en     km
en     km

អង្គការ​ក្រៅរដ្ឋា​ភិបាល​សសម្តែងកា​រ​ព្រួយ​បារម្ភពីលំហប្រជាធិបតេយ្យ​ដោយសារ​ច្បាប់​គណបក្ស​នយោបាយថ្មី

Share

ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលចំនួន១៩ នៅថ្ងៃសុក្រនេះបានលើកពីកង្វល់អំពីអនាគតលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដែលអាចប៉ះពាល់ដោយសារច្បាប់ស្តីពីគណបក្សនយោបាយថ្មី។ មន្ត្រីគណបក្សប្រជាជនកម្ពុជាបកស្រាយថាការព្រួយបារម្ភរបស់ក្រុមអង្គការសង្គមស៊ីវិលមិនមានសំអាងគ្រប់គ្រាន់។

big-assembly

ក្រុមអង្គការសង្គមស៊ីវិលបានសម្តែងការព្រួយបារម្ភជាថ្មីម្តងទៀតថាច្បាប់ស្តីពីគណបក្សនយោបាយថ្មីនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍រួមនៅថ្ងៃសុក្រទី២៨ខែកក្កដានេះ អង្គការសង្គមសរុបចំនួន១៩ បានសរសេរថាសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ«នឹងផ្តល់អំណាចនិងសំអាងដល់គណបក្សកាន់អំណាចដើម្បីផ្អាកការអនុវត្តលទ្ធិប្រជាធិបតេយ្យ»នៅកម្ពុជា។

ការលើកឡើងនេះធ្វើឡើងក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញបានផ្តល់សុពលភាពដល់គណបក្សនយោបាយថ្មីដែលទើបនឹងត្រូវធ្វើវិសោធនកម្មជាលើកទី២ កាលពីថ្ងៃទី ២៥ខែកក្កដា។ ហើយច្បាប់ថ្មីនេះក្រុមអង្គការទាំងនោះកត់សម្គាល់ថាច្បាប់ស្តីពីគណបក្សនយោបាយថ្មីនេះជាច្បាប់ចុងក្រោយដែលមានការ«រឹតត្បិតដោយមិនសមហេតុផល»លើសេរីភាពបញ្ចេញមតិនិងសេរីភាពក្នុងការបង្កើតសមាគម។ ម្យ៉ាងវិញទៀតច្បាប់នេះមិនបានបំពេញកាតព្វកិច្ចជាអប្បបរមាស្តីពីសិទ្ធិមនុស្សដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងសន្ធិសញ្ញាអន្តរជាតិនានាដែលចងជាកាតព្វកិច្ចរបស់កម្ពុជានិង«បានរំលោភយ៉ាងធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។»

លោកសុខ ឥសាន្ត តំណាងរាស្ត្រនិងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានច្រានចោលការលើកឡើងរបស់ក្រុមអង្គការសង្គមនេះ។ «ការយល់ឃើញរបស់គាត់មិនត្រឹមត្រូវទេបាទទោះបីគាត់ប្រមូលផ្តុំប៉ុន្មានអង្គការក៏ដោយកុំថា១៩ «២០-៣០»ក៏ដោយក៏នៅតែមិនត្រូវដែរពីព្រោះច្បាប់នេះគឺសម្រាប់អនុវត្តគ្រប់គណបក្សនយោបាយទំាងអស់ដោយស្មើភាពមិនមានការគៀបសង្កត់គណបក្សនយោបាយណាមួយដោយទ្បែកនោះទេ»។

ច្បាប់ស្តីពីគណបក្សនយោបាយថ្មីមាន១១ជំពូកនិង៥០មាត្រា។ ច្បាប់នេះត្រូវបានធ្វើវិសោធនកម្មចំនួនពីរដងក្នុងរយៈពេលប្រាំមួយខែដែលក្រុមអង្គការក្រៅរដ្ឋាភិបាលនិងគណបក្សប្រឆាំងធ្លាប់បកស្រាយថាជាច្បាប់ដែលមានគោលដៅដាក់សម្ពាធលើអតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី។

ក្រុមអង្គការសង្គមទាំង១៩បានត្អូញត្អែរថាសំណើរនានារបស់ខ្លួនដែលបានដាក់ជូនព្រឹទ្ធសភានិងក្រុមប្រឹក្សាធម្មនុញដើម្បីឲ្យពិចារណាលើផលអវិជ្ជមាននៃច្បាប់ស្តីពីគណបក្សនយោបាយថ្មីនោះមិនត្រូវបានយកមកពិចារណានោះទេ។

លោកម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា លើកឡើងថាសំណើរក្រុមសង្គមស៊ីវិលទាំងនោះមិនប៉ះពាល់ដល់ទម្រង់និងគតិច្បាប់ថ្មីនោះទេ។មួយវិញទៀតការលើកឡើងទាំងនោះមិនមានសំអាងគ្រប់គ្រាន់។

បើយោងតាមលោកសុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ច្បាប់ស្តីពីគណបក្សនយោបាយថ្មីត្រូវបានប្រកាសឲ្យប្រើប្រាស់ហើយនៅថ្ងៃសុក្រនេះ៕

 

Share

Image
Image
Image