ភ្នំពេញ៖ មន្រ្តីបក្សកាន់អំណាច និងមន្ត្រីអង្គការសង្គមស៊ីវិល បានសំដែងការព្រួយបារម្ភចំពោះគម្រោងការកាត់ជំនួយបរទេសរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំងយល់ថាសហរដ្ឋអាមេរិកទំនងជាមិនកាត់ជំនួយដល់ប្រទេសកម្ពុជានោះទេ។ អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកមិនបកស្រាយចំៗលើកង្វល់នេះទេ។
កាលពីថ្ងៃពុធសប្តាហ៍មុន គណៈកម្មាធិការសភាអាមេរិកបានអនុម័តច្បាប់ថវិកាជំនួយរបស់សហរដ្ឋអាមេរិកទៅកាន់បរទេស ដោយកាត់ជំនួយចំនួន១០ពាន់លានដុល្លារសម្រាប់ក្រសួងការបរទេស ជំនួយសម្រាប់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID និងទីភ្នាក់ងារអង្គការអន្តរជាតិដទៃទៀត។
ក្រុមអ្នកនយោបាយកម្ពុជាព្រួយបារម្ភពីផលប៉ះពាល់ជំនួយសហរដ្ឋអាមេរិកមកកាន់កម្ពុជា។
អ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត មានប្រសាសន៍ថា ប្រសិនបើសហរដ្ឋអាមេរិកពិតជាកាត់ថវិកាជំនួយតាមរយៈ USAIDមែន កម្ពុជាក៏អាចទទួលរងផលប៉ះពាល់។ ប៉ុន្តែលោក សុខ ឥសាន្ត ជឿថាការកាត់ជំនួយនេះទំនងជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេ។ «មិនធ្ងន់ធ្ងរប៉ុន្មានទេប៉ះពាល់ដែរតែបើនិយាយថាមិនប៉ះពាល់វាក៏មិនសត្យានុម័តដែរវាប៉ះពាល់តែវាតិចតួចមិនធ្ងន់ធ្ងរទេក្នុងមួយឆ្នំាមកកម្ពុជាប្រហែល៧០លានដុល្លារតែប៉ុណ្ណោះទេ។ ហើយ៧០លានដុល្លារហ្នឹងភាគច្រើនមកតាមរយៈអង្គការក្រៅរដ្ឋាភិបាល»។
លោក សុខ ឥសាន្ត យល់ឃើញថាការកាត់ជំនួយនោះវាជាគ្រាន់តែជាគោលនយោបាយទូទៅរបស់រដ្ឋាភិបាលអាមេរិក។ ហើយប្រទេសកំ ពុងអភិវឌ្ឍសុទ្ធតែអាចប្រឈមការកាត់ជំនួយនេះដូចគ្នា។
ប្រធានក្រុមប្រឹក្សាភិបាលអង្គការតម្លាភាពកម្ពុជា និងជាអ្នកឯកទេសខាងអភិបាលកិច្ចល្អលោក ឱក សេរីសុភ័ក្រ យល់ឃើញដែរថាប្រសិន បើអាមេរិកពិតជាគ្រោងកាត់ជំនួយមែននោះប្រាកដណាស់ថាកម្ពុជាក៏អាចប្រឈមផងដែរ។
អ្នកឯកទេសខាងអភិបាលកិច្ចរូបនេះ បកស្រាយស្របគ្នាជាមួយអ្នកនាំពាក្យគណបក្សកាន់អំណាចដែរ។ «ស្ថាប័នរដ្ឋាភិបាលប្រហែលមិនប៉ះពាល់អីខ្លាំងទេព្រោះរដ្ឋាភិបាលគាត់មានប្រភពធនធានផ្សេងក៏ប៉ុន្តែបើសិនជាយើងគិតអំពីស្ថាប័នក្រៅរដ្ឋាភិបាលអាចប៉ះពាល់ធ្ងន់ធ្ងរគួរសមដែរ»។
លោក សុន ឆ័យ តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា យល់ថាប្រទេសកម្ពុជាទំនងជាមិនទទួលរងការកាត់ជំនួយពីសហរដ្ឋអាមេរិកនោះទេ។ «ទី០១ជំនួយមកកម្ពុជាមិនមានអីធំធេងនោះទេដោយអាមេរិកមានកម្មវិធីជួយជួយនៅក្នុងវស័យសុខាភិបាល និងវិស័យអប់រំមួយចំនួនទៀត មួយទៀតសហរដ្ឋអាមេរិកមានកត្វកិច្ចបន្តជួយស្តារកម្ពុជាដូចជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសអាមេរិកជាហត្ថលេខីផងដូច្នេះខ្ញុំជឿថានឹងមិនមានសកាត់ជំនួយនោះទេ»
តែយ៉ាងណាក៏ដោយចុះ លោក សុន ឆ័យ សម្តែងការព្រួយបារម្ភដែរថាប្រសិនបើអាមេរិកកាត់ជំនួយមកដល់កម្ពុជានោះគឺការកាត់ជំនួយក្នុងការផ្តល់នៃការផលិតសម្លៀកបំពាក់ និងស្បែកជើងយកទៅលក់នៅអាមេរិក។ ដោយទ្បែកលោកថាបើការកាត់ជំនួយទៅលើវិស័យសុខាភិ បាល និងខាងវិស័យអប់រំវិញនោះគឺមិនសូវប៉ះពាល់ធ្ងន់ធ្ងរដល់កម្ពុជានោះទេព្រោះជំនួយនេះមានទំហំតិចតួចតែប៉ុណ្ណោះ។
អ្នកនាំពាក្យរងស្ថានទូតសហរដ្ឋអាមេរិកប្រចាំក្រុងភ្នំពេញលើកឡើងថាការសម្រេចកាត់បន្ថយឬបង្កើនជំនួយអន្តរជាតិជាផ្លូវការចុងក្រោយនឹងត្រូវធ្វើឡើងក្នុងកិច្ចប្រជុំថវិកាប្រចាំឆ្នាំ នៅចុងឆ្នាំនេះ។
លោកដេវីដ ជោសា អ្នកនាំពាក្យរងស្ថានទូតបានឆ្លើយតបនឹងសំណួររបស់វិទ្យុស្ត្រីតាមសារអេឡិកត្រូនិក ឬអ៊ីម៉ែលថា «សហរដ្ឋអាមេរិកមានមោទនភាពដោយបានធ្វើជាដៃគូរយៈពេលជាច្រើនទសវត្សមកហើយជាមួយប្រជាពលរដ្ឋនិងរដ្ឋាភិបាលកម្ពុជា»។
តាមអ្នកនាំពាក្យដដែលចាប់តាំងពីឆ្នាំ១៩៩២មកសហរដ្ឋអាមេរិកបានវិនិយោគច្រើនជាង១ពាន់លានដុល្លារអាមេរិកដើម្បីជួយលើកកំពស់ផ្នែកសុខាភិបាល ផ្នែកអប់រំ សម្រាប់ធ្វើឲ្យប្រសើរឡើងក្នុងវិស័យកសិកម្ម ផ្នែកការពារបរិស្ថាន និងវិស័យសិទ្ធិមនុស្ស៕