ភ្នំពេញ៖ ទីក្រុងស្អាត គឺជាបំណងប្រាថ្នារបស់មនុស្សស្ទើរគ្រប់គ្នា។ ប៉ុន្តែដើម្បីឲ្យទីក្រុងមួយស្រស់ស្អាត មិនមែនជារឿងងាយស្រួលនោះទេ។ មិនងាយស្រួល ពីព្រោះដើម្បីបង្កើតទីក្រុងមួយដែលស្រស់ត្រកាល គឺត្រូវការចូលរួមពីមនុស្សគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងសង្គមប្រកប ដោយការយល់ដឹង និងមានបេះដូងស្រលាញ់បរិស្ថាន។
ទីក្រុងស្អាត ត្រូវបានក្រសួងបរិស្ថាននិងក្រសួងទេសចរ បានផ្សព្វផ្សាយឲ្យពលរដ្ឋជួយថែរក្សា និងដើម្បីទាក់ទាញភ្ញៀវទេសចរ រហូតបានបង្កើតពាក្យមួយឃ្លាថា ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ ។ ប៉ុន្តែ ការផ្សព្វផ្សាយពាក្យស្លោកនេះ ហាក់នៅមិនទាន់មានប្រសិទ្ធិភាពនៅឡើយ ពោលគឺរាជធានីភ្នំពេញ នៅពោពេញដោយគំនរសម្រាម ស្ទើរគ្រប់ទីកន្លែង។នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ សម្រាមព្រោងព្រាត ត្រូវបានគេយកទៅចាក់ចោល នៅមុខផ្សារដោយបានជះក្លិនស្អុយដល់អ្នកធ្វើដំណើរតាមដងផ្លូវ ប្រពលរដ្ឋដែលទៅទិញទំនិញ និងអ្នកដែលមានផ្ទះនៅជិតគំនរសម្រាម។ សម្រាមទាំងនោះ ពេលព្រលឹមឡើងមានក្រុមហ៊ុនស៊ិនទ្រី ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការប្រមូលសម្រាមនៅទូទាំងប្រទេសកម្ពុជា ក៏បានប្រមូលយ៉ាងទៀតទាត់ តែការប្រមូលមិនស្អាត ធ្វើឲ្យសំណល់គំនរសម្រាម នៅតែមានក្លិនស្អុយដល់មនុស្សម្នាដែលទៅមក និងប្រជាពលរដ្ឋដែលចេញចូលក្នុងផ្សារ។ មានមូលហេតុជាច្រើនដែលធ្វើឲ្យទីក្រុងភ្នំពេញ សម្បូរសម្រាមពាសវាលពាសកាលយ៉ាងដូច្នេះ។
មូលហេតុទី១ គឺមកមពីប្រជាពលរដ្ឋគ្រប់គ្នា មិនទាន់បានយល់ដឹង អំពីសារៈសំខាន់នៃបរិស្ថាន និងផលប៉ះពាល់នៃសម្រាមស្អុយ។ ម្យ៉ាង មកពីពលរដ្ឋមួយចំនួន មានទម្លាប់អាក្រក់ ចោលសម្រាមដោយគ្មានសណ្តាប់ធ្នាប់។ អ្នកខ្លះ យកសម្រាមទៅចោលលើផ្លូវសាធារណៈ អ្នកខ្លះចោលសម្រាមក្នុងទីផ្សារ និងកន្លែងសាធារណៈមួយចំនួនដូចជា សួនច្បារ សាលារៀន វត្តអារាម មន្ទីរពេទ្យ និងផ្លូវសាធារណៈជាដើម។ ឯពលរដ្ឋខ្លះ មានការយល់ដឹងច្រើនអំពីរបៀបទុកដាក់សម្រាមដែរ ពួកគេមានធុងសម្រាមផ្ទាល់ខ្លួនដាក់មុខផ្ទះតែម្តងរៀងៗខ្លួន។ សម្រាមទាំងឡាយពួកគេដាក់ក្នុងធុងយ៉ាងមានរបៀបរៀបរយ ពេលព្រលឹមឡើងក្រុមហ៊ុនស៊ិនទ្រីមកប្រមូលយកជាធម្មតា។ ប៉ុន្តែមានអ្នករើសឬអ្នកទិញអេតចាយមួយចំនួន តែងតែមកកកាយដើម្បីរករបស់របរអេតចាយ ធ្វើឲ្យសម្រាមក្នុងធុងនោះ រាយប៉ាយ ជះក្លិនស្អុយ ដែលបង្កដល់ម្ចាស់ផ្ទះរើសដាក់ធុងសារចុះសារឡើង។ ប្រការនេះ ធ្វើឲ្យពលរដ្ឋមួយចំនួន លែងដាក់ធុងសម្រាមមុខផ្ទះ ហើយយកសម្រាមទៅចោលនៅតាមផ្លូវឆ្ងាយពីផ្ទះរបស់ខ្លួន ឬនៅទីផ្សារទៅវិញ។
រីឯពលរដ្ឋមួយចំនួនផ្សេងទៀត ពេលធ្វើដំណើរតាមផ្លូវ បានបោះចោលសម្រាមតាមផ្លូវជាហូរហែ។ អ្នកខ្លះជិះសុទ្ធតែឡានថ្មី តម្លៃថ្លៃ តែមានឥរិយាបថមិនសមរម្យទាល់តែសោះ គ្រាន់បើកកញ្ចក់ឡានភ្លាម សម្រាមពីក្នុងឡាន ត្រូវបានបាចពេសពេញថ្នល់។ ឯអ្នកជិះទោចចក្រយានខ្លះ ខាកស្តោះ គ្មានខ្វល់ពីអ្នកដំណើរនៅខាងក្រោយខ្លួននោះទេ។
មូលហេតុទី២ គឺបណ្តាលមកពីរដ្ឋាភិបាលមិនបានធ្វើច្បាប់ដោយដាក់ពិន័យតឹងរ៉ឹង ឬបង្កើតយន្តការណាដើម្បីលុបបំបាត់គំនរសម្រាមស្អុយនៅក្នុងក្រុងភ្នំពេញ។ ពេលខ្លះ ពលរដ្ឋមិនចង់បោះចោល សម្រាមគ្មានសណ្តាប់ធ្នាប់នោះទេ ប៉ុន្តែជិះយានយន្តមួយស្របក់ធំ តាមផ្លូវគ្មានធុងសម្រាមទាល់តែសោះ។ ការដែលពុំមានធុងសម្រាមនៅតាមទីសាធារណៈគ្រប់គ្រាន់នេះហើយ ទើបពលរដ្ឋគ្មានកន្លែងដាក់សម្រាម ក៏បោះចោលឲ្យតែរួចតែពីដៃ។ មួយវិញទៀត នៅតាមទីសាធារណៈមួយចំនួន គ្មាន បង្គ្រន់អនាម័យគ្រប់គ្រាន់ ដែលធ្វើឲ្យពលរដ្ឋគ្មានកន្លែងជុះនោម ហើយទៅបន្ទោបង់ផ្តេសផ្តាសនៅតាមរបងខ្ពស់ៗ ឬកន្លែងស្ងាត់ៗតាមតែអាចធ្វើទៅបាន បើជាទោះបីកន្លែងនោះមិនសាកសម ឬទោះបីកន្លែងនោះគេដាក់អក្សរធំថា ហាមឆ្កែនោមក៏ដោយ តែការជុះនោមនេះ គ្មាននរណាអាចបញ្ជាវាបាននោះទេ អីចឹងភាពខ្មាសអៀនមួយចំនួនត្រូវទុកមួយឡែកសិនហើយ។
មូលហេតុទី៣ គឺដោយសារ ស្ថានភាពប្រទេសកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ។ ការសាងសង់ផ្ទះ អគារ វីឡា បូរី និងផ្ទះល្វែងរីកស្អេកស្កះ នៅក្នុងទីក្រុង គឺដើម្បីបំពេញតម្រូវការមនុស្សនៅទីក្រុងភ្នំពេញដែលមានកំណើនច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ការដ្ឋានសាងសង់ ផ្លូវហុយទ្រលោម និងសំណង់ស្ពាន បានបង្កឲ្យមានបរិយាកាសអាប់អួរនៅក្នុងទីក្រុង។ សម្រាមចេញពីការសាងសង់ទាំងនោះក៏មានមិនតិចដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ការសាងសង់នានា ធ្វើឲ្យមានការរំខានដល់មនុស្សម្នានៅជុំវិញការដ្ឋានមិនតិចដែរ។ រំខានជាសំឡេង ធូលីហុយ និងកាកសំណល់ចេញពីឧបករណ៍សំណង់ មានស៊ីម៉ង់ត៍ ថ្នាំលាប កំទេចកំទីសល់ពីគ្រឿងសំណង់ និងឧបករណ៍ដទៃទៀត។ ជួនកាលឧបករណ៍សំណង់ទាំងនោះ ក៏បានបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមដងផ្លូវក៏មានដែរ។
មូលហេតុទី៤ គឺបណ្តាលពីប្រព័ន្ធលូនៅទីក្រុងភ្នំពេញ នៅមានបញ្ហាស្មុគស្មាញនៅឡើយ។ ពេលភ្លៀងម្តងៗ ពលរដ្ឋម្នាក់ៗ ភ័យខ្លាចទឹកលិចផ្ទះ អាជីករភ័យខ្លាចទឹកលិចផ្សារ លិចតូបលក់ដូរ អ្នកធ្វើដំណើរភ័យខ្លាចទឹកលិចផ្លូវជាដើម។ ទឹកភ្លៀងទាំងនោះមិនជាទឹកសុទ្ធដែលចំរាញ់ឬបន្សុទ្ធពីអូសូននោះទេ តែទឹកភ្លៀងបានហូរនាំមកជាមួយនៅសម្រាម និងជាតិពុលទាំងឡាយ មកចាក់ចូលដល់ផ្ទះប្រជាពលរដ្ឋ ចាក់ចូលទីផ្សារ និងផ្លូវសាធារណៈ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជនយ៉ាងធ្ងន់ធ្ងរ និងខាត់បង់សម្ភារៈយ៉ាងច្រើនឥតគណនា។ ទីក្រុងស្អាត មនុស្សម្នាតែងមើលលើបញ្ហាពីរសំខាន់ បញ្ហាទីមួយគឺការគ្រប់គ្រងសម្រាមឲ្យល្អ និងបញ្ហាទីពីរគឺបញ្ហាការគ្រប់គ្រងប្រព័ន្ធលូរឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការលិចក្រុង។ លូតួចៗគឺជាឧបសគ្គមួយដែលធ្វើឲ្យទឹកហូរ មិនទាន់ តែការលុបបឹងមួយចំនួននៅក្នុងទីក្រុងភ្នំពេញដូចជា បឹងកក់ បឹងទំពុន ជាដើម ក៏បានរួមចំណែកយ៉ាងធំ ធ្វើក្រុងភ្នំពេញក្លាយទន្លេដែលគ្មានមច្ឆជាតិ ពេលភ្លៀងម្តងៗ។ លើលពីនេះ កត្តាប្រជាពលរដ្ឋដែលបោះចោលសម្រាមចូលទៅក្នុងលូ ក៏ជាមូលហេតុមិនអាចប្រកែកបាន ក្នុងការធ្វើឲ្យលូស្ទះផងដែរ។
ជាការពិតកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ពោលគឺចាំបាច់ត្រូវខិតខំអភិវឌ្ឍ ដើម្បីបម្រើដល់សេចក្តីត្រូវរបស់មនុស្ស។ តែគួរគប្បីគិតគូរដល់បរិស្ថាន និងសុខភាពប្រជាជនផងដែរ។
អំណះតទៅ ដើម្បីឲ្យធ្វើទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ ដូចដែលក្រសួងបរិស្ថាននិងក្រសួងទេសចរដាក់ឲ្យផ្សព្វផ្សាយនោះ។ ពលរដ្ឋខ្មែរទូទៅ គួរកែទម្លាប់អាក្រក់ទាំងឡាយដែលបានរៀបរាប់ខាងលើ ដើម្បីចូលរួមថែរក្សាបរិស្ថាន បំបាត់ក្លិនស្អុយ និងដើម្បីសុខភាពពលរដ្ឋខ្លួនឯង ឲ្យមានលក្ខណៈល្អប្រសើរជាងនេះ។ ចំណែករដ្ឋាភិបាល ត្រូវធ្វើច្បាប់ និងអនុវត្តច្បាប់ ដោយផ្សព្វផ្សាយឲ្យពលរដ្ឋបានជ្រួតជ្រាបពីសារៈប្រយោជន៍នៃការរស់នៅដោយមានបរិស្ថានស្អាត និងមានផាសុកភាព។
ដូច្នេះ ទាំងពលរដ្ឋ និងអាជ្ញាធរ គួរត្រូវសហការណ៍គ្នា ធ្វើឲ្យទីក្រុងភ្នំពេញ ក្លាយជាក្រុងស្រស់ស្អាត និងមានសោភ័ណភាពល្អ គួរជាទីកន្លែងដែលមនុស្សគ្រប់គ្នា ចង់អង្គុយលេង ចង់ទស្សនា ចង់កំសាន្ត។ មិនមែនជាក្រុងដែលមនុស្សដើរកាត់ ដោយពាក់ម៉ាស បិទច្រមុះនោះទេ។ ម្យ៉ាងទីក្រុងស្អាត មិនត្រឹមតែជួយចំពោះសុខភាពប្រជាជន ប៉ុណ្ណោះទេ តែទីក្រុងស្អាតក៏បាននាំមកនូវជាមួយភ្ញៀវទេសចរដ៏ច្រើនកុះករ ដែលនាំចំណូលសេដ្ឋកិច្ចជាតិយ៉ាងច្រើនសម្រាប់អភិវឌ្ឍប្រទេសជាតិ៕