en     km
en     km

បទវិភាគ៖ ដំណោះ​ស្រាយអគារប៊ូឌីញ-គំរូអហឹង្សា(មានសំឡេង)

Share

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង ៤០០ គ្រួសារនៃអគារប៊ូឌីញ បានចាកចេញអស់គ្មានសល់កាលពីសប្តាហ៍មុន បន្ទាប់ពីពួកគេ ទទួលបានសំណង។

ក្រសួងដែនដីនរគរូបនីយកម្ម និងសំណង់  បានដើរតួជាអ្នកសម្របសម្រួលរវាងពលរដ្ឋ និងក្រុមហ៊ុន អារ៉ាកាវ៉ា (Arakawa) របស់ជប៉ុនមុននឹងឈានដល់ដំណោះស្រាយចុងក្រោយ។ ដំណោះស្រាយចុងក្រោយ ដោយសន្តិវិធីទំនង ជាអាចក្លាយជាគំរូនៃដំណោះស្រាយវិបត្តិដីធ្លីដទៃទៀតក្នុងប្រទេសកម្ពុជា។

អគារប៊ូឌីញ«ស» ។រូបភាពwmc/កែវ សុខា
អគារប៊ូឌីញ«ស» ។រូបភាពwmc/កែវ សុខា

គ្មានទេសម្រែកបង្ហូរទឹកភ្នែក។ គ្មានទេការប្រើប្រាស់កម្លាំងប្រដាប់អាវុធឬកម្លាំងប្រជាការពារដើម្បីដាក់សម្ពាធចាប់បង្ខំឲ្យ ប្រជាពលរដ្ឋនៃអគារប៊ូឌីញចាកចេញពីលំនៅដ្ឋានរបស់ពួកគេ។ ផ្ទុយទៅវិញពួកគេបានចាកចេញពីជម្រកដ៏សុខសាន្តរបស់ ពួកគេដោយសន្តិវិធីនិងដោយពេញចិត្ត។

ក្រុមហ៊ុន អារ៉ាកាវ៉ា(Arakawa) របស់ជប៉ុនដែលទទួលសិទ្ធិវិនិយោគនិងសាងសង់អគារថ្មីកំពស់ ២១ ដោយមិនមានការរំខាន ។ ពោលគឺជាដំណោះស្រាយមួយ ដែលមិនដូចជាបទពិសោធន៍នៃការបណ្តេញចេញក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅសហគមន៍បឹង កក់ និងសហគមន៍បុរីកីឡានោះទេ។

មានកត្តាមួយចំនួន ដែលគេអាចទាញជាផលវិញមានចេញពីដំណោះស្រាយជាមួយក្រុមប្រជាពលរដ្ឋនៃអគារប៊ូឌីញនេះ។

ទី១ កត្តាអ្នកសម្របសម្រួល។ ក្នុងកិច្ចដោះស្រាយលើអាគារប៊ុលឌិងនេះ ក្រសួងដែនដី នគររូបនីយកម្ម និងសំណង់បានដើរ តួជាអ្នកសម្របសម្រួលរវាងភាគីប្រជាពលរដ្ឋ និងក្រុមហ៊ុនអារ៉ាកាវ៉ា។ កិច្ចសម្របសម្រួលដែលឈរលើគោលការណ៍ចរចា គ្នាជាពិសេស ដោយមិនប្រើប្រាស់សម្ពាធនិងមិនមានការប្រើប្រាស់អំណាចចាប់បង្ខំឱ្យពលរដ្ឋទទួលយកនូវលក្ខខ័ណអ្វី មួយនោះទេ។

កត្តាទី២ គឺគោលនយោបាយសំណង។ ក្រុមហ៊ុន«អារ៉ាកាវ៉ា»របស់ជប៉ុន បានយល់ព្រមផ្តល់សំណងមួយសមរម្យជាថ្នូរឱ្យ ពលរដ្ឋប៊ូឌីញព្រមចាកចេញដោយស្ងាប់ចិត្ត។ តំលៃដែលក្រុមហ៊ុនផ្តល់ឱ្យនោះ គឺក្នុងមួយម៉ែតការ៉េចំនួន១៤០០ដុល្លារ។ គឺជាតម្លៃស្មើនឹងតម្លៃអចលនទ្រព្យនៃតំបន់ដែលពួកគេរស់នៅ។ ហើយតម្លៃសំណងនេះអនុញ្ញាតិឲ្យប្រជាពលរដ្ឋនៃអគារ ប៊ូឌីញទទួលបានជាសាច់ប្រាក់ចន្លោះពី ៣ម៉ឺន ទៅ ៦ម៉ឺនដុល្លារអាមេរិក។ ទឹកប្រាក់នេះអាចធ្វើឱ្យពលរដ្ឋអាចទិញដី ឬទិញ ផ្ទះសមរម្យសម្រាប់តាំងលំនៅថ្មីបាន។

អ្នកស្រី វង កន្ធថាយ ពលរដ្ឋរស់នៅអាគារប៊ូឌីញត្រៀមចាកចេញពីលំនៅដ្ឋាន។
អ្នកស្រី វង កន្ធថាយ ពលរដ្ឋរស់នៅអាគារប៊ូឌីញត្រៀមចាកចេញពីលំនៅដ្ឋាន។

បើយើងក្រឡេកមើលអតីតកាលបន្តិច ហើយប្រៀបធៀបជាមួយគោលនយោបាយសំណង របស់ក្រុមហ៊ុន ស៊ូកាកូអ៊ីន របស់ ចិននៅសហគមន៍បឹងកក់វិញ គឺមានគម្លាតគ្នាច្រើនណាស់។ ក្រុមហ៊ុន ស៊ូកាកូអ៊ីន បានផ្តល់សំណងឱ្យពលរដ្ឋបឹងកក់ចំនួន ៨ ពាន់ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគ្រួសារដែលធ្វើឲ្យមានការតវ៉ាថា សំណងនេះមិនស្របតាមតម្លៃដីធ្លីតាមទីផ្សារ។

ទីបំផុតការអភិវឌ្ឍក្នុងសហគមន៍បឹងកក់បានបង្កឲ្យមានការវាយតម្លៃថាគឺជាការបណ្តេញប្រជាពលរដ្ឋដោយបង្ខំ។

ការផ្តល់សំណងតិចតួច មិនសមរម្យបែបនេះ បានធ្វើឱ្យសហគមន៍បឹងកក់ក្លាយជាជនរងគ្រោះក្រោមស្លាក អភិវឌ្ឍទីក្រុង ភ្នំពេញ។ ហើយការណ៍នេះ បង្កឲ្យមានចលនាងើបឡើងតវ៉ាទាមទារបានផ្ទុះឡើងស្ទើររាល់ថ្ងៃ។

ទី៣ គឺកត្តាពលរដ្ឋ។ បទពិសោធន៍នៃជនរងគ្រោះក្នុងសហគមន៍បុរីកីឡា និងសហគមន៍បឹងកក់ទំនងជាបានក្លាយជាមេរៀន គួរឲ្យខ្លាចរអាសម្រាប់ពលរដ្ឋនៃអគារប៊ុលឌិង។ ហេតុនេះ បូកផ្សំជាមួយនឹងសំណងសមរម្យទៀតនោះ  ព្រមចាកចេញព្រោះ ខ្លាចជួបរឿងអកុសលដូចសហគមន៍ទាំងនោះ។ តែយ៉ាងណាការចាកចេញនេះ ក្រុមប្រជាពលរដ្ឋក្នុងអគារប៊ូឌីញ បានធ្វើការ សម្រេចចិត្តនិងទទួលយកដោយមិនបានរក្សាភាពលោភលន់ហួសប្រមាណនោះទេ។

សរុបមកវិញ ដំណោះស្រាយលើការអភិវឌ្ឍអាគារ ប៊ូឌីញ ទំនងជាអាចចាត់ទុកថាជាគំរូមួយសម្រាប់ការដោះស្រាយ គម្រោងអភិវឌ្ឍន៍ដទៃទៀត ក្នុងប្រទេសកម្ពុជា។ វាក៏អាចជាកញ្ចក់មួយដែលធ្វើឲ្យគេឆ្លុះបញ្ចាំងឡើងវិញសម្រាប់ទំនាស់ ដ៏ រ៉ាំរ៉ៃក្នុងសហគមន៍បឹងកក់និងសហគមន៍បូរីកីឡា ដែលកំពុងត្រូវការលាងសំអាតឲ្យជ្រះស្រឡះ។

បទពិសោធន៍នៃដំណោះស្រាយនៅអគារប៊ូឌីញ បានបង្ហាញនូវភាពចាស់ទុំ ភាពថ្លៃថ្នូរក្នុងរដ្ឋបាលនិងភាពវៃឆ្លាតក្នុងការដោះ ស្រាយបញ្ហាដែលគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា។ ហើយវាក៏ជាដំណោះស្រាយមួយដែលឆ្លើយតបទៅនឹង គោល នយោបាយ«ឈ្នះ ឈ្នះ» ដែលរាជរដ្ឋាភិបាលដាក់ឲ្យប្រើប្រាស់នាពេលកន្លងមកផងដែរ៕

Share

ព័ត៌មានទាក់ទង

Image