិ​ជា​ចំណុចរសើប​រៀងខ្លួន​ ។​

ផ្អែក​លើ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ទាំង​ពីរ​ឃើញ​ថា​ ការ​ផ្ទៀងផ្ទាត់​ផែនទី​នេះ​អាច​នឹង​បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​រវាង​អ្នកនយោបាយ​ខ្មែរ​ទៅ​បាន​ លុះណាតែ​គណបក្ស​នយោបាយ​ទាំងអស់​ឈប់​គិត​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ផលប្រយោជន៍​បក្ស​ ហើយ​ងាក​មក​គិត​ពី​ផលប្រយោជន៍​រួម​របស់​ជាតិ​វិញ​ ៕

Share

ព័ត៌មានទាក់ទង

Image