អង្គការខុមហ្វ្រែល បានចេញរបាយការណ៍សង្ខេបឆមាសលើកទី២ នៃការឃ្លាំមើលរដ្ឋសភា និងតំណាងរាស្រ្ដនៃនីតិកាលទី៥ ដោយបានបង្ហាញថា សកម្មភាពរបស់គណៈកម្មការជំនាញរដ្ឋសភា និងចំនួនសកម្មភាពចុះមូលដ្ឋានរបស់អ្នកតំណាងរាស្រ្ដមានភាពល្អប្រសើរជាងរយៈពេលដូចគ្នាក្នុង ដើម នីតិកាលនេះ។ ប៉ុន្តែរបាយការណ៍នោះបង្ហាញថា ការពិភាក្សា និងអនុម័តច្បាប់ហាក់មិន សូវមានគុណភាព និងធ្វើឡើងដោយ ប្រញាប់ប្រញាល់។
ការលើកឡើងរបស់ខុមហ្វ្រែលនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំនៅការិយាល័យ អង្គការ ខុមហ្វ្រែលនាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥នេះ ដើម្បីបង្ហាញរបាយការណ៍សង្ខេបឆមាសទី២ នៃការឃ្លាំមើលរដ្ឋសភា និងតំណាងរាស្ត្រ នៃនីតិកាលទី៥។
ក្នុងសន្និសីទនោះ មន្រ្ដីអង្កេត នៃអង្គការខុមហ្រ្វែល លោក ស៊ិន ទិត្យសីហា បានលើកឡើងពីសកម្មភាពសំខាន់ៗមួយចំនួន៤រួមមាន ការចុះមូលដ្ឋានរបស់អ្នកតំណាងរាស្រ្ដ សកម្មភាពរបស់គណៈកម្មការជំនាញរបស់រដ្ឋសភា ដំណើរការប្រជុំពេញអង្គរបស់រដ្ឋសភា និងការចេញលិខិតអន្ដរាគមន៍របស់តំណាងរាស្រ្ដជាដើម។ លោកបានលើកឡើងថា សកម្មភាពចុះមូលដ្ឋាន របស់អ្នកតំណាង រាស្រ្ដមាន ភាពល្អប្រសើរ ប៉ុន្ដែការប្រជុំពិភាក្សាអនុម័តច្បាប់ ហាក់មិនសូវមានគុណភាពធ្វើឡើងដោយប្រញាប់ប្រញាល់។
លោក ស៊ិន ទិត្យសីហា ឲ្យដឹងដែរថា ចំនួនតំណាងរាស្រ្ដទាំងពីរគណបក្ស ដែលចុះមូលដ្ឋានបានថយចុះ ប៉ុន្តែសកម្មភាពបានកើនឡើង។ លោកថា មូលហេតុសំខាន់នៃការកើនឡើងចំនួនសកម្មភាព ដោយសារតំណាងរាស្រ្ដគណបក្សសង្រ្គោះជាតិ បានចូលរដ្ឋសភា ដែលបង្កលក្ខណៈងាយស្រួលក្នុងការធ្វើសកម្មភាពជាងក្នុងនាមជាបេក្ខជន ជាប់ឆ្នោតតំណាងរាស្រ្ដ។
លោក បន្ដទៀតថា សេចក្ដីព្រាងច្បាប់ចំនួនពីរ ត្រូវបានអនុម័តមានសំឡេងតែមួយគណបក្សគឺ គណបក្សប្រជាជនកម្ពុជា ហើយសេចក្ដីស្នើច្បាប់សំខាន់ចំនួនពីរត្រូវបានអនុម័តដោយ មិនមានការ ពិភាក្សាលើខ្លឹមសារច្បាប់។ លោកបន្ថែមថា ដោយឡែកការពិភាក្សាលើសេចក្ដីព្រាងច្បាប់ ដ៏ចម្រូងចម្រាស់ស្ដីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលអ្នកតំណាងរាស្រ្ដឡើងបញ្ចេញមតិបានដើរតួនាទី ដូចអ្នកការពារច្បាប់ គឺធ្វើការពន្យល់នូវចំណុចវិជ្ជមាននៃសេចក្ដីព្រាងច្បាប់នៅស្របពេលដែល មជ្ឈដ្ឋានជាតិ និងអន្ដរជាតិរិៈគន់ថា ច្បាប់នេះ បានរិតត្បឹតសិទ្ធិសេរីភាព របស់អង្គការ សមាគមមិនមែនរដ្ឋាភិបាល។
លោក ស៊ិន ទិត្យសីហា បន្ថែមថា «ទាក់ទងនឹងការចេញលិខិតអន្ដរាគមន៍របស់តំណាងរាស្រ្ដ នៅក្នុងរយៈពេលនឹង យើងឃើញមានតំណាងរាស្រ្ដ គាត់បានចេញលិខិតចំនួន២២ច្បាប់ ទៅរាជរដ្ឋាភិបាល ហើយនឹងទៅគណៈកម្មការជំនាញរបស់រដ្ឋសភា។ នៅក្នុងចំណោមលិខិត២២ច្បាប់ យើងឃើញមានលិខិត៤ច្បាប់ មានការឆ្លើយតបពីតំណាងរាជរដ្ឋាភិបាលមកវិញ ហើយនៅក្នុងនោះក៏មានលិខិត៣ច្បាប់ ត្រូវបានប្រធានរដ្ឋសភានឹងបដិសេធមិនចារបញ្ចូន លិខិតរបស់តំណាងរាស្រ្ដនោះទេ។ ក្នុងករណីហ្នឹង យើងមើលឃើញថា វាជាការប្រើអំណាច ក្នុងនាមប្រធានរដ្ឋសភា លើសដែនកំណត់នៃច្បាប់ ព្រោះជាលក្ខខណ្ឌទម្រង់ បានន័យថា នៅពេលតំណាងរាស្រ្ដគាត់ចេញលិខិត គាត់ត្រូវតែឲ្យ ប្រធានរដ្ឋសភានឹង ចារទៅលើលិខិតហ្នឹង ហើយប្រធានរដ្ឋសភាជាគោលការណ៍ច្បាប់ គាត់ត្រូវតែចារហើយ ត្រូវតែបញ្ចូនលិខិតនឹងទៅ វាគ្មានអ្ហឺយបទបញ្ញតិ្តនៅក្នុងច្បាប់ ណាមួយដែលអឺយ លើកឡើងថា គាត់អាចបដិសេធមិនចារបញ្ចូនលិខិតហ្នឹងតំណាងរាស្រ្ដបានទេ»។
WMC មិនអាចទាក់ទង លោក ឈាង វុន អ្នកនាំពាក្យ រដ្ឋសភា ដើម្បីសុំការឆ្លើយតប ចំពោះករណី នេះបានទេនៅរសៀលថ្ងៃនេះ។
សូមជម្រាបដែរថា នៅក្នុងសន្និសីទការសែតថ្ងៃនេះ អង្គការខុមហ្រ្វែលមិនត្រឹមតែបង្ហាញ របាយការណ៍ ឃ្លាំមើលរដ្ឋសភា នីតិកាលទី៥ប៉ុណ្ណោះទេ ប៉ុន្ដែក៏បានប្រកាសនិងដាក់ឲ្យដំណើការ ប្រើប្រាស់កម្មវិធីមួយស្ដីពី «សំឡេងម្ចាស់ឆ្នោត» ផងដែរ ដែលកម្មវិធី នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតមានលទ្ធភាពទទួលបាននូវ សកម្មភាពព័ត៌មានរបស់អ្នកតំណាង រាស្រ្ដ ប្រជាពលរដ្ឋមានលទ្ធភាពអាចបញ្ចេញនូវមតិយោបល់ ទស្សនៈសំណូមពរក៏ដូចជាចូលរួម ដាក់ពិន្ទុវាយតម្លៃដល់អ្នកតំណាងរាស្រ្ដរបស់ខ្លួន និងជាទុនមួយដើម្បីឲ្យប្រជាពលរដ្ឋសម្រេចចិត្ត ក្នុង ការជ្រើសរើសអ្នកតំណាងរាស្រ្ដនៅការបោះឆ្នោតពេលក្រោយជាដើម៕