en     km
en     km

​នាយក​រដ្ឋមន្ត្រី​បញ្ជា​បណ្តេញ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ចេញពី​កម្ពុជា

Share

ភ្នំពេញ៖ សម្តេច ហ៊ុន សែន បានបញ្ជាឲ្យបិទអង្គការក្រៅរដ្ឋាភិបាលមួយដែលផ្តល់ព័ត៌មាននិងអត្ថាធិប្បាយអំពីការជួញដូរស្ត្រីសម្រាប់សេវាកម្មផ្លូវភេទនៅកម្ពុជា។សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកថា សេចក្តីអត្ថាធិប្បាយនោះជាការប្រមាថដែលទទួលយកមិនបាន។

«ដោយតម្លៃណាក៏ដោយ អង្គការមួយនេះត្រូវចាកចេញពីកម្ពុជា។មិនអាចឲ្យនៅបានទៀតទេ »

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានបញ្ជាឲ្យអាជ្ញាធរបិទ និងបណ្តេញអង្គការអន្តរជាតិមួយចេញពីប្រទេសកម្ពុជាដោយចោទប្រកាន់ថាអង្គការនេះបានបង្កឲ្យមានការប្រមាថលើស្ត្រីកម្ពុជា«យ៉ាងធ្ងន់ធ្ងរ»។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រមួយនៅព្រឹកថ្ងៃទី ១ ខែសីហា នេះក្នុងរាជធានីភ្នំពេញ សម្តេចប្រមុខរដ្ឋាភិបាលមិនបានបង្ហាញឈ្មោះអង្គការនោះទេ ប៉ុន្តែទំនងជាសម្តេចចង់និយាយយោងដល់អង្គការមេត្រីអន្ដរជាតិ ដែលហៅកាត់ថា អង្គការ AIM។

ប្រតិកម្មនេះធ្វើឡើងក្រោយពីអង្គការ AIM ត្រូវស្រង់សំដីក្នុងអត្ថបទមួយនៃទូរទស្សន៍ CNN និងទូរទស្សន៍ ABC របស់សហរដ្ឋអេមេរិកដែលមានចំណងជើងថា«នៅកម្ពុជាម្តាយយកកូនទៅលក់ឲ្យបម្រើផ្លូវភេទ»។

សម្ដេច ហ៊ុន សែន ៖ «ក្នុងឋានៈជានាយរដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាខ្ញុំមិនអាចទទួលយកបានទេរបស់អង្គការក្រៅរដ្ឋាភិបាលមួយ ដែលធ្វើការចុះផ្សាយ បញ្ចាំងលើកញ្ចក់ទូរទស្សន៍ CNN និងដូចជា ABC ផងដែរ ដោយនិយាយថា «កម្ពុជា ម្ដាយយកកូនទៅលក់ដើម្បីធ្វើជាស្ដ្រីពេស្យា ។ នេះជាការប្រមាថធ្ងន់ធ្ងរដ៏មួយ ដែលម្សិលម្ងៃ ថ្ងៃអាទិត្យ ខ្ញុំក៏បានបញ្ជាឱ្យក្រសួង ធ្វើការ ស៊ើបអង្កេតរឿងនេះ ហើយគប្បីត្រូវបិទចោលនៃអង្គការក្រៅរដ្ឋាភិបាលមួយនេះ មិនអាច អោយអ្នកឯង មកប្រមាថជនជាតិខ្ញុំបានទេ»

សម្តេចក៏បានប្រតិកម្មខ្លាំងៗទៅលើការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍CNN និងទូរទស្សន៍ ABC ដោយអះអាងថាការផ្សាយព័ត៌មានក្រោមចំណងជើងថា«នៅកម្ពុជា ម្តាយយក កូនទៅលក់ឲ្យបម្រើផ្លូវភេទ»នោះបានធ្វើឲ្យ«ប៉ះពាល់ធ្ងន់ធ្ងរ»ដល់ស្ដ្រីនៅកម្ពុជា ពិសេសក្មេងស្រីកម្ពុជាទាំងមូល។ជាមួយគ្នានេះសម្តេចហ៊ុន សែន សុំស្នើឱ្យស្ថានទូតអាមេរិក ធ្វើការស្រាវជ្រាវលើបញ្ហានេះផងដែរ។

នៅក្នុងចម្លើយតាមសារអេឡិកត្រូនិក ឬអ៊ីម៉ែលមកកាន់វិទ្យុស្ត្រី អ្នកនាំពាក្យស្ថានទូតអាមេរិក លោក អារ៉ិន ស្វតចេស៍ (Arend Zwartjes) លើកឡើងថា ស្ថានទូតបានដឹងពីការងាររបស់អង្គការ AIM នៅប្រទសកម្ពុជា។ប៉ុន្តែយើងបង្វែរសំណួរនេះទៅកាន់អង្គការ AIM វិញ។

លោកអារ៉ិន ស្វតចេស៍ (Arend Zwartjes) អធិប្បាយថា ៖ «ប្រទេសកម្ពុជាមានការជឿនលឿនជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរកុមារសម្រាប់សេវាកម្មផ្លូវភេទដូចដែលបានទទួលស្គាល់ក្នុងរបាយការថ្មីៗរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក»

សហរដ្ឋអាមេរិកដែលបានរក្សាចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងកំរិតទី២ ឬ Tier 2 ដែលមានន័យថា មានការខិតខំប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សបានល្អប្រសើរ។ សហរដ្ឋអាមេរិកមានមោទនភាពចំពោះការចូលរួមវិភាគទានរបស់យើងក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។ទោះជាយ៉ាងណាវានៅមានការប្រឈមនៅឡើយ។ យើងសង្ឃឹមថា អង្គការក្រៅរដ្ឋាភិបាលដែលមានការ ប្តេជ្ញាចិត្តនិងកំពុងធ្វើការយ៉ាងជិតស្និទជាមួយរដ្ឋាភិបាលនិងសហគមអន្តរជាតិជាចំណែកមួយយ៉ាងសំខាន់នៃដំណោះស្រាយ។

ដោយឡែក លោកឧត្តមសេនីយ៍ខៀវ សុភគ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទាក់ទងបានទេនៅថ្ងៃនេះ៕

Share

Image
Image
Image