ភ្នំពេញ៖ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាបរិស្ថានមានដូចជា ការកើនឡើងកម្តៅផែនដី ទឹកជំនន់ ការបំពុលបរិយាកាស បញ្ហាសំរាម ការដាំកូនឈើដើម្បីជួយសង្គ្រោះបរិស្ថានជាដើម ត្រូវបានគិតគួរនិងយកចិត្តទុកដាក់បានប្រសើរជាងមុនពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានការចូលរួមសកម្មភាពពីអង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងយុវជនផងដែរ។ ទន្ទឹមនឹងការយកចិត្តទុកដាក់នេះ យុវជនកម្ពុជាមួយក្រុមបាននាំគ្នាផ្តួចផ្តើមគំនិតបង្កើតកម្មវិធីផ្សេងៗដែលជួយដល់បរិស្ថានតាមរយៈការបញ្ជ្រាបចំណេះដឹងនានាពីបរិស្ថានក្រោមឈ្មោះថា «ឧត្ដមឆន្ទៈបៃតង»។
ឧត្ដមឆន្ទៈបៃតង បង្កើតឡើងក្នុងគោលបំណងជួយដល់បរិស្ថាន បង្ហាញពីការព្រួយបារម្ភនានារបស់យុវជន ចំពោះផលប៉ះពាល់មួយចំនួន ខណៈដែលមនុស្សពុំបានយកចិត្តទុកដាក់ថែរក្សាបរិស្ថាន។«ឧត្តមឆន្ទៈបៃតង» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៣ ដោយយុវជនមួយក្រុមជានិស្សិតមកពីសាកលវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញមានគ្នា ៥ នាក់រួមមាន លោកសុខ ឡាក់ កញ្ញាលី សុខចេង លោក គី វាសនា កញ្ញា វន ឆយសុនាថ និង លោក សំអាត ម៉ារឌី ។
ក្រុមយុវជននេះ យល់ថា ការជួយសង្គ្រោះបរិស្ថាន ការបញ្ជ្រាបចំណេះដឹងពីបរិស្ថានដល់យុវជននិងប្រជាពលរដ្ឋ ជាគន្លឹះមួយក្នុងការរួមចំណែកជួយដល់ប្រទេសកម្ពុជាឱ្យមានបរិស្ថានល្អ។ ការបញ្ជ្រាបចំណេះដឹងនេះ ធ្វើឡើងតាមរយៈរូបភាពនិងសកម្មភាពផ្សេងៗ ដូចជាផ្សព្វផ្សាយពីផលប៉ះពាល់ដល់បរិស្ថានតាមរយៈសកម្មភាពរបស់យុវជន ផ្តល់ឱកាសឱ្យយុវជនជជែកពីបញ្ហាបរិស្ថាន ការបង្រៀនដល់យុវជននិងពលរដ្ឋពីការប្រធានបទនានាស្តីពីបរិស្ថា ការតាំងពិព័ណ៏ ការជិះកង់ដើម្បីបរិស្ថាន ដំណើរកម្មសិក្សា ការដាំដើមឈើតាមសហគមន៍ និងការងារផ្សេងៗមួយចំនួនទៀតទាក់ទងនឹងបរិស្ថាន។
យុវជនជាសហស្ថាបនិកនៃគម្រោងឧត្ដមឆន្ទៈបៃតងរបស់ «សម្ព័ន្ធអ្នកសរសេរ» លោក សុខ ឡាក់ ក្នុងវ័យ ២៧ ឆ្នាំមានបានឱ្យដឹងថា៖ « គម្រោងឧត្ដមឆន្ទៈបៃតង បង្កើតឡើងដើម្បីជួយដល់បរិស្ថាន ព្រោះនាពេលបច្ចុប្បន្ននេះ យុវជនកម្ពុជា បើនិយាយពីការយល់ដឹងពីបញ្ហាបរិស្ថាន គឺនៅមានកម្រិតនៅឡើយ ពុំទាន់យល់ដឹងទូលំទូលាយពីបញ្ហាបរិស្ថានទេ… ទោះបីកម្ពុជាជាប្រទេសមានអំណោយផលពីធនធានធម្មជាតិច្រើនក្តី… ប៉ុន្តែប្រជាជនកម្ពុជាមួយចំនួនតែងមើលរំលងបញ្ហាបរិស្ថាននៅជុំវិញខ្លួនជារៀងរាល់ថ្ងៃ»។
លោក សុខ ឡាក់ មានប្រសាសន៍ថា៖ «ឆន្ទៈបៃតងត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០១៣ គោលបំណងរបស់គម្រាងនេះ គឺចង់អភិវឌ្ឍផ្នត់គំនិតយុវជនកម្ពុជា ឱ្យមានផ្នត់គំនិតបៃតងក្នុងសកម្មភាពលើបរិស្ថាន និងជំរុញឲ្យយុវជនមានការចូលរួមបង្ហាញពីសក្តានុពលរបស់ខ្លួនក្នុងការរៀបចំព្រឹត្តិការណ៏សង្គមដែលទាក់ទងនឹងបរិស្ថាន»។
កញ្ញា លី សុខចេង បច្ចុប្បន្នជានិស្សិតឆ្នាំទី ៤ នៃវិទ្យាស្ថានភាសាបរទេស ហើយក៏ជាសមាជិស្នូរមួយរូបនៃក្រុមយុវជនឧត្ដមឆន្ទៈបៃតងក៏បានរៀបរាប់ពីការយល់ឃើញរបស់ខ្លួនចំពោះបញ្ហាបរិស្ថានដែរថា បញ្ហាបរិស្ថាន មិនមែនជាបញ្ហារបស់កញ្ញា ឬបញ្ហារបស់នណាម្នាក់នោះទេ។ បញ្ហាបរិស្ថាន វាជាបញ្ហារបស់មនុស្សទាំងអស់គ្នា ដូច្នេះហើយមនុស្សម្នាក់នៅក្នុងសង្គមត្រូវតេគិតគួរបញ្ហាបរិស្ថានមាននៅក្នុងសង្គមរបស់ខ្លួន ហើយចាប់ផ្តើមបង្កើតឬបង្ហាញសកម្មភាពក្នុងការដោះស្រាយបញ្ហារួមគ្នា បើពុំនោះទេបរិយាកាសសង្គមដែលខ្លួនរស់នៅនឹងមិនផ្តល់សេចក្តីសុខដល់ខ្លួនឡើយ។
យុវតី សុខចេង បានបន្តលើកឡើងផងដែរថា៖ «ការចូលរួមសកម្មភាពធ្វើការងារជាមួយក្រុមយុវជនឧត្ដមឆន្ទៈបៃតង ធ្វើឱ្យខ្ញុំមានផ្លាស់ប្តូរការគិតបានច្រើនជាមុន ខ្ញុំបានយល់ច្រើនពីបញ្ហាបរិស្ថាននៅក្នុងទីក្រុងភ្នំពេញនិងតាមជនបទដូចជា របៀបគ្រប់គ្រងសំណល់នា សព្វថ្ងៃនៅមានកម្រិត ការបែងចែកប្រព័ន្ធលូបង្ហូរទឹកស្អុយក្នុងក្រុងជាដើម។ … ខ្ញុំចាប់ផ្តើមមាននូវគំនិតបៃតង ហើយបានអនុវត្តគំនិតទាំងនោះទៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំ ជាក់ស្តែងខ្ញុំមិនសូវប្រើប្រាស់ថង់ធ្វើពីប្លាស្ទិចឡើយ ហើយពេលវេលានេះមិនមែនជាពេលដែលយើងត្រូវរង់ចាំទៀតទេ គ្រប់គ្នាត្រូវចាប់ផ្តើមដោះស្រាយបញ្ហានេះឱ្យខានតែបាន និងត្រូវរួមគ្នាដោះស្រាយក្នុងរយៈពេលខ្លីបំផុត»។
មានវ័យ ២០ ឆ្នាំ មានតួនាទីជាប្រធានក្រុមនៃក្រុមយុវជនទទួលខុលត្រូវផ្នែកតាំងពិព័ណ៍រូបភាពរបស់ឧត្មឆន្ទៈបៃតង យុវជន សាម អានម៉ាឌី បាននិយាយថា រូបភាពដែល «ឧត្ដមឆន្ទៈបៃតង» យកមកដាក់តាំង ត្រូវបានប្រមូលរូបភាពពីការប្រឡងរូបភាពដែលជាស្នាដៃធ្វើឡើងដោយយុវជន ដើម្បីដាក់តាំងបង្ហាញជាសាធារណៈ និងត្រូវធានាថារូបភាពទាំងនោះមានអត្ថន័យ និងមានភាពទាក់ទាញ។
អ្នកទទួលខុសត្រួវផ្នែកតាំងពិព័ណ៍រូបភាពរូបនេះ បានរម្លឹកពីបទពិសោធន៍របស់ខ្លួន បន្ទាប់ពីបានចូលរួមសកម្មភាពជាមួយ «សម្ព័ន្ធអ្នកសរសេរ» ធ្វើការងារក្នុងគម្រោងឧត្ដមឆន្ទៈបៃតងរួចមកថា រូបគេអាចជួយដល់បរិស្ថាននៅក្នុងសង្គមបានច្រើន តាមរយៈចំណេះដឹងនិងជំនាញមួយចំនួនដែលទទួលបាន រួមមានគន្លឹៈក្នុងការសម្រេចចិត្ត របៀបទំនាក់ទំនង របៀបដោះស្រាយបញ្ហាចំពោះមុខ ការរៀបចំនិងចាត់ចែងគម្រោង ការរៀបចំធ្វើផែនការ និងការររៀបចំដំណើរការនៃការតាំងពិព័ណ៍រូបថតជាដើម។ ក្រៅពីនេះ ឧត្ដមឆន្ទៈបៃតងបានជួយឲ្យរូបគេមានជំនឿលើខ្លួនឯង មានភាពបត់បែនតាមកាលៈទេសៈ និងមានទំនួលខុសត្រូវក្នុងការងារ។
ឧត្ដមឆន្ទៈបៃតង បច្ចុប្បន្នមានសមាជិកស្នូរព្រមទាំងក្រុមយុវជនស្មគ្រ័ចិត្តចូលរួមទាំងអស់មានចំនួនជាង ៤០ នាក់ និងមានដៃគូសហការ ២៦ អង្គភាពផ្សេងៗគ្នាក្នុងគោលបំណងបង្កើតឱ្យមានព្រឹត្តិការណ៏ដូចជា៖ ការដាំដើមឈើ ការប្រឡងរូបថត ការប្រឡងសំនេរ ការបង្ហាញជារូបថត ការធ្វើបទបង្ហាញ ដំណើរកម្មសិក្សា កម្មវិធីឯកអគ្គរាជទូតបរិស្ថាន ដំណើរកម្មសិក្សា សិក្ខាសិលា ជិះកង់បៃតង ការជប់លៀងបៃតង និងសកម្មភាពមួយចំនួនទៀត ដែលបានដាស់ស្មារតីប្រជាពលរដ្ឋកម្ពុជាឲ្យបានយល់ដឹងពីបុព្វហេតុនិងហានិភ័យនៃការបំពុលបរិស្ថានឡើងវិញ។
ត្បិត ឧត្ដមឆន្ទៈបៃតង បានធ្វើការងារជួយបរិស្ថាន និងត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពជួយដល់បរិស្ថានក៏ពិតមែន ប៉ុន្តែឧត្ដមឆន្ទៈបៃតងពុំទាន់មានទីតាំងទីស្នាក់ការឡើយនៅពេលនេះ។ ឧត្ដមឆន្ទៈបៃតង នៅតែបន្តសកម្មភាពបញ្ជ្រាបចំណេះដឹងដល់យុវជនឲ្យចូលរួមស្វែងយល់ពីបញ្ហាបរិស្ថាន ដើម្បីលើកម្ពស់សម្រស់ឱ្យកាន់តែប្រសើរឡើង៕