ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបានព្រមានខ្លាំងៗ លើមេបក្សប្រឆាំងឲ្យគ្រប់គ្រងសមាជិករបស់ខ្លួនឲ្យបានល្អ ដោយមិនត្រូវបណ្ដោយឲ្យសរសេរ ជេរប្រមាថដល់អាយុជីវិតរបស់លោក។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រឆាំងមួយរូបបានច្រានចោលការលើកឡើងនេះ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី០១ ខែសីហា បានចោទប្រកាន់ថា អ្នកដែលបានប្រមាថជីវិតរបស់លោកតាមបណ្តាញសង្គមហ្វេសប៊ុក «ជាសមាជិករបស់គណបក្សប្រឆាំង»។ ប៉ុន្តែសម្តេចមិនបានបញ្ជាក់ថាគណបក្សប្រឆាំងមួយណានោះទេ។
សម្តេចហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីចែកសញ្ញាបត្រមួយក្នុងរាជធានីភ្នំពេញ ក្រោយពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គមថាសម្ដេច ហ៊ុន សែន បានស្លាប់ក្នុងការធ្លាក់យន្តហោះខណៈដែលសម្តេចជិះយន្ដហោះទៅប្រទេសវៀតណាម។ «អារឿងអញ្ចឹងៗ ច្រើនតែចេញមកពីសមាជិកបក្សប្រឆាំង ហើយបើមេបក្សប្រឆាំងមិនគ្រប់គ្រងបញ្ហាហ្នឹងទេ អ្នកដែលគ្រោះថ្នាក់មុនគេគឺអស់លោក ខ្ញុំសុំថា សមាជិកសមាជិកាបក្សប្រឆាំងគឺមិនគ្រប់គ្រាន់ទេ អំពាវនាវដល់មេបក្សប្រឆាំងមើលសមាជិកសមាជិការបស់ខ្លួនឲ្យបានច្បាស់»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចបញ្ជាក់បានទេ ថាតើការលើកឡើងរបស់សម្តេច ហ៊ុន សែន សំដៅដល់បក្សណាមួយ ក៏ប៉ុន្ដែលោកយល់ថា សម្ដេចលោកមានបំណងសំដៅដល់ក្រុមប្រឆាំងគ្រប់មជ្ឈដ្ឋានទាំងអស់មិនថា បក្សនយោបាយ ឬក៏ក្រុមអង្គការក្រៅរដ្ឋាភិបាលដែលប្រឆាំងជាមួយរដ្ឋាភិបាមួយចំនួននោះទេ។ «និយាយរួមគឺថា ទូទៅទាំងគណបក្សប្រឆាំង អ្នកប្រឆាំង ទាំងអង្គការប្រឆាំង ទាំងក្រុមប្រឆាំង និយាយរួមមកគឺថា មជ្ឈដ្ឋានប្រឆាំង»។
លោក មឿន តុលា នាយកប្រតិបត្ដិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និង សិទ្ធមនុស្ស មិនយល់ស្របនឹងប្រសាសន៍របស់អ្នកនាំពាក្យកាន់អំណាចឡើយ ដោយបង្ហាញទស្សនថា សង្គមស៊ីវិលកម្រប្រើប្រាស់ភាសាហិង្សាដើម្បីដោះស្រាយបញ្ហាណាស់ ផ្ទុយទៅវិញសង្គមស៊ីវិលបានធ្វើការងារជាច្រើនដែលជួយដល់រាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍សង្គម។ «យើងឃើញហើយកន្លងមក ការប្រើពាក្យជេរស្ដ្រី ប្រមាថស្ដ្រី ហើយចាក់តាមទូរទស្សន៍ និយាយអា មឹង កូនអានេះ កូនអានោះ អាភាសាអស់ហ្នឹងហើយដែលជាភាសាបណ្ដុះនៅហិង្សា ភាសាអសុរ»។
ដោយឡែក អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ អះអាងថា អ្នកដែលប្រើប្រាស់ពាក្យប្រមាថ ឬពាក្យខ្វះក្រមសីលធម៌ផ្សេងៗ លើបណ្ដាញសង្គម គឺមិនមែនជាសមាជិក សមាជិកា របស់គណបក្សសង្គ្រោះជាតិឡើយ។ «មិនដឹងថា អ្នកណាទេ តែគណបក្សសង្គ្រោះជាតិ ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អត់មានទៅនិយាយសម្ដីអីអញ្ចឹងទេ»។
លោក យឹម សុវណ្ណ បញ្ជាក់បន្ថែមថា រហូតមកដល់ពេលនេះគណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយជាច្រើន ពីគោលការណ៍ដែលហាមប្រាមអ្នកគាំទ្រ សមាជិក របស់ខ្លួន និយាយសម្ដី អសុរ ខ្វះសីលធម៌ ឬការប្រមាថដល់បុគ្គលណាមួយនោះ៕