ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-ឆ្នាំ២០២៥ ដែលធ្វើនៅវិមានសន្តិភាព នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៥ កន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានមានប្រសាសន៍ជាច្រើនអំពីការផ្លាស់ប្ដូរ ក្នុងនោះលោកថា ការផ្លាស់ប្ដូរមិនមែនប្ដូរតែមេដឹកនាំនោះទេ ការផ្លាស់ប្ដូរជីវភាពប្រជាពលរដ្ឋពីក្រ ទៅមធ្យម ក៏ជាការផ្លាស់ប្ដូរដែរ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីក៏ព្រមានផងដែរ ឲ្យប្រយ័ត្នការផ្លាស់ប្ដូរដែលនាំឲ្យមានសង្គ្រាម របបប្រល័យពូជសាសន៍ ឬក៏ការផ្លាស់ប្ដូរដែលនាំឲ្យប្រទេសចូលជ្រៀតជ្រែកការងារកម្ពុជាជាដើម។ ទាក់ទងនឹងការផ្លាស់ប្ដូរនេះដែរ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយថា ការផ្លាស់ប្ដូរតាមបែបប្រជាធិបតេយ្យនឹងនាំឲ្យប្រទេសជាតិរីកចម្រើន។