ក្រុងភ្នំពេញ៖ មន្ត្រីគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថាស្រុកមួយចំនួននៅខេត្ត ព្រះវាហារ និង ឧត្តមានជ័យ កំពុងប្រឈមមុខនឹង ការជន់លិច ដោយសារទឹក ជំនន់។ ចំណែកឯ ខេត្ត កំពង់ធំនឹងរងគ្រោះធ្ងន់ជាងគេ។
លោក សេរីវឌ្ឍនៈ រាយការណ៍៖
អ្នកនាំពាក្យនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក កែវ វី បានប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៦កក្កដានេះថា ស្រុកឃុំមួយចំនួននៅខេត្ត ព្រះវិហារ ឧត្តមានជ័យ និង ខេត្ត កំពង់ធំកំពុងប្រឈមមុខនឹងការជនលិច តែ សម្រាប់ខេត្តកំពង់ធំ នឹងប្រឈមមុខធ្ងន់ជាងគេដែល លោក្ថា កំពស់ទឹកដល់ចំណុចប្រកាសអាសន្ននៅ ប៉ុន្មានថ្ងៃទៀតនេះ។
លោកបញ្ជាក់ថា ខេត្ត កំពង់ធំដែលអាចធ្ងន់ជាងគេនោះ ដោយសារ ភ្លៀងកំពុងធ្លាក់ឥតឈប់ឈរ រយៈពេល ៥ ថ្ងៃជាប់គ្នាដែលធ្លាក់ពីជួរភ្នំដងរែក នឹង ជួរភ្នំត្បែងនិងទឹកជំនន់ ធ្លាក់មកពីខេត្ត ខេត្ត ព្រះវិហារ នឹង ខេត្តឧត្តមានជ័យ ដែលធ្វើឲ្យទឹកភ្លៀងនិងបង្កឱ្យ ស្ទឹងសែនជនលិច ព្រោះកំពស់ទឹកឡើងកាលពីម្សិលមិញឡើងដល់ទៅ ១១,៤៨ ម៉ែត្រ ហើយថ្ងៃនេះស្ទឹងសែន ឡើងដល់ ១២.៩០ ម៉ែត្រ ដែលចំណុចប្រកាសអាសន្ន។
លោក កែវ វី បញ្ចាក់ទៀតថាបើឡើងដល់ចំនុច ១៣.៥០ ម៉ែត្រ គឺចំណុចនេះប្រកាសអាសន្ន ។ ករណីនេះ លោក អំពាវនាវដល់ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ននឹងរត់ទៅរកទីតាំងដែលខ្ពស់ផុតពីទឹក។
លោក កែវ វី៖ « ដូច្នេះប្រហែលជាក្នុងថ្ងៃនិង ប្រហែលជាអាចចូលដល់កម្រឹតប្រកាសអាសន្នហើយ ហើយអាជ្ញាធរមូលដ្ឋាននៅតាមបណ្តាខេត្តទាំង២ នេះបានជូនដំណឹងដល់ប្រជាពលរដ្ឋ ហើយរួមទាំងសមត្ថកិច្ចនៅតាមខេត្ត គឺថាត្រៀមលក្ខិណៈក្នុងការជម្រលបនៅទីទួលសុវត្ថិភាពដែលខាងយើងបានកំណត់នឹងណាស់។»
ខណៈខេត្តកំពង់ធំកំពុងប្រឈមមុខនឹងកំពស់ទឹកដែលឡើងដ៏គំហុកនេះ អភិបាលរងក្រុងស្ទឹងសែន លោក ពីង កែម បានឲ្យដឹងថា កំពស់ទឹកនៅក្រុងស្ទឹងសែនគឺឡើងដល់ចំណុចមួយដែលគួរឲ្យព្រួយបារម្ភ ហើយមកដល់ពេលនេះខាងអាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេដើម្បីជួយប្រជាពលរដ្ឋបើសិនមានករណីណាមួយកើតឡើង។
លោក ពីង កែម៖ យើងបានផ្សព្វផ្សាយទៅតាម បណ្តារសង្កាត់នៅតាមមាត់ស្ទឹង ឲ្យគាត់ជួយផ្សព្វផ្សាយ បន្តទៅកាន់ប្រជាពលរដ្ឋ ហើយយើងក៏បានទំនាក់ទំនងទៅកាន់គណៈកម្មការឲ្យត្រៀមសម្ភារះក្នុងករណីណាមួយជួបគ្រោះ។
ចំណែកនៅស្រុក ប្រាសាទសម្បូរ នឹង ប្រាសាទបារាំងនៃខេត្តកំពង់ធំនេះដែរ ក៏មានការប្រឈមមុខនឹងទឹកជំនន់នេះដែរ បានធ្វើឲ្យលិចផ្លូវមួយចំនួន ក្នុងស្រុកនេះ។
អភិបាលរងស្រុកប្រាសាទសម្បូរ លោក ខៀវ ប៉ា បានបញ្ជាក់ថា ទឹកជន់លិចនេះមិនបានធ្វើឲ្យផ្លូវដាច់នោះទេ តែ លិចលើថ្នល់មួយចំនួន។
លោក ខៀវ ប៉ា៖ «វាមិនដាច់ទេ តែវាជន់លិចប្រហែលជា ពីរបីកន្លែងដែរ ហើយប៉ះពាល់ៗ ដល់ដំណាំស្រូវខ្លះ បាទ!។
បើតាម អ្នកនាំពាក្យ គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺនៅឃុំមួយចំនួន នៅខេត្តកំពត ក៏កំពុងរងការជន់លិចដែរ។ លោកថា អាជ្ញាធរបានជូនដំណឹង ទៅពលរដ្ឋ ដើម្បីការពារសុវត្ថិភាព និងឱ្យទៅរកទីទួល បើ ការជន់លិចនេះកើតឡើង។តែ បើតាមបណ្ដាញសង្គម ស្រុកដែលរងការជន់លិច គឺឃុំមួយចំនួន នៅស្រុកទឹកឈូ៕