ភ្នំពេញ៖ ប្រទេសកម្ពុជាបានបញ្ជាឲ្យជនបរទេសដែលចិញ្ចឹមកូនដែលបានពីការពរពោះជំនួសរបស់មាតាសញ្ជាតិកម្ពុជាផ្តល់ព័ត៌មានស្តីពីការវិវត្តរបស់កូនពួកគេជាប្រចាំ។មន្ត្រីក្រសួងកិច្ចការនារីអះអាងថាក្នុងពេលនេះរដ្ឋាភិបាលកំពុងរៀបចំច្បាប់ដើម្បីហាមឃាត់ការពរពោះជំនួស។
រាជរដ្ឋាភិបាលកម្ពុជាបានបង្គាប់ដល់ជនបរទេសដែលជាឱពុកម្តាយរបស់ទារកដែលបានពីការពពោះជំនួសដោយស្ត្រីខ្មែរ ឲ្យផ្តល់ព័ត៌មានប្រ ចាំឆ្នាំទាក់ទងនឹងការអភិវឌ្ឍផ្នែករាងកាយនិងផ្លូវចិត្តរបស់កូនពួកគេ។
សេចក្តីបង្គាប់ធ្វើឡើងក្នុងកិច្ចប្រជុំរវាងសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាមួយនឹងតំណាងស្ថានទូតបរទេសចំនួន១៩ ដើម្បីផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីបែបបទនិងនិតិវិធីសម្រាប់ការស្នើសុំទារក ការពពោះជំនួសដើម្បីយកកូនចិញ្ចឹមក្រៅប្រទេស។
លោកស្រីជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស បានប្រាប់ស្ត្រីFM ១០២ នៅថ្ងៃពុធនេះថាកិច្ចស្នើសុំដល់ភាគីជនបរទេសនោះដើម្បីជាកិច្ចសហការរួមគ្នាសម្រាប់ការគ្រប់គ្រងការពពោះជំនួសដោយស្ត្រីកម្ពុជា។
«យើងអំពាវនាវឱ្យមកដាក់ពាក្យទៅពីព្រោះថាអំទ្បុងពេលគឺយើងទទួលស្គាល់ថាវាមានរឿងហ្នឹងកើតទ្បើងហើយប៉ុន្តែយើងមិនឱ្យមានករណីថ្មីកើតឡើងទេពីព្រោះយើងបាននឹងកំពុងរៀបចំច្បាប់ហ្នឹងហើយបើសិនជាជូនដំណឹងហើយផ្សព្វផ្សាយហើយ យើងដាក់តាមគ្រប់ប្រព័ន្ធព័ត៌មានហើយហើយនៅតែមានអ្នកធ្វើអីចឹងទៀតអីចឹងបំពានច្បាប់ហើយ»។
ក្នុងចំណោមតំណាងស្ថានទូតទាំង១៩ រួមមានតំណាងមកពីប្រទេសអាមេរិក អូស្ត្រាលី ចិន ប្រទេសជប៉ុន ថៃ ប្រទេសម៉ាឡេស៊ី សហភាពអឺរ៉ុប ប្រទេសឥណ្ឌា និងទីម័រជាដើម។
លោកស្រីជូ ប៊ុនអេង បញ្ជាក់ថាមានតែតំណាងស្ថានទូតអូស្ត្រាលីមួយប៉ុណ្ណោះ ដែលបានធ្វើការបកស្រាយជុំវិញការពរពោះនិងការចិញ្ចឹមកូនពីការពរពោះជំនួសនេះ។ ប៉ុន្តែលោកស្រីមិនបានលំអិតបន្ថែមនោះទេ។
យ៉ាងណាក៏ដោយក្រសួងមហាផ្ទៃបានទាមទារឲ្យឪពុកម្តាយដែលចិញ្ចឹមកូនពីការពរពោះជំនួសនោះត្រូវផ្តល់ឯកសារមួយចំនួនរួមទាំងអា ស័យដ្ឋានអចិន្ត្រៃ លក្ខខ័ណ្ឌរស់នៅរបស់ពួកគេ ប្រាក់ចំណូល និងលិខិតកំណើតរបស់ទារកជាដើម។
ក្រៅពីនោះឪពុកនៃកុមារពពោះជំនួសត្រូវដាក់ឯកសារទៅកាន់តុលាការនិងបង្ហាញភស្តុតាងនៃ អាដេអិន ដូចគ្នារវាងឪពុកនិងកូន។
កាលពីពេលថ្មីៗនេះលោកស្រី ជូ ប៊ុនអេង បានប្រកាសឲ្យដឹងថាចាប់ពីពេលនេះរហូតដល់ឆ្នាំ២០១៨ ស្ត្រីកម្ពុជានឹងមិនត្រូវអនុញ្ញាតឲ្យស៊ីឈ្នួលពពោះឲ្យជនបរទេសទៀតទេ មូលហេតុគឺដើម្បីចៀសវាងការជួញដូរទារកទៅក្រៅប្រទេស។ បម្រាមខណៈដែលមានស្ត្រីខ្មែរប្រមាណ៣០នាក់បានស៊ីឈ្នួលពពោះជំនួសជនបរទេសចាប់តាំងពីឆ្នាំ២០១៦មក។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចុះហត្ថលេខាលើគោលការណ៍បណ្តោះអាសន្នមួយកាលពីខែមីនា ឆ្នំា២០១៧ អនុញ្ញាតិឱ្យនំា យកទារកដែលពពោះជំនួសដោយស្រ្តីកម្ពុជាទៅកាន់បរទេស។ ហើយគោលការណ៍បណ្តោះអាសន្ននេះតម្រូវឱ្យជនបរទេសដែលចង់បានទារកពីផ្ទៃម្តាយកម្ពុជាដែលពរពោះជំនួសនោះមកដាក់ពាក្យស្នើសុំពីក្រសួងមហាផ្ទៃ។
នៅពេលនេះក្រសួងយុត្តិធម៌ និង ក្រសួងកិច្ចការនារី រួមទាំងផ្នែកពាក់ពន្ធ័មួយចំនួនទៀតកំពុងរៀបចំបង្កើតច្បាប់ទប់ស្កាត់ករណីផ្តល់សេវាស៊ីឈ្នួលពពោះឱ្យជនបរទេសតទៅទៀត។
លោកស្រី សាខឿន សាវ៉ាឌី មន្ត្រីទទួលបន្ទុកផ្នែគច្បាប់របស់ក្រសួងកិច្ចការនារី បានឲ្យដឹងនៅថ្ងៃនេះដែរថាក្រសួងកិច្ចការនារី បានពិភាក្សាជាមួយក្រសួងយុត្តិធម៌រួចហើយដើម្បីតាក់តែងច្បាប់ស្តីពីការទប់ស្កាត់ករណីផ្តល់សេវាស៊ីឈ្នួលពពោះឲ្យជនបរទេស។ ហើយកិច្ចប្រជុំអន្តរក្រសួងមួយនឹងធ្វើឡើងនៅសប្តាហ៍។កិច្ចប្រជុំដែលនឹងចូលរួមដោយក្រសួងមហាផ្ទៃ យុត្តិធម៌ សុខាភិបាល ក្រសួងការបរទេសនិងក្រសួងសង្គមកិច្ចជាដើម៕