en     km
en     km

ក្រសួងមហាផ្ទៃប្រកាសថា កម្ពុជាមិនមានករណីចាប់ក្មេងវះយកក្រលៀនទេ(មានសំឡេង)

Share

ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃប្រកាសនៅថ្ងៃនេះថា កម្ពុជាមិនមានករណីចាប់ក្មេងវះយក ក្រលៀន ឬគ្រឿងក្នុង ដូចការបង្ហោះព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុកនោះទេ។ទាក់ទិនករណីនេះ  ក្រសួងយុត្តិធម៌ ថា ការបង្ហោះព័ត៌មានមិនពិតក្នុងបំណងទុច្ចរិតដូចជាករណី វះក្រលៀនក្មេងនេះ អាចប្រឈមមុខផ្លូវច្បាប់ធ្ងន់ធ្ងរ។

ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។រូបភាពពីFresh News
ឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។រូបភាពពីFresh News

កម្ពុជាមិនមានករណីចាប់វះ ក្រលៀន ភ្នែក ឬគ្រឿងក្នុងរបស់ កុមារដើម្បីលក់ ដូចការបង្ហោះព័ត៌មាន តាមបណ្តាញសង្គម ហ្វេសប៊ុកនោះទេដែល ជាការផ្សាយព័ត៌មានមិនពិត។ នេះបើយោងតាមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នង ការរងនគរបាលជាតិ និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ។

ក្នុងន័យនេះស្នងការនគរបាលសន្និដ្ឋានថា ការបង្ហោះបំប៉ោងព័ត៌មានមិនពិតករណីនេះ ទំនងជាមានអង្គការចាត់តាំងជាអ្នក បញ្ជាពីក្រោយ ដើម្បីធ្វើឱ្យសង្គមជ្រួលច្រលប់។ លោកបន្តថា កម្លាំងនគរ បាលកំពុងធ្វើការស្រាវជ្រាវរឿងនេះ។ យ៉ាងណា លោកអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវធ្វើការវិនិច្ឆ័យឱ្យបានល្អិតល្អន់ មុននឹងបង្ហោះព័ត៌មានពីករណីចាប់ក្មេងវះយកគ្រឿង ក្នុងរបស់មនុស្ស។

លោកគៀត ច័ន្ទថារិទ្ធ«ការនិយាយបំផ្លើស ការផ្សាយព័ត៌មានមិនពិត មានទោស។ អញ្ចឹងប្រយ័ត្នប្រយែងកុំអាងថា អាហ្នឹង ដូចខ្យល់ បង្ហោះហើយគ្មានអាណាដឹងថាអាញនៅត្រង់ណា លើកលែងតែហោះនៅក្រៅប្រទេស ឬប្រទេសណាដែលមិន សហការជាមួយនគរបាលជាតិកម្ពុជា ប្រទេសណាដែលសហការជាមួយកម្ពុជារត់មិនរួចទេ»។

កាលពីថ្ងៃម្សិលមិញតុលាការខេត្តកំពង់ធំ បានស្រេចឃុំខ្លួនបុរសម្នាក់ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ មានឈ្មោះ ណៃ ស៊ីណេង វ័យ ៣៨ឆ្នាំ ជាគ្រូបង្រៀនភាសាកូរ៉េ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីបុរសរូបនេះបានបង្ហោះករណី ចាប់ក្មេងវះយកក្រលៀនលក់ ហើយថាអ្នកប្រព្រឹត្តជាបុរស២នាក់ជនជាតិវៀតណាម។

ករណីនេះស្នងការនគរបាលខេត្តកំពង់ធំ លោក កែ ខាន់ណារ៉ា បញ្ជាក់ថា ករណីបុរសជនជាតិវៀតណាមទាំងពីររូបនោះ ជាមុខសញ្ញាករណីលួចម៉ូតូ មិនមែនជាករណីចាប់ក្មេងវះក្រលៀននោះទេ។

ទាក់ទិនរឿងនេះអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន ឱ្យដឹងថា ការបង្ហោះព័ត៌មានមិនពិតពីករណីចាប់ក្មេងនេះ អាចប្រឈមមុខនឹងផ្លូវច្បាប់ ប្រសិនបើអ្នកប្រព្រឹត្តមានចេតនាទុច្ចរិត បំផ្លើសការពិត នាំឱ្យមានអសន្តិសុខក្នុងសង្គម។ យ៉ាងណា លោក ជិន ម៉ាលីន បន្តថា ករណីចាប់ខ្លួនលើកដំបូងលើអ្នកបង្ហោះព័ត៌មានបំប៉ោងករឿងវះក្រលៀននេះ គឺកំពុង ស្ថិតក្នុងនីតិវិធីស៊ើបអង្កេត។

លោក ជិន ម៉ាលីន «បើសិនគ្រាន់តែយើងបង្ហោះក្នុងការចែករំលែកព័ត៌មានដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្ន ឱ្យ មានចំណាត់ការផ្ទាល់ខ្លួន ឬក៏ឱ្យសមត្ថកិច្ចមានចំណាត់ការដើម្បីជាប្រយោជន៍សង្គមអាហ្នឹងមិនមែនជាបទល្មើសទេ។ ក៏ ប៉ុន្តែក្នុងន័យថា ការបង្ហោះដើម្បីបង្កភាពចលាចល បង្កភាពអសន្តិសុខ បំភ្លៃ បំផ្លើស បំភ័ន្ត ដើម្បីបន្ទោសវាយប្រហារភាគី ណាមួយ អាហ្នឹងជាចេតនាទុច្ចរិត ហើយបើព្រះរាជអាជ្ញាមានចេតនាទុច្ចរិត គេមើលទៅលើទិដ្ឋភាពច្បាប់ថាវាចូលក្នុងបទ ល្មើសអី គេហ្នឹងចោទទៅលើបទល្មើសហ្នឹង»។

របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា  ព័ត៌មានដែលប្រជាពលរដ្ឋបានរាយការណ៍មកនគរបាល ករណីសង្ស័យពីការចាប់ក្មេងមានសរុបចំនួន ១៥ ករណី ប៉ុន្តែករណីចាប់ក្មេងពិតប្រាកដមានតែ មួយករណីតែប៉ុណ្ណោះ ក្នុង ឆ្នាំ២០១៧នេះ។

ករណីចាប់ក្មេងមួយករណីនេះ គឺកើតឡើងនៅខេត្តកំពង់ស្ពឺ ដោយជនសង្ស័យជាម្តាយអ៊ុំបានជំរិតប្រាក់ ៤ ពាន់ដុល្លារពីឪពុក ម្តាយកុមារនោះ។ ករណីនេះតុលាការបានចោទប្រកាន់ស្រ្តីនោះពីបទបង្ខាំងមនុស្សទារប្រាក់ ដែលអាចប្រឈមមុខជាប់ ពន្ធនាគារពី ១៥ ទៅ ៣០ឆ្នាំ៕

Share

Image
Image
Image