en     km
en     km

«​ការ​រៀប​ឈ្មោះ​បេក្ខជន​ទៅ​ប្រឡង​នៅ​មណ្ឌល​ឆ្ងាយ​ ប៉ះពាល់​ខ្លាំង​ដល់​អារម្មណ៍​បេក្ខជន​​»

Share

ការ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ ​ឬ​បាក់​ឌុប​ឆ្នាំ ​២០១៥ ​មាន​ការ​រៀប​អក្ខរ​ក្រម​នាម​ត្រកូល​បេក្ខ​ជន​តាម​បណ្តា​មណ្ឌល​ប្រឡង​ឆ្ងាយ​ៗ​ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ខ្លាំង​ដល់​អារម្មណ៍​បេក្ខជន​​ក្នុង​ពេល​ប្រឡង​។ ទាក់​ទង​នឹង​ការ​រៀប​អក្ខរ​ក្រម​នាម​ត្រកូល​បេក្ខ​ជន​ តម្រូវ​ឱ្យ​ទៅ​ប្រឡង​នៅ​មណ្ឌល​ប្រឡង​ឆ្ងាយ​ពី​ផ្ទះ​ក្នុង​ពេល​កន្លង​ទៅ​នេះ ​ឱពុក​ម្តាយ ​និង​អា​ណា​ព្យា​បាល​ សិស្សា​នុ​សិស្ស​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ ពុំ​គួរ​រៀប​ចំ​អក្ខរ​ក្រម​នាម​ត្រកូល​បេក្ខ​ជន ​ឱ្យ​ទៅ​ប្រឡង​ឆ្ងាយៗ​រាប់សិបគីឡូ​ពី​ផ្ទះ​ឡើយ​។​

150828-Samnang-News-01-cover

​កញ្ញា​ ឈុ​ន​ ស៊ី​ណា​ រស់នៅ​ខេត្តបាត់ដំបង​ មាន​ប្អូនប្រុស​ប្រឡង​បាក់​ឌុ​ប​ នៅ​មណ្ឌល​សាកលវិទ្យាល័យ​បាត់ដំបង​ឆ្នាំ​នេះ​ ត្រូវធ្វើ​ដំណើរ​ពី​ផ្ទះ​មក​ទីរួមខេត្ត​ជាង​ ១៣​ គីឡូម៉ែត្រ​ដែរ​នោះ​ បាន​លើក​ឡើង​ថា​ ការ​ប្រឡង​ឆ្នាំ​នេះ​ ក្រសួង​អប់រំ​ធ្វើការ​រឹត​បន្តឹង​បាន​ល្អ​ ទាំង​ការ​ចេញ​វិញ្ញាសារ​ និង​ការ​អនុវត្តន៍​វិន័យ​ផ្សេងៗ​ក្នុង​ពេល​ប្រឡង​។​ ដោយឡែក​ បញ្ហា​ក្រសួង​អប់រំ​រៀបចំ​ឈ្មោះ​បេក្ខជន​តាម​អក្ខរក្រម​នាមត្រកូល​នោះ​ កញ្ញា​ពុំ​គាំទ្រ​ឱ្យ​មាន​ទៀត​ឡើយ​ ព្រោះ​បាន​ផ្តល់​ផល​លំបាក​ជា​ច្រើន​ដល់​បេក្ខជន​ដែល​មានផ្ទះ​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ ទាំង​ចម្ងាយ​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​មក​ ទាំង​ការ​ស្នាក់​នៅ​ ការ​ហូប​ចុង​ និង​ទុកដាក់​សម្ភារៈ​ជាដើម​។​

«​សម្រាប់​ខ្ញុំ​ចម្ងាយ​ផ្លូវ​ប៉ុណ្ណេះ​ មិនមែន​ជា​បញ្ហា​អ្វី​នោះ​ទេ​ ប៉ុន្តែ​ចំពោះ​បេក្ខជន​មួយ​ចំនួន​ដែល​មានផ្ទះ​នៅ​ឆ្ងាយ​ គាត់​ពិបាក់​គ្រប់យ៉ាង​។​ ជាក់ស្តែង​កាលពី​ថ្ងៃ​ប្រឡង​បាក់​ឌុ​ប​ថ្ងៃមុន​អ៊ីចឹង​ ពេល​ខ្ញុំ​ជូន​ប្អូន​ខ្ញុំ​ទៅ​ប្រឡង​ ខ្ញុំ​ឃើញ​មាន​បេ​ក្ខ​នារី​ម្នាក់​គាត់​មក​ពី​តំបន់​ឆ្ងាយ​ ពុំ​ដឹង​ថា​ ការ​ប្រឡង​ឆ្នាំ​នេះ​ គេ​ពុំ​អនុញ្ញាតិ​ឱ្យ​យក​លុយ​ដាក់​ជាប់​ខ្លួន​ ដោយ​គ្មាន​អ្នក​ស្គាល់​ទៅ​ជាមួយ​ទៀត​ គេ​ត្រូវ​រត់​ចុះ​រត់ឡើង​ខាត់​ម៉ោង​ប្រឡង​មិន​តិច​…​ ជា​រួម​សម្រាប់​ខ្ញុំ​មិន​ចង់ឱ្យ​ក្រសួង​ធ្វើ​បែប​នេះ​ឡើយ​ បើ​បេក្ខជន​រៀន​នៅ​ទីណា​ ប្រឡង​នៅ​ទីនោះ​ទៅ​ សំខាន់​ឱ្យ​តែ​ការ​គ្រប់គ្រង​ល្អ​»​។​

មណ្ឌល​ខេត្ត​បាត់​ដំបង​៖ តារាង​លំដាប់​អក្ខរ​ក្រម​នាម​ត្រកូល​បេក្ខជន​ ថ្នាក់​វិទ្យាសាស្ត្រ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ តាម​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា
មណ្ឌល​ខេត្ត​បាត់​ដំបង​៖ តារាង​លំដាប់​អក្ខរ​ក្រម​នាម​ត្រកូល​បេក្ខជន​ ថ្នាក់​វិទ្យាសាស្ត្រ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ តាម​មណ្ឌល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា

​មានកូន​ស្រី​ប្រឡង​បាក់​ឌុ​ប​ ត្រូវធ្វើ​ដំណើរ​ចម្ងាយ​ផ្លូវ​ជាង​ ៥០​ គីឡូម៉ែត្រ​ពី​ផ្ទះ​ទៅ​មណ្ឌល​ប្រឡង​ ជា​ ស៊ី​ម​ តាកែវ​ (​ខាងជើង​)​ អ្នកស្រី​ ទ្រី​ បូ​ផល​ រស់នៅ​ភូមិ​ប្រមូល​សុខ​ ឃុំ​ដូង​ ស្រុក​បាទី​ ខេត្តតាកែវ​ បានឱ្យ​ដឹង​ថា​ ការ​ប្រឡង​បាក់​ឌុ​ប​ឆ្ងាយ​ពី​ផ្ទះ​កន្លង​ទៅ​ គឺ​ត្រូវ​ចំណាយ​លុយកាក់​ច្រើន​សម្រាប់​កូន​។​ ការ​ចំណាយ​លុយ​តិច​ ឬ​ច្រើន​ មិនជា​បញ្ហា​ចោទ​សម្រាប់​អ្នកស្រី​ទេ​ ប៉ុន្តែ​អ្វី​ដែល​អ្នកស្រី​ភ័យ​ព្រួយ​ជា​និច្ច​នោះ​ គឺ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពី​ផ្ទះ​ ខ្លាចក្រែង​មាន​ជួប​គ្រោះ​ចៃដន្យ​ណាមួយ​កើតឡើង​ចំពោះ​កូន​។​

​យុវ​សិស្ស​ ដុ​ង​ រ​ង្សា​ អាយុ​ ១៨​ ឆ្នាំ​ ជា​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ រស់នៅ​ភូមិ​ដំរី​កូន​ ឃុំ​ជំពូ​វ័​ន្ទ​ ស្រុក​ជម​គិរី​ ខេត្តកំពត​ បានឱ្យ​ដឹង​ថា​ ចម្ងាយ​ផ្លូវ​ប្រមាណ​ជាង​ ៦០​ គីឡូម៉ែត្រ​ពី​ផ្ទះ​ទៅ​វិទ្យាល័យ​ព្រះរាជ​សម្ភារ​ ក្រុង​កំពត​ ឆ្ងាយ​ពី​ផ្ទះ​គេ​យ៉ាង​ខ្លាំង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។​ «​ការ​ស្នាក់​នៅ​របស់ខ្ញុំ​ពិបាក​ត្រូវ​ជួល​ផ្ទះ​គេ​ ព្រោះ​មិន​អាច​ត្រលប់​មក​ផ្ទះ​វិញ​បាន​ ហើយ​ត្រូវ​ចំណាយ​លុយ​ច្រើន​…​ មើលទៅ​ដូច​ហត់​ខ្លាំង​គួប​ផ្សំ​អារម្មណ៍​ភ័យ​អរ​ផង​ អ៊ីចឹង​ហើយ​ បានជា​មាន​អ្នកខ្លះ​ត្រូវ​ខ្យល់​ សន្លប់​ក្នុង​ពេល​ប្រឡង​។​

​ជា​អ្នក​អមដំណើរ​ជូន​កូន​ទៅ​ប្រឡង​ដោយ​ផ្ទាល់​ លោក​ ណុ​ប​ ណា​រី​ ជា​ឪពុក​យុវ​សិស្ស​ខាងលើ​ បាន​និយាយ​ថា​៖​ «​ ការ​រៀបចំ​មណ្ឌល​ប្រឡង​នៅ​ផ្លូវ​ឆ្ងាយ​តាម​អក្ខរក្រម​ឈ្មោះ​នេះ​ ធ្វើ​ឱ្យ​សិស្ស​និង​អាណាព្យាបាល​សិស្ស​ដែល​មាន​លំនៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង​ពិបាក​គ្រប់យ៉ាង​ ពិសេស​អត់​មាន​កន្លែង​ស្នាក់​​នៅ​តែ​ម្តង​។​ សម្រាប់​អ្នកមាន​លុយ​មិន​មាន​បញ្ហា​អ្វី​ទេ​ ប៉ុន្តែ​សម្រាប់​អ្នក​អត់​វិញ​នោះ ​គាត់​ពិបាក​យ៉ាងណា​… ចង់​មិន​ចង់​មាន​តែ​បង្ខំចិត្ត​មក​ហើយ​ទាំង​គេ​ទាំង​ខ្ញុំ​»​។​

​អាណាព្យាបាល​សិស្ស​ខាងលើ​រូប​នេះ​ បាន​និយាយ​ដោយ​សំណូមពរ​ថា​ ការ​ប្រឡង​លើ​ក្រោយ​សូម​ឱ្យ​ក្រសួង​អប់រំ​ពិចារណា​លើ​ហេតុផល​ខាងលើ​នេះ​ផង​ ប្រសិនបើ​មានការ​ប្រឡង​នៅ​ជិត​ជិត​ផ្ទះ​ជា​រឿង​ប្រសើរ​បំផុត​ ស្រប​ពេល​ដែល​ក្រសួង​ បាន​ធ្វើ​កំណែ​ទម្រង់ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​បាន​ល្អ​ ហើយ​ឪពុក​ម្តាយ​អាណាព្យាបាល​សិស្ស​ទាំងអស់​គាំទ្រ​គ្រប់​គ្នា​។​

​លោក​ រស់​ សាលី​ន​ អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​មាតាបិតា​ និង​អាណាព្យាបាល​សិស្ស​ខាងលើ​ថា​៖​ «​ការ​រៀបចំ​ឈ្មោះ​បេក្ខជន​ត្រូវ​ប្រឡង​បាក់​ឌុ​ប​តាម​អក្ខរក្រម​ (​ត្រកូល​)​ ក្រសួង​ធ្វើ​ឡើង​ ក្នុង​គោលបំណង​ធ្វើ​ឱ្យ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​មណ្ឌល​ប្រឡង​នីមួយៗ​…​ ក្រសួង​អប់រំ​ទទួលស្គាល់​ថា​ ការ​ធ្វើ​បែប​នេះ​ វា​លំបាក​ដល់​អាណាព្យាបាល​សិស្ស​ បេក្ខជន​ ដែល​មាន​លំនៅ​ឆ្ងាយ​ពី​មណ្ឌល​ប្រឡង​ មាន​ស្ថានភាព​ជីវភាព​នៅ​មាន​កម្រិត​ពិតមែន​ ប៉ុន្តែ​ការ​ចំណាយ​ពេលវេលា​ពី​ថ្ងៃ​ក្នុង​ការ​ប្រឡង​ វា​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​សិស្ស​ដែល​ខំ​សន្សំចំណេះ​អស់​ ១២​ ឆ្នាំ​នោះ​ទេ​»​។​

150827-Education-Bac-II--(10)

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ លោក​ រស់​ សាលី​ន​ បាន​បញ្ជាប់​បន្ថែម​ថា​ ឆ្នាំ​នេះ​ក្រសួង​បាន​សម្រេច​ជ្រើសរើស​មណ្ឌល​ប្រឡង​ណា​ ដែល​មាន​សុវត្ថិភាព​ក្នុង​ការ​ទុកដាក់​ឯកសារ​ មណ្ឌល​ត្រូវ​មាន​របង​ការពារ​ត្រឹមត្រូវ​ល្អ​ មិន​ឱ្យ​មាន​អ្នក​ចូល​ពី​ក្រៅ​ផ្ដេសផ្ដាស​ នៅ​ទីប្រជុំជន​ ជា​តំបន់​ដែល​មាន​ភាព​ងាយស្រួល​ដល់​បេក្ខជន​ក្នុង​ការ​ស្នាក់​នៅ​។​ លោក​ថា​ បញ្ហា​ចោទ​ឡើង​ខាងលើ​ ក្រសួង​កំពុង​យកចិត្តទុកដាក់​គិត​គួរ​ ហើយ​នៅ​ឆ្នាំ​បន្ទាប់​ ក្រសួង​អប់រំ​អាច​នឹង​ជួយ​បង្ក​ភាព​ងាយស្រួល​ដល់​សិស្ស​ក្រីក្រ​និង​អ្នក​រស់នៅ​តំបន់​ឆ្ងាយៗ​ពី​មណ្ឌល​ប្រឡង​។​

​សូម​រម្លឹក​ថា​ នៅ​ក្នុង​ការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​ ២០១៥​ នេះ​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​រៀបចំ​បែងចែក​ឈ្មោះ​បេក្ខជន​ទាំងអស់​តាម​រាជធានី​ និង​បណ្តា​ខេត្ត​ ក្រុង​នីមួយៗ​តាម​អក្ខរក្រម​។​ មណ្ឌល​ប្រឡង​សរុប​ចំនួន​ ១៥០​ មណ្ឌល​ ចែក​ចេញ​ជា​ ៣៤២៧​ បន្ទប់​ រួម​មាន​បេក្ខជន​ដែល​បាន​ចុះ​ឈ្មោះ​ប្រឡង​ក្រោយ​ពេល​ដក​បេក្ខភាព​ សរុប​ចំនួន​ ៨៤​ ៩៣០​ នាក់​ ស្រី​ ៤០​ ៩៧២​ នាក់​ អ្នក​មិន​មក​ប្រឡង​ចំនួន​ ១០៣៤​ នាក់​។​ បេក្ខជន​អវត្តមាន​ប្រឡង​នៅ​ថ្ងៃ​ទី​ ១​ មាន​ចំនួន​ ១៤៣១​ នាក់​ និង​ថ្ងៃ​ទី​ ២​ មាន​ចំនួន​ ១៥៨​ នាក់​។​ ចំពោះ​លទ្ធ​ផង​ប្រឡង​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ១៥​ ខែកញ្ញា​ សម្រាប់​រាជធានី​ភ្នំពេញ​ និង​ខេត្តកណ្តាល​ និងនៅ​តាម​បណ្តា​ខេត្ត​ ក្រុង​នានា​​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី​ ១៦​ ខែកញ្ញា​ ឆ្នាំ​ ២០១៥​ ៕​

Share

Image
Image
Image