en     km
en     km

សម្រាម​ស្អុយ​កំពុង​ទាញ​ទម្លាក់​សោភ័ណ​ភាព​ទីក្រុង​ភ្នំពេញ​ និង​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​

Share

ភ្នំពេញ​៖​ ទីក្រុង​ស្អាត​ គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​ស្ទើរ​គ្រប់​គ្នា​។​ ប៉ុន្តែ​ដើម្បី​ឲ្យ​ទីក្រុង​មួយ​ស្រស់​ស្អាត​ មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​។​ មិន​ងាយស្រួល​ ពីព្រោះ​ដើម្បី​បង្កើត​ទីក្រុង​មួយ​ដែល​ស្រស់​ត្រកាល​ គឺ​ត្រូវការ​ចូលរួម​ពី​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​នៅ​ក្នុង​សង្គម​ប្រកប​ ដោយ​ការ​យល់​ដឹង​ និង​មាន​បេះដូង​ស្រលាញ់​បរិស្ថាន​។​

សំឡេង៖
​ការ​រស់នៅ​ស្អាត​ ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដាក់​ឲ្យ​កូន​ខ្មែរ​រៀន​ តាំងពី​ថ្នាក់​ម​តេ​យ្យ​សិក្សា​រហូត​មក​។​ ការ​រស់នៅ​ដែល​មាន​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​ល្អ​ មាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​ មាន​ដើមឈើ​ពណ៌​បៃតង​រីក​ដេរដាស​ គ្មាន​ក្លិនស្អុយ​ និង​គ្មាន​សំឡេង​រំខាន​ជាដើម​ គឺ​សុទ្ធ​សឹង​ជា​ក្តី​ស្រ​ម៉ៃ​របស់​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់បាន​។​
150901-Pheary-Analysis-01-Soklim-ed-pix1
​ទីក្រុង​ស្អាត​ ត្រូវ​បាន​ក្រសួងបរិស្ថាន​និង​ក្រសួង​ទេសចរ​ បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ជួយ​ថែរក្សា​ និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ រហូត​បាន​បង្កើត​ពាក្យ​មួយ​ឃ្លា​ថា​ ទីក្រុង​ស្អាត​ រមណី​ដ្ឋា​ន​ស្អាត​ សេវា​ល្អ​ ។​ ប៉ុន្តែ​ ការ​ផ្សព្វផ្សាយ​ពាក្យស្លោក​នេះ​ ហាក់​នៅ​មិន​ទាន់​មាន​ប្រសិទ្ធិ​ភាព​នៅឡើយ​ ពោល​គឺ​រាជធានី​ភ្នំពេញ​ នៅ​ពោ​ពេញ​ដោយ​គំនរ​សម្រាម​ ស្ទើរ​គ្រប់​ទីកន្លែង​។​នៅ​តាម​ផ្សារ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ សម្រាម​ព្រោងព្រាត​ ត្រូវ​បាន​គេ​យក​ទៅ​ចាក់ចោល​ នៅ​មុខ​ផ្សារ​ដោយ​បាន​ជះក្លិន​ស្អុយ​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ ប្រពល​រដ្ឋ​ដែល​ទៅ​ទិញ​ទំនិញ​ និង​អ្នក​ដែល​មានផ្ទះ​នៅ​ជិត​គំនរ​សម្រាម​។​ សម្រាម​ទាំងនោះ​ ពេល​ព្រលឹម​ឡើង​មាន​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ ដែល​ទទួល​បាន​សិទ្ធិ​ផ្តាច់មុខ​ក្នុង​ការ​ប្រមូល​សម្រាម​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ក៏​បាន​ប្រមូល​យ៉ាង​ទៀត​ទាត់​ តែ​ការ​ប្រមូល​មិន​ស្អាត​ ធ្វើ​ឲ្យ​សំណល់​គំនរ​សម្រាម​ នៅ​តែ​មាន​ក្លិនស្អុយ​ដល់​មនុស្ស​ម្នា​ដែល​ទៅ​មក​ និង​ប្រជាពលរដ្ឋ​ដែល​ចេញចូល​ក្នុង​ផ្សារ​។​ ​មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ សម្បូរ​សម្រាម​ពាស​វាល​ពាស​កាល​យ៉ាង​ដូច្នេះ​។​​150901-Pheary-Analysis-01-Soklim-pix-cover

មូលហេតុ​ទី​១​ គឺ​មក​ម​ពី​ប្រជាពលរដ្ឋ​គ្រប់​គ្នា​ មិន​ទាន់​បាន​យល់​ដឹង​ អំពី​សារៈសំខាន់​នៃ​បរិស្ថាន​ និង​ផល​ប៉ះពាល់​នៃ​សម្រាម​ស្អុយ​។​ ម្យ៉ាង​ មក​ពី​ពលរដ្ឋ​មួយ​ចំនួន​ មាន​ទម្លាប់​អាក្រក់​ ចោល​សម្រាម​ដោយ​គ្មាន​សណ្តាប់ធ្នាប់​។​ អ្នកខ្លះ​ យកស​ម្រាម​ទៅ​ចោល​លើ​ផ្លូវ​សាធារណៈ​ អ្នកខ្លះ​ចោល​សម្រាម​ក្នុង​ទីផ្សារ​ និង​កន្លែង​សាធារណៈ​មួយ​ចំនួន​ដូច​ជា​ សួនច្បារ​ សាលារៀន​ វត្ត​អារាម​ មន្ទីរពេទ្យ​ និង​ផ្លូវ​សាធារណៈ​ជាដើម​។​ ឯ​ពលរដ្ឋ​ខ្លះ​ មានការ​យល់​ដឹង​ច្រើន​អំពី​របៀប​ទុកដាក់​សម្រាម​ដែរ​ ពួក​គេ​មាន​ធុងសម្រាម​ផ្ទាល់ខ្លួន​ដាក់​មុខ​ផ្ទះ​តែ​ម្តង​រៀងៗ​ខ្លួន​។​ សម្រាម​ទាំងឡាយ​ពួក​គេ​ដាក់​ក្នុង​ធុង​យ៉ាង​មាន​របៀបរៀបរយ​ ពេល​ព្រលឹម​ឡើង​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​មក​ប្រមូល​យក​ជា​ធម្មតា​។​ ប៉ុន្តែ​មាន​អ្នក​រើស​ឬ​អ្នកទិញ​អេ​ត​ចាយ​មួយ​ចំនួន​ តែងតែ​មក​កកាយ​ដើម្បី​រក​របស់របរ​អេ​ត​ចាយ​ ធ្វើ​ឲ្យ​សម្រាម​ក្នុង​ធុង​នោះ​ រាយ​ប៉ាយ​ ជះក្លិន​ស្អុយ​ ដែល​បង្ក​ដល់​ម្ចាស់ផ្ទះ​រើស​ដាក់​ធុង​សារ​ចុះ​សារ​ឡើង​។​ ប្រការ​នេះ​ ធ្វើ​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ លែង​ដាក់​ធុងសម្រាម​មុខ​ផ្ទះ​ ហើយ​យកស​ម្រាម​ទៅ​ចោល​នៅ​តាម​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ​របស់​ខ្លួន​ ឬ​នៅ​ទីផ្សារ​ទៅ​វិញ​។​
​រីឯ​ពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ បាន​បោះចោល​សម្រាម​តាម​ផ្លូវ​ជា​ហូរហែ​។​ អ្នកខ្លះ​ជិះ​សុទ្ធតែ​ឡាន​ថ្មី​ តម្លៃ​ថ្លៃ​ តែ​មាន​ឥរិយាបថ​មិន​សមរម្យ​ទាល់តែ​សោះ​ គ្រាន់​បើក​កញ្ចក់​ឡាន​ភ្លាម​ សម្រាម​ពី​ក្នុង​ឡាន​ ត្រូវ​បាន​បាច​ពេ​ស​ពេញ​ថ្នល់​។​ ឯ​អ្នក​ជិះ​ទោច​ចក្រយាន​ខ្លះ​ ខាកស្តោះ​ គ្មាន​ខ្វល់​ពី​អ្នកដំណើរ​នៅ​ខាងក្រោយ​ខ្លួន​នោះ​ទេ​។​

មូលហេតុ​ទី​២​ គឺ​បណ្តាល​មក​ពី​រដ្ឋាភិបាល​មិន​បាន​ធ្វើ​ច្បាប់​ដោយ​ដាក់​ពិន័យ​តឹងរ៉ឹង​ ឬ​បង្កើត​យន្តការ​ណា​ដើម្បី​លុប​បំបាត់​គំនរ​សម្រាម​ស្អុយ​នៅ​ក្នុង​ក្រុងភ្នំពេញ​។​ ពេល​ខ្លះ​ ពលរដ្ឋ​មិន​ចង់​បោះចោល​        សម្រាម​គ្មាន​សណ្តាប់ធ្នាប់​នោះ​ទេ​ ប៉ុន្តែ​ជិះ​យានយន្ត​មួយស្របក់​ធំ​ តាម​ផ្លូវ​គ្មាន​ធុងសម្រាម​ទាល់តែ​សោះ​។​ ការ​ដែល​ពុំ​មាន​ធុងសម្រាម​នៅ​តាម​ទី​សាធារណៈ​គ្រប់គ្រាន់​នេះ​ហើយ​ ទើប​ពលរដ្ឋ​គ្មាន​កន្លែង​ដាក់​សម្រាម​ ក៏​បោះចោល​ឲ្យ​តែ​រួច​តែ​ពី​ដៃ​។​ មួយវិញទៀត​ នៅ​តាម​ទី​សាធារណៈ​មួយ​ចំនួន​ គ្មាន​   ប​ង្គ្រ​ន់​អនាម័យ​គ្រប់គ្រាន់​ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​គ្មាន​កន្លែង​ជុះនោម​ ហើយ​ទៅ​បន្ទោបង់​ផ្តេសផ្តាស​នៅ​តាម​របង​ខ្ពស់ៗ​ ឬ​កន្លែង​ស្ងាត់ៗ​តាមតែ​អាច​ធ្វើ​ទៅ​បាន​   បើជា​ទោះបី​កន្លែង​នោះ​មិន​សាក​សម​ ឬ​ទោះបី​កន្លែង​នោះ​គេ​ដាក់​អក្សរ​ធំ​ថា​ ហាម​ឆ្កែ​នោម​ក៏​ដោយ​ តែ​ការ​ជុះនោម​នេះ​ គ្មាន​នរណា​អាច​បញ្ជា​វា​បាន​នោះ​ទេ​ អីចឹង​ភាព​ខ្មាស​អៀន​មួយ​ចំនួន​ត្រូវ​ទុក​មួយ​ឡែក​សិន​ហើយ​។​

​មូលហេតុ​ទី​៣​ គឺ​ដោយសារ​ ស្ថានភាព​ប្រទេស​កម្ពុជា​ ជា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅឡើយ​។​ ការ​សាងសង់​ផ្ទះ​ អគារ​ វីឡា​ បូ​រី​ និង​ផ្ទះល្វែង​រីក​ស្អេកស្កះ​ នៅ​ក្នុង​ទីក្រុង​ គឺ​ដើម្បី​បំពេញតម្រូវការ​មនុស្ស​នៅ​ទីក្រុង​ភ្នំពេញ​ដែល​មាន​កំណើន​ច្រើន​ឡើងៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ការដ្ឋាន​សាងសង់​ ផ្លូវ​ហុយ​ទ្រលោម​ និង​សំណង់​ស្ពាន​ បាន​បង្ក​ឲ្យ​មាន​បរិយាកាស​អាប់អួរ​នៅ​ក្នុង​ទីក្រុង​។​ សម្រាម​ចេញពី​ការ​សាងសង់​ទាំងនោះ​ក៏​មាន​មិន​តិច​ដែរ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ ការ​សាងសង់​នានា​ ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​មនុស្ស​ម្នា​នៅ​ជុំវិញ​ការដ្ឋាន​មិន​តិច​ដែរ​។​ រំខាន​ជា​សំឡេង​ ធូលី​ហុយ​ និង​កាក​សំណល់​ចេញពី​ឧបករណ៍​សំណង់​ មាន​ស៊ីម៉ង់ត៍​ ថ្នាំលាប​ កំទេចកំទី​សល់​ពី​គ្រឿងសំណង់​ និង​ឧបករណ៍​ដទៃ​ទៀត​។​ ជួនកាល​ឧបករណ៍​សំណង់​ទាំងនោះ​ ក៏​បាន​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ក៏​មាន​ដែរ​។​

មូលហេតុ​ទី​៤​ គឺ​បណ្តាល​ពី​ប្រព័ន្ធ​លូ​នៅ​ទីក្រុង​ភ្នំពេញ​ នៅ​មាន​បញ្ហា​ស្មុគស្មាញ​នៅឡើយ​។​ ពេល​ភ្លៀង​ម្តងៗ​ ពលរដ្ឋ​ម្នាក់ៗ​ ភ័យ​ខ្លាច​ទឹក​លិច​ផ្ទះ​ អា​ជីករ​ភ័យ​ខ្លាច​ទឹក​លិច​ផ្សារ​ លិច​តូប​លក់ដូរ​ អ្នក​ធ្វើ​ដំណើរ​ភ័យ​ខ្លាច​ទឹក​លិច​ផ្លូវ​ជាដើម​។​ ទឹកភ្លៀង​ទាំងនោះ​មិនជា​ទឹក​សុទ្ធ​ដែល​ចំរាញ់​ឬ​បន្សុទ្ធ​ពី​អូ​សូន​នោះ​ទេ​ តែ​ទឹកភ្លៀង​បាន​ហូរ​នាំ​មក​ជាមួយ​នៅ​សម្រាម​ និង​ជាតិពុល​ទាំងឡាយ​ មក​ចាក់​ចូល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ ចាក់​ចូល​ទីផ្សារ​ និង​ផ្លូវ​សាធារណៈ​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាជន​យ៉ាងធ្ងន់ធ្ងរ​ និង​ខាត់បង់​សម្ភារៈ​យ៉ាងច្រើន​ឥត​គណនា​។​ ទីក្រុង​ស្អាត​ មនុស្ស​ម្នា​តែង​មើល​លើ​បញ្ហា​ពីរ​សំខាន់​ បញ្ហា​ទី​មួយ​គឺ​ការ​គ្រប់គ្រង​សម្រាម​ឲ្យ​ល្អ​ និង​បញ្ហា​ទី​ពីរ​គឺ​បញ្ហា​ការ​គ្រប់គ្រង​ប្រព័ន្ធ​លូរ​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​បញ្ចៀស​ការ​លិច​ក្រុង​។​  លូ​តួចៗ​គឺជា​ឧបសគ្គ​មួយ​ដែល​ធ្វើ​ឲ្យ​ទឹក​ហូរ​ មិន​ទាន់​ តែ​ការ​លុប​បឹង​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដូច​ជា​ បឹង​កក់​ បឹង​ទំពុន​ ជាដើម​ ក៏​បាន​រួមចំណែក​យ៉ាង​ធំ​ ធ្វើ​ក្រុងភ្នំពេញ​ក្លាយ​ទន្លេ​ដែល​គ្មាន​មច្ឆជាតិ​ ពេល​ភ្លៀង​ម្តងៗ​។​ លើ​ល​ពី​នេះ​ កត្តា​ប្រជាពលរដ្ឋ​ដែល​បោះចោល​សម្រាម​ចូល​ទៅ​ក្នុង​លូ​ ក៏​ជា​មូលហេតុ​មិន​អាច​ប្រកែក​បាន​ ក្នុង​ការ​ធ្វើ​ឲ្យ​លូ​ស្ទះ​ផង​ដែរ​។​

ជា​ការ​ពិត​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ ពោល​គឺ​ចាំបាច់​ត្រូវ​ខិតខំ​អភិវឌ្ឍ​ ដើម្បី​បម្រើ​ដល់​សេចក្តី​ត្រូវ​របស់​មនុស្ស​។​ តែ​គួរ​គប្បី​គិតគូរ​ដល់​បរិស្ថាន​ និង​សុខភាព​ប្រជាជន​ផង​ដែរ​។​

អំ​ណះ​តទៅ​ ដើម្បី​ឲ្យ​ធ្វើ​ទីក្រុង​ស្អាត​ រមណី​ដ្ឋា​ន​ស្អាត​ សេវា​ល្អ​ ដូចដែល​ក្រសួងបរិស្ថាន​និង​ក្រសួង​ទេសចរ​ដាក់​ឲ្យ​ផ្សព្វផ្សាយ​នោះ​។​ ពលរដ្ឋ​ខ្មែរ​ទូទៅ​ គួរ​កែ​ទម្លាប់​អាក្រក់​ទាំងឡាយ​ដែល​បាន​រៀបរាប់​ខាងលើ​ ដើម្បី​ចូលរួម​ថែរក្សា​បរិស្ថាន​ បំបាត់​ក្លិនស្អុយ​ និង​ដើម្បី​សុខភាព​ពលរដ្ឋ​ខ្លួនឯង​ ឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​នេះ​។​ ចំណែក​រដ្ឋាភិបាល​ ត្រូវធ្វើ​ច្បាប់​ និង​អនុវត្ត​ច្បាប់​ ដោយ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​បាន​ជ្រួតជ្រាប​ពី​សារៈ​ប្រយោជន៍​នៃ​ការ​រស់នៅ​ដោយ​មាន​បរិស្ថាន​ស្អាត​ និង​មាន​ផាសុកភាព​។

ដូច្នេះ​ ទាំង​ពលរដ្ឋ​ និង​អាជ្ញាធរ​ គួរ​ត្រូវ​សហ​ការណ៍​គ្នា​ ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ​ ក្លាយជា​ក្រុង​ស្រស់​ស្អាត​ និង​មាន​សោភ័ណ​ភាពល្អ​ គួរ​ជាទី​កន្លែង​ដែល​មនុស្ស​គ្រប់​គ្នា​ ចង់​អង្គុយ​លេង​ ចង់​ទស្សនា​ ចង់​កំសាន្ត​។​ មិនមែន​ជា​ក្រុង​ដែល​មនុស្ស​ដើរ​កាត់​ ដោយ​ពាក់​ម៉ាស​ បិទ​ច្រមុះ​នោះ​ទេ​។​ ម្យ៉ាង​ទីក្រុង​ស្អាត​ មិន​ត្រឹមតែ​ជួយ​ចំពោះ​សុខភាព​ប្រជាជន​ ប៉ុណ្ណោះ​ទេ​ តែ​ទីក្រុង​ស្អាត​ក៏​បាន​នាំ​មក​នូវ​ជាមួយ​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​កុះករ​ ដែល​នាំ​ចំណូល​សេដ្ឋកិច្ចជាតិ​យ៉ាងច្រើន​សម្រាប់​អភិវឌ្ឍ​ប្រទេស​ជាតិ​៕

Share

Image
Image
Image