គ្មានទេ ការចរចាដើម្បី បន្ថយភាពតានតឹង នៅលើឧបទ្វីបកូរ៉េ គឺមានតែចលនាឆ្ពោះទៅរកសង្រ្គាមដែល អ្នកសង្កេតការណ៍ព្រមានថា បើសង្រ្គាមផ្ទុះឡើងមែននោះ គឺពិភពលោក នឹង ជួបវិនាសកម្ម ធ្ងន់ធ្ងរបំផុត។ ជាថ្មីទៀតនេះ ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានចុះផ្សាយនៅថ្ងៃពុធទី២៦ កក្កដានេះថា កូរ៉េខាងជើង នឹងបាញ់កាំជ្រួចអន្តរទ្វីបមួយលើកទៀត ដើម្បី ជាការរម្លឹក សទិ្ធសញ្ញា យុទ្ធសន្តិភាពបញ្ឈប់សង្គ្រាម កូរ៉េឆ្នាំ ១៩៥០-៥៣។ ដោយសារព័ត៌មាននេះ ទាំងអាមេរិក និងចិន ក៏បានប្រកាស ត្រៀមកងទ័ពនិងគ្រឿងសព្វាវុធដើម្បី ការពារខ្លួននិង វាយលុក ចូលកូរ៉េខាងជើង ប្រសិន សង្រ្គាម ផ្ទុះឡើង។
លោកសេរីវឌ្ឍនៈ ជូនសេចក្ដីពិស្ដារ ! ———————–
នេះជាចំណោទមួយ ដែលយើង ត្រូវធ្វើការវិភាគ ឱ្យទាន់សភាពការណ៍។ ជាការពិតណាស់ អ្វីដែលកូរ៉េខាងជើងព្រមានគឺតែងតែកើតឡើង គឺវាកើតមានដូចនេះ ជាច្រើនលើកមកហើយ ដោយ ម្ដងៗធ្វើឱ្យ ពិភពលោក ភ្ញាក់ផ្អើលនិង តក់ស្លត់ យ៉ាងខ្លាំង។ ជាក់ស្ដែង កាលពីថ្ងៃទី៤កក្កដា រដ្ឋផ្ដាច់ការនេះ បាន បាញ់កាំជ្រួចអន្តរទ្វីបមួយលើកទៀត ដែលកាំជ្រួចនេះ បានហោះ បានជិត១០០០គីឡូម៉េត្រ ដោយ ប្រើរយៈពេលតែ៤០នាទីប៉ុណ្ណោះ។ ការបាញ់កាំជ្រួចនេះ គឺជាការប្រាប់ជាមុន ថា កូរ៉េខាងជើងមានសមត្ថភាពអនុវត្តយុទ្ធសាស្ត្រសង្រ្គាម កាំជ្រួចនិងនុយក្លេអ៊ែរ បាញ់ លើ គូសត្រូវរបស់ខ្លួន ដូចជាអាមេរិក ជប៉ុនជាដើម។ ជាថ្មីទៀតនេះ កូរ៉េខាងជើង នឹងបាញ់កាំជ្រួចអន្តរទ្វីប(ICBM) ដើម្បី រម្លឹកការចងចាំនៃ សទិ្ធសញ្ញា យុទ្ធសន្តិភាពបញ្ឈប់សង្រ្គាម កូរ៉េ ថ្ងៃទី២៧ កក្កដា១៩៥៣។ បើតាមប្រព័ន្ធផ្សព្វផ្សាយរបស់ កូរ៉េខាងត្បូង កូរ៉េខាងជើង បានត្រៀមរួចហើយ ដើម្បី បាញ់កាំជ្រួចល្បឿនលឿនបំផុតនេះ។
បើតាម មន្ត្រីចារកម្ម កូរ៉េខាងត្បូង កងទ័ព កូរ៉េខាងជើង មាន ទាំង ជើងគោក កង ម៉ា រី ន និង ទ័ពអាកាស នៃ កងទ័ព ប្រជាជន កូរ៉េ បាន ប្ដេជ្ញា ថា ពួកគេ ត្រៀមលក្ខណៈ រួចរាល់ ក្នុងការ ដឹកនាំ ការធ្វើ សង្គ្រាម ប្រឆាំង សហរដ្ឋអាមេរិក បើសិន មានការ ឈ្លានពាន ណាមួយ។
ដោយសារកូរ៉េខាងជើងត្រៀមបាញ់កាំជ្រួចអន្តរទ្វីបធ្វើឱ្យចិនត្រៀមទ័ពការពារខ្លួន
កាសែត The Wall Street Journal បានរាយការណ៍ថា ចំពេល ពេលមានការភ័យខ្លាច សង្រ្គាមឧបទ្វីបកូរ៉េ ផ្ទុះឡើង ដោយសារតែ កូរ៉េខាងជើង បន្តបាញសាកល្បង កាំជ្រួច អន្តរទ្វីប ប្រទេសចិន បាន ចល័តទ័ពរបស់ខ្លួនជាច្រើនពាន់នាក់ មកដាក់ពង្រាយ នៅតាមព្រំដែនជាប់កូរ៉េខាងជើង។ ប្រភពបន្តថា លើកនេះ ចិនបានដាក់ពង្រាយកាំជ្រួច រួចហើយ ដើម្បីការពារប្រទេស។
តែអ្នកសង្កេតការណ៍ព្រមានថា ចិនអាចប្រើប្រាស់ ប្រព័ន្ធការពារខ្លួន ដោយ វាយលុក ភ្លាមៗ ទៅលើកូរ៉េ ខាងជើង ហើយអាច ទម្លាក់របបគីមជុងអ៊ុនបានទៀតផង បើ ក្រុងប៉េកាំង ចង់បញ្ចប់របបដែលធ្វើឱ្យពិភពលោក ភ័យខ្លាច។តែអ្នកសង្កេតការណ៍ក៏គិតថា ការចល័តទ័ព និង សព្វាវុធទំនើបៗនេះ អាចជាប្រាប់ទៅអាមេរិកថា ចិន ក៏មានសិទ្ធិ ដើម្បី ការពារដែនអធិបតេយ្យ របស់ខ្លួន ហើយ អាច វាយប្រហារ លើ គូសត្រូវបានទៀតផងបើ ការវាយប្រហារណាមួយ មកលើ ទឹកដីរបស់ខ្លួន។ ករណីនេះគេអាចគិតថា ក្រុងប៉េកាំងក៏អាចប្រើប្រាស់តួនាទីរបស់ខ្លួន ដើម្បី លុកលុយ ក្រុងព្យុងយ៉ាងបានដែរ។ តាមប្រភពព័ត៌មាន ដដែលនេះ ចាប់តាំង ខែមេសាមក ចិន បានដាក់ពង្រាយកងទ័ព ចំនួន ១៥ម៉ឺននាក់រួចហើយ នៅតាមព្រំដែន ជាមួយកូរ៉េខាងជើង។
អាមេរិកព្រមានបាញ់ទម្លាក់កាំជ្រូច កូរ៉េខាងជើង
បន្ទាប់ពី ព្រមាន កូរ៉េខាងជើង មិនបានសម្រេចដែលឲ្យបញ្ឈប់ការបាញ់សាកល្បងកាំជ្រួចអន្តរទ្វីបសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចទាំងសេដ្ឋកិច្ចនិងសព្វាវុធបានត្រៀមរៀបចំរួចហើយដើម្បីធ្វើសង្រ្គាមវាយលុកទីក្រុងព្យុងយ៉ាងប៉ុន្តែអ្វីដែលនាំឲ្យមានភាពតានតឹងកាន់តែខ្លាំងនោះគឺដោយសារតែអាមេរិកបានដាក់ពង្រាយកាំជ្រួចតាមព្រំដែនកូរ៉េខាងត្បូងដើម្បីកំទេចកាំជ្រួចរបស់កូរ៉េខាងជើង។ ជាថ្មីម្តងទៀតនេះមេទ័ពអាមេរិកជាច្រើនបានព្រមានថា នឹងបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើងបើសិនបើក្រុងព្យុងយ៉ាងបន្តបាញ់កាំជ្រួចអន្តរទ្វីបជាថ្មីទៀតនេះ។ ការព្រមានរបស់សហរដ្ឋអាមេរិកនាំឲ្យអ្នកសង្កេតការណ៍មើលឃើញថា
សង្គ្រាម ពិតផ្ទុះឡើងដែលពេលនោះហើយកងទ័ពអាមេរិកដែលមានជិត៤ម៉ឺននាក់ដាក់ពង្រាយនៅតាមព្រំដែនកូរ៉េខាងត្បូងនោះគឺត្រូវតែវាយលុកក្រុងព្យុងយ៉ាង។ ប៉ុន្តែអ្នកជំនាញយោធារបស់អាមេរិកប្រាប់ថា ដើម្បីយកជ័យជំនះលើកូរ៉េខាងជើងគឺគេត្រូវប្រើយន្តហោះចម្បាំងឲ្យច្រើនបំផុតវាយសន្ធប់ទៅលើកូរ៉េខាងជើង។ ប៉ុន្តែបើសង្គ្រាមផ្ទុះឡើងគឺមិនមែនសង្រ្គាមអាមេរិកកូរ៉េខាងជើងនោះទេគឺអាចមានកូរ៉េខាងត្បូងនិងជប៉ុនទៀតផង។ ទ័ពកូរ៉េខាងត្បូងធ្លាប់មានបទពិសោធន៍រួចហើយក្នុងការធ្វើសង្គ្រាមឆ្នាំ១៩៥០-៥៣ដែលនៅពេលនោះផ្តល់មកនូវបទពិសោធន៍ដ៏ឈឺចាប់បំផុតធ្វើឲ្យប្រទេសបងប្អូននឹងគ្នានេះព្រាត់ប្រាស់គ្នាមកដល់ពេលនេះ។ បើ សង្គ្រាមនេះផ្ទុះឡើង គេនឹងបានឃើញកងទ័ពចិនជាថ្មីម្តងទៀត នៅ ក្នុងទឹកដីកូរ៉េខាងជើងដែលប្រទេសនេះធ្លាប់មានវត្តមានម្តងនៅក្នុងសង្គ្រាម១៩៥០-៥៣។ ប៉ុន្តែអ្នកវិភាគនិងអ្នកសង្កេតការណ៍មើលឃើញថា ទាំងកងទ័ពចិននិងកងទ័ពអាមេរិក ប្រសិនបើឈ្នះសង្គ្រាមលើកូរ៉េខាងជើងនោះគឺពួកគេនឹងទៅជួបគ្នានៅកណ្តាលទីក្រុងព្យុងយ៉ាង៕
ប្រែសម្រួលដោយ នួន បូរិន